កាលពីសប្តាហ៍មុនក្រសួងសន្តិសុខជាតិនៃសហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយដោយបានបន្ទោសកំពង់ផែពាណិជ្ជកម្មចំនួនពីរគឺកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែក្រុងភ្នំពេញថាមិនមានវិធានការបានទប់ស្កាត់សកម្មភាពភេរវកម្ម។
របាយការណ៍នោះបានលើកឡើងថា គិតដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៣ មាននាវាដែលបានចូលកំពង់ផែទាំងពីរនេះត្រូវបានកត់សម្គាល់ថា គ្រោងនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកតែត្រូវបង្ខំឲ្យពិនិត្យ បើមិនដូច្នោះទេ នាវាទាំងនោះនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែសហរដ្ឋអាមេរិកជាដាច់ខាត។
លោក លូ គឹមឈុន ប្រធានកំពង់ផែក្រុងព្រះសីហនុមានប្រសាសន៍ថា លោកមិនទាន់បានឃើញរបាយការណ៍នេះនៅឡើយ។ ក៏ប៉ុន្តែលោកមានប្រសាសន៍ថា កម្ពុជាមិនដែលធ្វេសប្រហែសក្នុងការត្រួតពិនិត្យនាវាដែលបានចាកចេញពីកម្ពុជាទៅកាន់ទឹកដីសហរដ្ឋអាមេរិកទេ។
«របាយការណ៍នេះ ខ្ញុំអត់ទាន់បានឃើញមកដល់កំពង់ផែផង។ ខ្ញុំឮខាងនាយសន្តិសុខខ្ញុំបាននិយាយពីរឿងហ្នឹងដែរ តែយើងទើបចូលក្រោយថ្ងៃភ្ជំថ្ងៃនេះ។ ខ្ញុំកំពុងមើលរបាយការណ៍ហ្នឹង។ សួររករបាយការណ៍ហ្នឹងយកមកមើលតើវាពាក់ព័ន្ឋអ្វីខ្លះ»។
ក្នុងអំឡុងឆ្នាំ២០០៨ សហរដ្ឋអាមេរិកធ្លាប់បានរិតបណ្តឹងចំពោះនាវាដែលបានឆ្លងកាត់ប្រទេសកម្ពុជា ដែលភាគច្រើនបានរិតបណ្តឹងទៅលើនាវាដឹកជញ្ជូនទំនិញឯកជនដែលស្ថិតនៅក្រោមការត្រួតពិនិត្យខ្ពស់តាមប្រព័ន្ឋរ៉ាដាតាមច្បាប់ជើងទឹកអន្តរជាតិ ដែលធ្វើឲ្យនាវាទាំងនោះងាយរងការចោទប្រកាន់ថា បានប្រព្រឹត្តសកម្មភាពមិនស្របច្បាប់។
លោក លូ គឹមឈុន មានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុបានខិតខំបំពេញលក្ខខណ្ឌប្រយុទ្ធប្រឆាំងនឹងសកម្មភាពភេរវកម្ម ក៏ប៉ុន្តែវាត្រូវការធ្វើមួយជំហ៊ានម្តងៗ។លោកបានបញ្ជាក់ថា បើកាលណាយើងឆែកតឹងរឹងពេក វានឹងបាត់បង់ភាពប្រកួតប្រជែង ហើយបើកាលណាធូរពេក វាប៉ះពាល់ដល់សន្តិសុខ។
កាលពីថ្ងៃទី ១៥ ខែ កញ្ញា នាយកដ្ឋាននៃក្រសួងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានរកឃើញថា ឆ្មាំសមុទ្ររបស់អាមេរិកបានបញ្ជាក់ថា មានកំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែក្រុងភ្នំពេញលែងមានវិធានការណ៍បង្ហាត់បង្រៀនប្រយុទ្ធប្រឆាំងនឹងសកម្មភាពភេរវកម្មប្រកបដោយប្រសិទ្ឋិភាពទៀតហើយ។
លោក ជាប ថុល អគ្គនាយករងប្រតិបត្តិការកំពង់ផែក្រុងភ្នំពេញមានប្រសាសន៍ថា កិច្ចការឆែកទំនិញជាសមត្ថកិច្ចរបស់មន្ត្រីគយនិងរដ្ឋាករ។
«រឿងហ្នឹងគេទាក់ទងគយប្រចាំកំពង់ផែ។ គេទាក់ទងគ្នាទៅហើយ។ ខ្ញុំនេះគ្រាន់តែផ្តល់កន្លែងសម្រាប់រៀបឧបករណ៍ប្រឆាំង គឺការងារប្រឆាំងគឺនៅលើសមត្ថកិច្ចគយ»។
លោក សុខ គឹមសាន ប្រធានសាខាគយប្រចាំច្រកទ្វារអន្តរជាតិកំពង់ផែក្រុងភ្នំពេញមានប្រសាសន៍ថា កំពង់ផែមិនបានធ្វេសប្រហែសទេ ហើយរាល់ទំនិញទាំងអស់ កំពង់ផែបានស្កែនគ្រប់កុងតឺន័រ។ លោកមានប្រសាសន៍ថា លោកមិនដឹងថា ក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកបានព័ត៌មាននោះពីណាទេ។
«យើងខ្ញុំមិនដែលថាត្រួតពិនិត្យចោះៗឬលំៗគឺអត់ទេ។ យើងត្រួតពិនិត្យ១០០%។លើកលែងតែទំនិញរបស់ស្ថានទូត ទំនិញរបស់អ្វីៗអាហ្នឹងគឺគេលើកលែងឲ្យត្រួតពិនិត្យ។ អាហ្នឹងគឺខ្ញុំអនុវត្តទៅតាមរបស់អគ្គនាយកដ្ឋានតែប៉ុណ្ណឹង»។
កម្ពុជាបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩លើគម្រោង Mega Port ដែលបានផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិកក្នុងគោលបំណងស្វែងរកការគ្រប់គ្រងឲ្យបាន១០០ភាគរយនូវប្រព័ន្ធត្រួតពិនិត្យវិទ្យុសកម្មឆ្នាំ២០១៥នៅតាមកំពង់ផែសមុទ្រដើម្បីប្រយុទ្ឋប្រឆាំងនឹងសកម្មភាពភេរវកម្ម ទំនិញរត់ពន្ធ សម្ភារៈដែលមានសារធាតុនុយក្លេអ៊ែរ ឬវិទ្យុសកម្មជាដើម។
សហរដ្ឋអាមេរិកក៏បានតំឡើងម៉ាស៊ីនស្កែនវិទ្យុសកម្មនេះមានតម្លៃប្រហែល៦លានដុល្លារនៅកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែក្រុងភ្នំពេញព្រមទាំងផ្តល់ជំនួយក្នុងការបណ្តុះបណ្តាលដល់បុគ្គលិកកម្ពុជាក្នុងការប្រើប្រាស់ម៉ាស៊ីនស្កែនវិទ្យុសកម្មនេះទៀតផង៕