អាជ្ញាធរ​អាមេរិក​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ចូល​ប្រទេស​ម៉ិកស៊ិក​ ដើម្បី​បញ្ឈប់​ជន​ចំណាក​ស្រុក​កុំ​ឲ្យ​បំបែក​របង​ព្រំដែន

ការបាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ចូល​ក្នុង​ប្រទេស​ម៉ិកស៊ិក​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយភ្នាក់ងារ​ព្រំដែន​សហរដ្ឋ​អាមេរិក​។ 

សេចក្ដី​ប្រកាស​នេះ​បាន​សរសេរ​ថា៖ «គ្មាន​ភ្នាក់ងារ​ណា​ម្នាក់​ឃើញ​ជន​ចំណាក​ស្រុក​ណា​មួយ រួម​ទាំង​កូន​ក្មេង​ផង​ដែរ​នៅ​ឯ​ព្រំដែន ទទួល​ឥទ្ធិពល​នៃ​ជាតិ​គីមី​ណា​មួយ ដែល​សំដៅ​លើ​អ្នក​គប់​ដុំ​ថ្ម​នៅ​ឆ្ងាយ​ពី​បន្ទាត់​ព្រំដែន‍​នោះ​ទេ»។

ភ្នាក់ងារ​ព្រំដែន​សហរដ្ឋ​អាមេរិក​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ចូល​ក្នុង​ប្រទេស​ម៉ិកស៊ិក​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​បញ្ឈប់​ជន​ចំណាក​ស្រុក​ប្រហែល ១៥០ នាក់ មិន​ឲ្យ​បំបែក​របង​ព្រំដែន​នៅ​ជិត​ទីក្រុង San Diego រដ្ឋ California សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ​គយ និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ជន​ចំណាក​ស្រុក​បាន​ព្យាយាម​ឡើង​លើ​របង ឬ​ក៏​លូន​ក្រោម​របង​ព្រំដែន ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា អាជ្ញាធរ​អាមេរិក​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​លើ​ជន​ចំណាក​ស្រុក​ដែល​គប់​ដុំ​ថ្ម គឺ​មិន​មែន​លើ​អ្នក​ដែល​ព្យាយាម​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក​នោះ​ទេ។

សេចក្ដី​ប្រកាស​នេះ​បាន​សរសេរ​ថា៖ «គ្មាន​ភ្នាក់ងារ​ណា​ម្នាក់​ឃើញ​ជន​ចំណាក​ស្រុក​ណា​មួយ រួម​ទាំង​កូន​ក្មេង​ផង​ដែរ​នៅ​ឯ​ព្រំដែន ទទួល​ឥទ្ធិពល​នៃ​ជាតិ​គីមី​ណា​មួយ ដែល​សំដៅ​លើ​អ្នក​គប់​ដុំ​ថ្ម​នៅ​ឆ្ងាយ​ពី​បន្ទាត់​ព្រំដែន‍​នោះ​ទេ»។

ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នេះ ដើម្បី​បញ្ឈប់​អ្នក​គប់​ដុំ​ថ្ម ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ​នៅ​កន្លែង​កើត​ហេតុ។

ភ្នាក់ងារ​សន្តិសុខ​ព្រំដែន​បាន​ចាប់​ខ្លួន​មនុស្ស ២៥ នាក់ ចំណែក​ឯ​អ្នក​គប់​ដុំ​ថ្ម​ខ្លះ​ទៀត​បាន​រត់​គេច​ចូល​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​វិញ។

ជន​ចំណាក​ស្រុក​ដែល​បាន​ព្យាយាម​បំបែក​របង​ព្រំដែន​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជន​ចំណាក​ស្រុក​តំបន់​អាមេរិក​កណ្ដាល​ប្រហែល​ជាង ៧ ពាន់​នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​នៃ​ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក ដើម្បី​រង់ចាំ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕