សហរដ្ឋ​អាមេរិក​សរសើរ​តួនាទី​របស់​ប៉ាគីស្ថាន​ក្នុង​ការ​ជំរុញ​​ដំណើរ​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន

គណៈប្រតិភូ​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​លោក Zalmay Khalilzad ពិភាក្សា​ជាមួយ​នឹង​ឧត្តមសេនីយ៍ Qamar Javed Bajwa (រូប​ស្តាំ​ទី២) នៅ​ក្នុង​ក្រុង Rawalpindi កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

លោក Zalmay Khalilzad បេសកជន​សន្តិភាព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ច្ងៃ​ចន្ទ​ម្សិលមិញ និង​បាន​នាំ​យក​នូវ​ការ​ថ្លែង​អំណរគុណរ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន សម្រាប់ «តួនាទី​ដ៏​សំខាន់» របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​នៅ​ក្នុង​ការ​សម្របសម្រួល​ឱ្យ​មាន​ការ​ចាប់ផ្ដើម​នៃ​ការ​ចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​នានា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ពាក់ព័ន្ធ​នានា។

កិច្ច​ចរចា​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន​នៅ​ក្នុង​រាជធានី​ដូហា ប្រទេស​កាតា ដោយ​អ្នក​តំណាង​ក្រុម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​រយៈពេល ៤ ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​អ៊ីស្លាម៉ាបាត បាន​ឱ្យ​ដឹង​ថា លោក Khalilzad និង​ប្រតិភូ​របស់​លោក បាន​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ Qamar Javed Bajwa មេបញ្ជាការ​យោធា​ប៉ាគីស្ថាន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​បាន​ឱ្យ​ដឹង​ថា‍៖ «លោក​ឯក​អគ្គរដ្ឋទូត Khalilzad បាន​សម្ដែង​ការ​ដឹងគុណ​ជំនួស​មុខ​ឱ្យ​សហរដ្ឋ​អាមេរិក ជា​ពិសេស​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី Imran Khan និង​លោក​ឧត្តមសេនីយ៍ Bajwa នៅ​ក្នុង​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​ចាប់ផ្ដើម​នៃ​កិច្ច​ចរចា​សន្តិភាព​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា និង​បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​ឱ្យ​មាន​ការ​គាំទ្រ​ក្នុង​តំបន់ និង​អនុ្តរជាតិ​លើ​ឱកាស​សន្តិភាព​ជា​ប្រវត្ដិសាស្ត្រ​នេះ»៕