ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកបានចេញបញ្ជាបណ្តោះអាសន្នមួយដើម្បីឲ្យរដ្ឋបាលលោក Trump បញ្ឈប់ការចាប់បញ្ជូនក្រុមគ្រួសារជនអន្តោប្រវេសន៍បន្ទាប់ពីពួកគេបានជួបជុំគ្រួសារជាមួយគ្រួសារវិញ។
ចៅក្រមសហព័ន្ធលោក Dana Sabraw កាលពីថ្ងៃចន្ទបានចេញសេចក្តីបង្គាប់បន្ទាប់ពីក្រុមសហជីពស៊ីវិលដើម្បីសេរីភាពហៅកាត់ថា ACLU បានប្រកាសអំពីក្តីបារម្ភនៅក្នុងពាក្យបណ្តឹងទៅតុលាការអំពីការកើនឡើងនៃពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងចាប់បញ្ជូនពួកជនអន្តោប្រវេសន៍ជាលក្ខណៈទ្រង់ទ្រាយធំជាបន្ទាន់ក្នុងពេលឆាប់ៗនេះបន្ទាប់ពីពួកគេទាំងនោះបានជួបជុំគ្រួសារវិញ។
ក្រុម ACLU បានតវ៉ាដោយលើកឡើងថាក្រុមគ្រួសារទាំងនោះត្រូវតែមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងយល់ពីសិទ្ធិស្របច្បាប់របស់ពួកគេនិងធ្វើការសម្រេចថាតើពួកគេត្រូវបន្តសុំសិទ្ធិជ្រកកោនឬយ៉ាងណា។
លោកចៅក្រម Sabraw បានទុកពេលឲ្យរដ្ឋាភិបាលរហូតដល់ថ្ងៃចន្ទទី២៤ ខែកក្កដាខាងមុខនេះ ដើម្បីធ្វើការឆ្លើយតបទៅនឹងសេចក្តីបង្គាប់នេះ។
សេចក្តីបង្គាប់ចុងក្រោយបំផុតរបស់តុលាការបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ព្យាយាមស្វែងរកក្រុមគ្រួសាររបស់កុមារចំនួនប្រមាណ២.៥៥០នាក់ឲ្យបានជួបជុំជាមួយក្រុមគ្រួសារវិញត្រឹមថ្ងៃទី២៦ខែកក្កដា បន្ទាប់ពីកុមារទាំងនោះបានបែកចេញពីឳពុកម្តាយដោយសារប្រតិបត្តិការរបស់ពួកភ្នាក់ងារល្បាតតាមព្រំដែននៅក្រោមគោលនយោបាយ «គ្មានការលើកលែង» របស់រដ្ឋបាលលោក Trump ដែលបានចែងថាមនុស្សវ័យជំទង់ដែលបានឆ្លងចូលមកសហរដ្ឋអាមេរិកពីតំបន់អាមេរិកកណ្តាលនឹងត្រូវប្រឈមនឹងការកាត់ទោស៕