អ្នក​ជំនាញ​ខាង​សុខភាព​របស់​អាមេរិកថា ជំងឺ​កូវីដ​១៩​អាច​សម្លាប់​មនុស្ស​១សែន​នាក់​ក្នុង​ប្រទេស

លោក​វេជ្ជបណ្ឌិត Anthony Fauci ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្តី​ពី​មេរោគ​កូរ៉ូណា​នៅ​សេតវិមាន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

អ្នកជំនាញ​ជាន់ខ្ពស់​ខាង​ជំងឺ​ឆ្លង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ទស្សន៍ទាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពលរដ្ឋ​អាមេរិកាំង​យ៉ាង​ហោច​ណាស់​ចំនួន​១សែន​នាក់​អាច​នឹង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ តួលេខ​នេះ​ស្មើ​នឹង​ចំនួន​៥០​ដង​នៃ​តួលេខ​អ្នក​ស្លាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​សហរដ្ឋអាមេរិក។

លោក Fauci បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា សហរដ្ឋអាមេរិក​អាច​នឹង​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​រហូត​ដល់​រាប់​លាន​នាក់។ គិត​ត្រឹម​ថ្ងៃ​អាទិត្យ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺកូវីដ១៩​ចំនួន​ជាង​១២៥.០០០ករណី ដែល​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក និង​អ្នក​ស្លាប់​ចំនួន​ជាង​២.២០០​នាក់ ហើយ​តួលេខ​នេះ​នៅ​តែ​បន្ដ​កើនឡើង​ជា​រៀងរាល់​ថ្ងៃ។

លោក​វេជ្ជបណ្ឌិត Fauci នាយក​មជ្ឈមណ្ឌល​ជាតិជំងឺ​ឆ្លង​និង​អាឡែកហ្ស៊ី​របស់​សហរដ្ឋអាមេរិក និង​លោក​វេជ្ជបណ្ឌិត Thomas Inglesby នាយក​នៃ​មជ្ឈមណ្ឌល​សម្រាប់​សន្ដិសុខ​សុខាភិបាល​នៃ​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​ច្រានចោល​ការ​លើកឡើង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ថា ការ​ស្នាក់នៅ​ក្នុង​ផ្ទះ និង​ការ​មិន​ជួបជុំ​គ្នា​ អាច​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺ​កូវដី១៩​បាន។

លោក ត្រាំ បាន​លើកឡើង កាល​ពី​សប្ដាហ៍​មុន​ថា ជំនួញ​ក្នុង​សហរដ្ឋអាមេរិក​អាច​នឹង​ដំណើរការ​ឡើង​វិញ​បាន​នៅ​ថ្ងៃ​បុណ្យ Easter Sunday ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ។

លោក Fauci បាន​និយាយ​ថា លោក​គាំទ្រ​ការ​បន្ធូរបន្ថយ​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​តំបន់​ណា​ដែល​មិន​សូវ​រងផលប៉ះពាល់​តែ​ប៉ុណ្ណោះ ប្រសិន​បើ​មាន​ការ​តេស្ត​គ្រប់គ្រាន់​សម្រាប់​តាមដាន​តំបន់​ទាំង​នោះ​។ ប៉ុន្តែ​លោក​ថ្លែង​ថា ស្ថានភាព​បច្ចុប្បន្ន​នេះគឺ​នៅ​មិន​ទាន់​ប្រាកដ​ប្រជា​នៅឡើយ​ទេ៕