អាមេរិក​ប្រគល់​មូលដ្ឋាន​អាកាស ​Bagram​ ឲ្យ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​បន្ទាប់​ពី​កាន់​កាប់​ជិត​២០​ឆ្នាំ​

រូប​ឯកសារ៖ ​មូលដ្ឋាន​អាកាស ​Bagram នៅ​ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១។

មន្ត្រី​សហរដ្ឋ​អាមេរិក​ពីរ​រូប​បាន​និយាយ​នៅ​ថ្ងៃ​សុក្រថា​យោធា​សហរដ្ឋ​អាមេរិក​បាន​ចាក​ចេញ​ពី​មូលដ្ឋាន​អាកាស ​Bagram ​ដែល​ជា​ចំណុច​សំខាន់​នៃ​សង្គ្រាម​បណ្តេញ​ពួក​តាលីបង់​និង​ពួក​អាល់កៃដា​ដែល​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ នៅ​អាមេរិក។

មន្ត្រី​ពីរនាក់​នេះ​បន្ត​ទៀត​ថា​មូលដ្ឋាន​អាកាស​នេះ​ត្រូវ​បាន​ប្រគល់​ទៅឱ្យ​កម្លាំង​សន្តិសុខ​និង​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន។នេះបើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​AP​ដែល​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ពីរ​រូប​ដោយ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​សុក្រ។​

មន្ត្រី​ម្នាក់ក៏បាន​និយាយ​ផង​ដែរ​ថា​មេបញ្ជាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​គឺ​ឧត្តម​សេនីយ៍​ Austin S Miller​ នៅ​តែ​រក្សាសមត្ថភាព​និង​អំណាច​ការពារ​កង​កម្លាំង​ទាំង​នេះ។​

ការ​ដក​កងទ័ព​នេះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​កងទ័ព​អាមេរិក​ចុង​ក្រោយ​ដែល​មាន​ចំនួន​ពី​២.៥០០​ទៅ​៣.៥០០​នាក់​បាន​ចាក​ចេញ​ឬ​ជិតចាកចេញ​ពី​អាហ្វហ្គានីស្ថាន​គឺ​ច្រើន​ខែ​មុន​ការ​សន្យា​របស់​លោក​ប្រធានាធិបតី​ Joe Biden ​ដែល​ថា​ពួកគេ​នឹង​ចាក​ចេញ​អស់​ត្រឹម​ថ្ងៃទី​១១​ខែ​កញ្ញា។​

ទាហាន​អង្គការអូតង់​ភាគ​ច្រើន​បាន​ចាក​ចេញ​ដោយ​ស្ងាត់​ស្ងៀម​រួច​ទៅ​ហើយ​នៅ​សប្តាហ៍​នេះ។​

សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​មនុស្ស​នៅ​ខែ​មុន​ច្រើន​ជាងខែ​ដទៃ​ទៀត​ចាប់​តាំង​ពី​កងទ័ព​សហ​រដ្ឋ​អាមេរិក​និង​អូតង់​បាន​ចូល​លុកលុយ​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​២០០១។​អំពើ​ហិង្សា​នៅ​សមរភូមិ​រវាង​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និង​ក្រុម​បះបោរ​តាលីបង់​បាន កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​ថ្ងៃ​ទី១​ខែឧសភា​នៅ​ពេល​កងកម្លាំង​អន្តរជាតិ​ដឹកនាំ​ដោយ​ស.រ. អា.​ចាប់​ផ្តើម​ដក​ចេញ​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី​Joe Biden៕