អាមេរិក​ប្រារព្ធ​ពិធី​រំឭក​គុណ​ដល់​អតីត​យុទ្ធជន​ជិត​២២​លាន​នាក់​

លោក​ប្រធានាធិបតី​ បារ៉ា់ក់ អូបាម៉ា ថ្លែង​ក្នុង​ពេល​ប្រារព្ធ​ពិធី​រំឭក​គុណ​ដល់​អតីត​យុទ្ធជន​​នៅ Arlington National Cemetery កាល​ពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា។

ខណៈ​ពេល​ដែល​ធ្វើ​ការ​ប្រារព្ធ​ពិធី​រំឭក​គុណ​អតីត​យុទ្ធជន​លើក​ចុង​ក្រោយ​បង្អស់​ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា​ បាន​ថ្លែង​អំណរ​គុណ​ដល់​អតីត​យុទ្ធជន​អាមេរិក ​ដែល​បាន​ការពារ​ដំណើរការ​បោះឆ្នោត​លក្ខណៈ​ប្រជាធិបតេយ្យ​របស់​អាមេរិក ដោយ​លោក​សំដៅ​ទៅ​លើ​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក Donald Trump​ ក្រោយ​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​។

សុន្ទរកថា​របស់​លោក អូបាម៉ា​ បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នៅ​ឯ​កន្លែង​បញ្ចុះ​សព Arlington National Cemetery ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​រដ្ឋធានី​វ៉ាស៊ីនតោន​ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ថ្លែង​អំណរគុណ​ដល់​អតីតយុទ្ធជន​ជិត​២២​លាន​នាក់។

លោក​ប្រធានាធិបតី​បាន​ចូលរួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​ចំពោះ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​របស់​ទាហាន​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ ដែល​បាន​ពលី​ជីវិត​របស់​ខ្លួន។

នៅ​ក្នុង​ពិធី​ដ៏​ស្រងូត​ស្រងាត់​នោះ លោក អូបាម៉ា​ បាន​ឈរ​ទល់​មុខ​កម្រង​ផ្កា​ដោយ​ស្មឹងស្មាត ​ហើយ​ដាក់​ដៃ​ស្តាំ​លើ​ទ្រូង​ខាងឆ្វេង ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​ផ្លុំ​ត្រែ​អម​ជាមួយ​ផង​ដែរ​នោះ៕