គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ការ​ខូចខាត​ប្រជាធិបតេយ្យ​កម្ពុជា​

រូប​ឯកសារ៖ លោក Steve Chabot សមាជិក​រដ្ឋសភាអាមេរិក ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ឆ្នាំ​២០១៩។

គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់​មួយ ដែលនឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​កម្ពុជា​ដែល​ពាក់​ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​ខូច​ប្រជាធិបតេយ្យ ប្រសិន​បើ​សេចក្តីស្នើច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​ពេញលេញ។

វិធានការ​ដាក់ទណ្ឌកម្ម​ដែល​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក ប្រសិន​បើ​សេចក្តី​ស្នើ​ច្បាប់​នេះ ត្រូវ​អនុម័ត​បន្ត​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក មាន​ដូច​ជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​ការ​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឬ​វីហ្សា (visa)​ ចូលទឹកដី​សហរដ្ឋ​អាមេរិក​ជា​ដើម។

សេចក្តី​ស្នើ​ច្បាប់​ស្តីពី «លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា» ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​លោក Steve Chabotសមាជិក​រដ្ឋសភា​មួយ​រូប​នៃ​គណ​បក្ស​សាធារ​ណរដ្ឋ​មក​ពី​រដ្ឋ Ohio និង​លោក Alan Lowenthal សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ California និង​ជា​សហប្រធាន​ក្រុម​សមាជិក​សភា​ចម្រុះ​គណបក្ស​ដែល​គិតគូ​ពីបញ្ហា​កម្ពុជា ​(The Congressional​ Caucus ​of Cambodia)។

លោក​ Steve Chabot បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​លោក​ថា៖ «លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​និង​បក្ខពួក​ត្រូវ​តែ​ប្រឈម​នឹង​ចំណាត់​ការ​ធ្ងន់ធ្ងរ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ឆ្លើយ​តបទៅ​នឹង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១៧ ដែល​ជា​ការ​បង្រ្កាប​មួយ និង​បាន​បន្ត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ»។

លោក Chabot បន្ត​ថា៖ «យើង​ត្រូវ​ឈរ​ជាមួយ​នឹង​ពលរដ្ឋ​កម្ពុជា​ស្រប​ពេល​លោក​ ហ៊ុន សែន​បន្ត​រឹត​ត្បិត​សិទ្ធិ​របស់​ពួកគេ និង​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។ សំណើ​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិប​តេយ្យ» នឹង​ធ្វើ​ឲ្យ​លោក​[ហ៊ុន សែន] ទទួល​ខុសត្រូវ​និង​គាំទ្រ​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ»។

ចំណែក​លោក Alan Lowenthal បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើថា៖ «របប​ផ្តាច់​ការ​បន្ត​ទៅ​មុខ​ក្រោម​លោក ហ៊ុន សែន គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​សន្យា​ធ្វើ​ឡើង​ចំពោះ​ពលរដ្ឋ​កម្ពុជាក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១។ ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ជា​ផលវិបាក​ដែល​លោក​ហ៊ុន សែន​និង​របប​ដឹកនាំ​របស់​លោក​ត្រូវ​រ៉ាប់រង​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ឥត​សំចៃ​មក​លើ​សេរីភាព​របស់​ប្រជាជន​កម្ពុជា»។​

រូប​ឯកសារ៖ សមាជិក​សភា​អាមេរិកលោក Alan Lowenthal កាល​ពី​ឆ្នាំ​២០១៧។

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»​នេះ ត្រូវ​ឆ្លង​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​កិច្ច​ប្រជុំសភា​ពេញ​អង្គ​មុន​ត្រូវ​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​និង​អនុម័ត។ ហើយ​ចុង​ក្រោយដាក់​ទៅ​ការិយាល័យ​របស់​ប្រធានា​ធិបតីអាមេរិក ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់។

នៅ​មុន​ការ​ចេញ​នូវ​សេចក្តី​ស្នើ​ច្បាប់​នេះ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»​ឆ្នាំ​២០១៩ លេខ​៥២៦ និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា» ឆ្នាំ​២០១៨ លេខ​៥៧៥៤ ត្រូវ​បាន​រដ្ឋសភា​អាមេរិក​អនុម័ត ប៉ុន្តែ​មិន​បាន​ឆ្លង​ការ​សម្រេច​ពី​ព្រឹទ្ធសភា​នោះ​ទេ ដែល​ព្រឹទ្ធសភា​កាល​ពី​គ្រា​នោះ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​សាធារណរដ្ឋ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សេចក្តី​ស្នើ​ច្បាប់​នេះ មិន​ឆ្លើយ​តប​នឹង​ដំណើរការ​នៃ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ថា​ការ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ហ្នឹងមិន​ឆ្លើយ​តប​នឹង​វិធាន​ការ​ក្នុង​ការ​កសាង​និង​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​នោះ​ទេ។ ទី​មួយ​ គួរ​តែធ្វើ​ច្បាប់មួយ​ពង្រឹង​សង្គម​ស៊ីវិល។ ​ដើម្បី​បាន​របប​មួយ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ ទាល់​តែ​សង្គម​ស៊ីវិល​ហ្នឹង​មាន​សមត្ថភាព​ក្នុង​ការ​ចូល​រួម​កសាង​ប្រជាជាតិ​ចូល​រួម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា»។

លោក ផៃ ស៊ីផាន បន្ត​ថា​ចំណាត់​ការ​ខាង​លើ​គឺ​ជា​ការ​សម្រេច​ផ្ទាល់​ពី​សំណាក់​សមាជិក​សភា​អាមេរិក ប៉ុន្តែ​កម្ពុជា​នៅ​តែ​បន្ត​ផ្តោត​កិច្ច​ពិភាក្សា​ការ​ដោះ​ស្រាយ​និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ដោយ​យោង​ទៅ​តាម​ស្ថានភាពពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស។

ចំណែក​លោក​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ព្រឹទ្ធសមាជិក​មួយ​រូប បាន​ប្រាប់​ VOA​ ថា​សំណើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​នៅ​កម្ពុជា​គឺ​មិន​ផ្សារ​ភ្ជាប់​នឹង​ស្ថានភាព​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​នោះ​ទេ ខណៈ​លោក​ចោទ​សួរ​ពី​ប្រសិទ្ធភាព​នៃ​វិធានការ​នេះ។

លោក​បញ្ជាក់​ថា៖ «យើង​ដឹង​ហើយ​ថាការ​ដាក់​ទណ្ឌកម្ម​នេះ វា​មិន​មែន​តែ​ម្តង​លើក​ហ្នឹង​ទេ។ វា​ច្រើន​ដង​ហើយ។ អញ្ចឹង​ទេ​សួរ​ថា​តើ​តាំង​ពី​ដាក់​មក​រហូត​ដល់​ថ្ងៃ​នេះ​មាន​ប្រសិទ្ធភាព​អី​ទៅ»។

រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់លាបថ្នាំពី​លើ​ស្លាកសញ្ញាគណបក្សនេះនៅឯទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ Chad Roedemeier អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សារ​អ៊ីមែល​មក​កាន់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «សហរដ្ឋ​អាមេរិក​នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ស្ថាប័ន​គាំទ្រ​លទ្ធិប្រជាធិប​តេយ្យ​នានា​នៅ​កម្ពុជា»។

លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ​និង​សង្គម បាន​ថ្លែង​ប្រាប់​VOA​ថា​សេចក្តី​ស្នើ​ច្បាប់​នេះ​ជា​យន្តការ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​សហ​ប្រជាជាតិ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ឯម សុវណ្ណារ៉ា បញ្ជាក់​ថា៖ «ប្រសិន​បើ​មន្រ្តី​គាត់​អាងកាន់​អំណាច​គាត់​មិន​គោរព​តាម​ច្បាប់​កម្ពុជា​ផង​អញ្ចឹងប្រទេស​ដទៃ​ដែល​មាន​លទ្ធភាព​ដូច​សហរដ្ឋ​អាមេរិក ដែល​ជួយ​តម្រង់​ទិសឲ្យ​ងាក​មក​ប្រជាធិបតេយ្យ ខ្ញុំ​គិត​ថា វាជា​យន្តការ​ល្អ​មួយសម្រាប់​ផល​ប្រយោជន៍ប្រជាពលរដ្ឋ​កម្ពុជា»។

​លោក​បន្ត​ថា​ប្រសិន​បើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវអនុម័ត​ក្លាយ​ជា​ច្បាប់ វា​អាច​ជំរុញ​ឲ្យ​មន្រ្តី​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា «ខ្លាច​រអា» និង​ងាក​មក​គោរព​គោលការណ៍​ច្បាប់​កម្ពុជា​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។ លោក​បញ្ជាក់​ថាក្នុង​ករណី​មិន​មាន​ការ​កែប្រែ​ស្ថានការណ៍​នយោបាយ សហរដ្ឋ​អាមេរិក​អាច​ចាត់​វិធានការ​ធ្ងន់ធ្ងរ​ដូច​ជា​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP ជា​ដើម។

ប្រទេស​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP (Generalized System of Preferences) ​ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក។ បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​GSP​ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង​៥​ពាន់​មុខ។ នៅ​ក្រោម​GSP​ដែល​ដល់​ពេល​ត្រូវ​ពិភាក្សា​ជាមួយ​អាមេរិក​ដើម្បី​បន្ត​ឡើងវិញ​នេះ​កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​១ពាន់​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩។

លោក​ អៀ សុផល ​សាស្រ្តាចារ្យ​រង​ជំនាញ​ការ​ទូត និង​កិច្ច​ការ​សាកល​នៅ​មហាវិទ្យាល័យ​Occidental សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​រយៈ​សារ​អ៊ីមែល​ថា ខណៈ​លម្ហ​នយោបាយ សង្គម​ស៊ីវិល និង​សេរីភាព​បន្ត​រង​ការ​រឹតត្បិត​នៅ​កម្ពុជា សំណើ​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ត្រូវ​តែ​ទទួល​បាន​ការ​អនុម័ត​ជា​ធរមាន។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «យើង​ទាំង​អស់​គ្នា​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​បន្ត​ដាក់​ការ​រឹតត្បិត​មក​លើ​សកម្មភាព​នយោបាយ​សង្គម​ស៊ីវិល សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​បាន​បង្អាក់​សមត្ថភាព​សម្រាប់​ការ​បោះ​ឆ្នោត​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា។ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ជា​សេចក្តី​ព្រាង​ច្បាប់​សំខាន់​មួយ ដែល​ត្រូវ​ការ​អនុម័ត​ដោយ​សភា​ទាំង​ពីរថ្នាក់ និង​ហត្ថលេខា​ពី​ប្រធានាធិបតី។ ជន​ដែល​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​អាច​និង​មិន​ត្រូវ​រួច​ខ្លួន​នោះ​ទេ»៕