សហរដ្ឋអាមេរិក ចាកចេញ​ជា​ផ្លូវការ​ពី​​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស

  • ​Reuters

រូបឯកសារ៖ ប្រតិភូ​មកពី​ប្រទេស​ជិត ២០០ ជួបជុំគ្នា​នៅ​ក្នុង​ទីក្រុង Bonn នៃ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​សរសេរ​អត្ថបទ​សម្រាប់​សន្ធិសញ្ញា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ថ្មី។ (រូបថត៖ UNFCCC)

សហរដ្ឋ​អាមេរិក បាន​ចាកចេញ​ជា​ផ្លូវការ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ថ្ងៃ​ពុធ​នេះ ដោយធ្វើ​ទៅ​តាម​ការ​សន្យា​រយ:ពេល​មួយ​ឆ្នាំ​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Donald Trump ក្នុង​ការ​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ជា​សាកល​មួយ​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ សហរដ្ឋ​អាមេរិក​ គឺ​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​បំផុត​ទី​ ២ ក្នុង​ពិភព​លោក។

ប៉ុន្តែ​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដ៏​ស្វិតស្វាញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នឹងកំណត់ថា​តើ​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ នឹង​ធ្វើ​បាន​យូរ​ប៉ុណ្ណា​ទេ។ គូប្រជែង​របស់​លោក Trump គឺ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​សន្យា​ថា​ សហរដ្ឋ​អាមេរិក​ នឹង​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​វិញ​ បើ​លោក​ជាប់​ឆ្នោត។

អ្នកស្រី Patricia Espinosa លេខាធិការ​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ ​(UNFCCC) ​បាន​និយាយ​ថា៖​ «ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក ​នឹង​ធ្វើ​ឲ្យ​មាន​ចន្លោះ​ប្រហោងនៅពេល​នេះ និង​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ជា​សកល​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ និង​មហិច្ឆតា​របស់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ»។

សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ភាគី​មួយ​នៃ​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ ​(UNFCCC) នេះ។ អ្នកស្រី Espinosa បាន​និយាយ​ថា ​លេខាធិការដ្ឋាន​នេះ​នឹង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​សហរដ្ឋ​អាមេរិក ដើម្បី​ចូល​រួមឡើង​វិញ​នៅ​ក្នុង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​នេះ»។

លោក​ Trump បាន​ប្រកាស​ពី​ដំបូង​អំពី​ចេតនារបស់​លោក​ក្នុង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ ២០១៧ ​ក្រោម​ហេតុផល​ថា កិច្ចព្រមព្រៀង​នេះ​ ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​លោក Trump ទើប​តែ​អាច​ដក​សហរដ្ឋ​អាមេរិក​ចេញ​ជា​ផ្លូវការ​បាន​នៅ​ពេល​នេះ ព្រោះ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​កិច្ច​ព្រមព្រៀង​នេះ​សិន។

ការ​ដក​ខ្លួន​ចេញ​នេះ ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ចំណោម​ប្រទេស​ជា​ហត្ថលេខី​ទាំង ១៩៧ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​នេះ៕