កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកប្រារព្ធទិវារំឭកយុទ្ធជនពលី។ ដោយសារប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងទស្សនកិច្ចនៅប្រទេសជប៉ុន ដូច្នេះលោកអនុប្រធាន Mike Pence បានដាក់កម្រងផ្កានៅកន្លែងបញ្ចុះសពយុទ្ធជននៅ Arlington ជាប់រដ្ឋធានីវ៉ាស៊ីនតោន។
មុនពេលវិលត្រឡប់មកមាតុភូមិវិញ លោក Trump ថ្លែងសុន្ទរកថានៅថ្ងៃឈប់សម្រាកនៅថ្ងៃអង្គារដោយថ្លែងទៅកាន់កងទ័ពអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹក Yokosuka នៅជិតទីក្រុងតូក្យូ។ លោកថ្លែងអំពី «លក្ខណៈជាសកលនៃភាពជាដៃគូរវាងជប៉ុន និងសហរដ្ឋអាមេរិក»។
នៅទីបញ្ចុះសពយុទ្ធជននៅ Arlington លោក Pence បានប្រាប់ឥស្សរជនយោធារាប់រយនាក់និងសាច់ញាតិថា ពលិកម្មរបស់យុទ្ធជនទាំងនេះធំធេងណាស់ដែលស.រ.អា. «មិនអាចតបស្នងវិញឲ្យបានពេញលេញ។ ការពលីជីវិតដើម្បីជាតិនេះមិនមានអ្វីប្រៀបធៀបបានទេ»។
លោកបានមានប្រសាសន៍ថា «យើងនឹងមិនអាចភ្លេចពួកគេបានទេ ហើយយើងនឹងមិនដែលភ្លេចគោរពពួកគេទេ។កាតព្វកិច្ចរបស់ពួកគេគឺបម្រើជាតិ។ កាតព្វកិច្ចរបស់យើងគឺផ្តល់កិត្តិយសដល់ពួកគេ»។
ព្យុះហយាត្រា និងពិធីរំឭកការចងចាំធ្វើឡើងនៅក្នុងទីក្រុងទាំងតូចទាំងធំកាលពីថ្ងៃចន្ទដើម្បីរំឭកនូវការលះបង់មិនអាចកាត់ថ្លៃដែលជនជាតិអាមេរិកាំងរាប់សែននាក់បានទ្រទ្រង់ដើម្បីសេរីភាពរបស់ប្រទេសដែលមានអាយុ២៤៣ឆ្នាំមកនេះ។
ជនជាតិអាមេរិកប្រមាណ១លាន១សែននាក់បានស្លាប់នៅក្នុងជម្លោះ ប៉ុន្តែចំនួនស្លាប់ច្រើនបំផុតជិតកន្លះលាននាក់គឺនៅក្នុងសង្គ្រាមស៊ីវិលនៅសតវត្សទី១៩ រវាងរដ្ឋភាគខាងជើងនិងរដ្ឋភាគខាងត្បូងអំពីបញ្ហាទាសភាព។ ចំនួនពលរដ្ឋអាមេរិកាំងស្លាប់ច្រើនបំផុតនៅក្នុងការប៉ះទង្គិចនៅក្រៅប្រទេសគឺមានជាង៤០ម៉ឺននាក់ក្នុងសង្គ្រាមលោកលើកទី២៕