សហរដ្ឋ​អាមេរិកដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់

រូបឯកសារ៖ នាវា​ឈ្មោះ​ថា A. Michel ដែល​មាន​ដាក់​ទង់​ជាតិ​អេមីរ៉ាត​អារ៉ាប់​រួម​នៅ​ក្នុង​ឆ្នេរ​សមុទ្រ​ Fujairah ​ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម កាល​ពី​ខែ​ឧសភា។

រដ្ឋបាល​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​អ៊ីរ៉ង់ ​ដែល​ដៅ​លើ​ក្រុម​ហ៊ុន​ប៉េត្រូគីមី​ដ៏​ធំបង្អស់​របស់​ប្រទេស​នោះ។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ឧស្សាហកម្ម​ប៉េត្រូ​គីមី​ឈូង​សមុទ្រពែក​ឬ​ Persian Gulf Petrochemical Industries Company (PGPIC)​ ហើយ​និង​ក្រុមហ៊ុន​តូចៗ ​៣៩ ​របស់​ក្រុម​ហ៊ុន​នោះ​កាល​ពី​ថ្ងៃ​សុក្ រ​ដោយ​និយាយ​ថា ក្រុម​ហ៊ុន​នោះ​បាន​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ជាមួយ​ឆ្មាំ​ការពារ​បដិវត្តិន៍​របស់​អ៊ីរ៉ង់ ​ជាផ្នែក​មួយ​នៃ​យោ​ធា​របស់​អ៊ីរ៉ង់​ដែល​ទទួល​ខុស​ត្រូវ​កម្មវិធី​កាំជ្រួច​មីស៊ីល​បាលីស្ទិក​និង​នុយ​ក្លេអ៊ែ​របស់​ប្រទេស​នោះ។

​កាល​ពី​ខែ​មុន ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ចាត់​ទុក​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​ជា «អង្គការ​ភេរវជន​បរទេស» ​ជា​លើក​ទី​មួយ​ដែល​ជាចំណាត់​ការ​ប្រឆាំង​នឹង​ផ្នែកមួយ​នៃ​រដ្ឋាភិបាល​បរទេស។ វិធានការ​ណ៍​នេះ អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិកដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ដែ​ល​ផ្តល់ការគាំទ្រ​ខាង​សំភារៈ​ដល់ឆ្មាំការ​ពារ​បដិវត្តន៍​អ៊ីរ៉ង់។

រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​លោក Steven Mnuchin បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍កាល​ពី​ថ្ងៃ​សុក្រថា ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី ​ជា​ការ​ព្រមាន​មួយ​ថា ​យើង​នឹង​បន្ត​ដៅលើ​ក្រុម​និង​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ផ្នែក​ប៉េត្រូគីមី​និង​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីរ៉ង់។

ការដាក់​ទណ្ឌកម្ម​ថ្មី​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋ​បាល​របស់​ប្រធានា​ធិបតី ​ត្រាំ ស្វះ​ស្វែង​រក​បង្កើន​ការ​ដាក់​សម្ពាធ​ខាង​សេដ្ឋ​កិច្ច​និង​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់។​ ការ​តាន​តឹង​រវាង​ប្រទេស​ទាំង​២ ​បាន​កើន​ឡើង​ក្នុង​ប៉ុន្មានសប្តាហ៍​ថ្មីៗ​នេះ​បន្ទាប់​ពី​ការប្រហារ​លើ​នាវា​ដឹក​ប្រេង​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេសមុទ្រ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ស្តី​បន្ទោស​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់។ ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ពុំ​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ៕