ការ​បិទ​រដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក​ចូល​ដល់​ថ្ងៃ​ទី​ពីរ​នៅ​ថ្ងៃ​អាទិត្យ​នេះ

ស្លាក​សញ្ញា​បង្ហាញ​ថា​អគារ National Archives ត្រូវ​បាន​បិទ​ដោយសារ​តែ​រដ្ឋាភិបាល​អាមេរិក​បាន​បិទក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៨ Dec. 22, 2018.

ការ​បិទ​មួយ​ផ្នែក​នៃ​រដ្ឋាភិបាល​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ២ ហើយ នៅ ថ្ងៃ​អាទិត្យ​នេះ។

វិធានការ​នេះ​បាន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ប្រហែល ២៥ ភាគរយ ដែល​មន្ត្រី​រដ្ឋាភិបាល​ជាង​ពាក់​កណ្ដាល​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់​ប្រហែល ៨ សែន​នាក់ នឹង​បន្ត​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់​បៀវត្សរ៍ ដោយ​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដែល​ពួកគេ​ធ្វើ​ការ​នៅ​ក្នុង​អំឡុង​ពេល​នេះ នៅ​ពេល​ណា​ដែល​រដ្ឋាភិបាល​បើក​ឡើង​វិញ​តែ​ប៉ុណ្ណោះ។

បន្ទាប់ពី​ថ្ងៃ​បុណ្យ Christmas បញ្ចប់​ទៅ ទើប​សភា និង​លោក​ប្រធានាធិបតី Donald Trump នឹង​រក​ដំណោះស្រាយ​ចំពោះ​ភាព​ជាប់​គាំង​នេះ ដោយសារតែ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​ព្រឹទ្ធសភា​អាមេរិក​មិន​ទាន់​មាន​គម្រោង​ជួប​ពិភាក្សា​គ្នា​ម្ដង​ទៀត​នោះ​ទេ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នេះ គឺ​ដោយសារ​មាន​ការ​មិន​ឯកភាព​គ្នា​ចំពោះ​រឿង​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​របស់​លោក Trump។ លោក Trump ចង់​ឲ្យ​សភា​ផ្ដល់​ថវិកា​ចំនួន ៥ ពាន់ ៧ រយ​លាន​ដុល្លារ សម្រាប់​ដំណាក់​កាល​ដំបូង​នៃ​ថវិកា​សរុប​ចំនួន ២០ ពាន់​លាន​ដុល្លារ​ដែល​លោក Trump ត្រូវការ សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នៅ​ភាគ​ខាង​ត្បូង​ជាប់​ប្រទេស​ម៉ិកស៊ិក។

ប៉ុន្តែ ករណី​នេះ​គឺ​ផ្ទុយ​ពី​ការ​សន្យា​របស់​លោក Trump នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ ២០១៦ ដែល​លោក​បាន​បញ្ជាក់​ថា លោក​នឹង​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ជា​អ្នក​ចំណាយ​លើ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នេះ។

សភា​បាន​បដិសេធ​សំណើ​របស់​លោក Trump សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែន ដែល​លោក Trump អះអាង​ថា ដើម្បី​រារាំង​អន្តោប្រវេសន៍​ខុស​ច្បាប់៕