សហរដ្ឋអាមេរិក បានសម្តែងនូវក្តីបារម្ភអំពីចំណាត់ការនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតច្រកអ៊ីនធឺណិតជាតិមួយ ដែលក្រុមអ្នករិះគន់និយាយថា នឹងផ្តល់ឱ្យអាជ្ញាធរនូវអំណាចកាន់តែច្រើនឡើង ដើម្បីឈ្លបមើលនិងចាប់ពិរុទ្ធអ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសនេះ។
អ្នកស្រី Jalina Porter អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ VOA កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកលើកតម្កើងសេរីភាពនៃការបញ្ចេញមតិតាមអ៊ីនធឺណិត ជាផ្នែកនៃគោលនយោបាយដ៏សំខាន់របស់ខ្លួន ហើយអ្នកស្រីបានសម្តែងនូវក្តីកង្វល់អំពីផលប៉ះពាល់នៃវិធានការរបស់កម្ពុជានេះ ទៅលើពលរដ្ឋខ្មែរអាមេរិកាំង។
អ្នកស្រីបាននិយាយទៀតថា៖ «យើងមានពលរដ្ឋខ្មែរអាមេរិកាំងយ៉ាងច្រើនដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក។ ហើយយើងចង់ធ្វើឱ្យប្រាកដថា ពួកគេអាចនិយាយការពិតទៅកាន់ក្រុមគ្រួសារនិងមិត្តភក្តិ ហើយនឹងសាច់ញាតិរបស់ពួកគេ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យនៅថ្ងៃទី១៦ ខែកុម្ភៈ តម្រូវឱ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតទាំងអស់ប្តូរចរាចរណ៍សេវាកម្មរបស់ខ្លួនឱ្យមកឆ្លងកាត់តាមច្រកអ៊ីនធឺណិតជាតិ (NIG) វិញ នៅក្នុងរយៈពេល១២ខែខាងមុខ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានបញ្ជាក់ថា បទបញ្ជានេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានកម្ពុជា និងការត្រួតត្រាខ្លឹមសារដែលអាចប៉ះពាល់ដល់ «សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សង្គម»។
ក៏ប៉ុន្តែ អ្នករិះគន់និយាយថា ចំណាត់ការនេះ នឹងផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជានូវអំណាចត្រួតត្រាកាន់តែខ្លាំងលើលំហូរព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត និងសមត្ថភាពដើម្បីបិទខ្ទប់ខ្លឹមសារព័ត៌មាននិងគេហទំព័រនានា។
ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលឆាប់ៗនេះ នឹងបញ្ចេញរបាយការណ៍ស្តីពីការអនុវត្តសិទ្ធិមនុស្សសម្រាប់ឆ្នាំ២០២០។ នៅក្នុងរបាយការណ៍ប្រចាំកាលពីឆ្នាំ២០១៩របស់ខ្លួន ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងពីអង្គភាពរដ្ឋាភិបាលដែលឃ្លាំមើលការពិភាក្សាតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។
តាមក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា៖ «៣ថ្ងៃមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ រដ្ឋាភិបាលបានបញ្ជាឲ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករាំងខ្ទប់គេហទំព័ររបស់បណ្តាញផ្សាយព័ត៌មានឯករាជ្យជាច្រើន»។
ក្រុមអ្នករិះគន់ បានចោទប្រកាន់កម្ពុជាពីការយកលំនាំការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួនតាមប្រទេសចិន។ អាជ្ញាធរចិន បានរក្សាប្រព័ន្ធអ៊ីនធឺណិតនៅក្នុងស្រុកឱ្យស្ថិតនៅពីក្រោយជញ្ជាំងការពារអ៊ីនធឺណិត (firewall) ដ៏ធំមួយរបស់រដ្ឋាភិបាល។
លោក Phil Robertson ដែលជាអនុប្រធានផ្នែកតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា៖ «លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងប្រឆាំងនឹងសេរីភាពអ៊ីនធឺណិតនិងពាណិជ្ជកម្មតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ដោយការពង្រីកការត្រួតត្រារបស់រដ្ឋាភិបាលលើប្រព័ន្ធអ៊ីនធឺណិតកម្ពុជា»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានបដិសេធការចោទប្រកាន់ថា បទបញ្ជាច្រកអ៊ីនធឺណិតជាតិ (NIG) នេះនឹងត្រួសត្រាយផ្លូវសម្រាប់ប្រព័ន្ធចាប់ពិរុទ្ធខ្លឹមសារតាមលំនាំចិន ដោយបានបញ្ជាក់ថា ការចោទប្រកាន់បែបនេះជា«ការគ្មានមូលដ្ឋាននិងមានហេតុផលខាងនយោបាយ»។ ក្រសួងនោះបានបញ្ជាក់ទៀតថា ច្បាប់ថ្មីនោះ នឹងត្រូវព្រាងឡើងនៅពេលឆាប់ៗនេះ ដើម្បីការពារទិន្នន័យឯកជនភាព៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន