​អ្នក​ជំនាញ​​អាមេរិក​បង្ហាញ​វិធី​បង្ការ​អំពើ​ហិង្សា​ជ្រុលនិយម​ក្នុង​រដ្ឋ​ដែល​ងាយ​បាក់បែក

ក្រុម​វាគ្មិន​និង​អ្នក​សម្របសម្រួល​ធ្វើ​​កិច្ច​ពិភាក្សា​ស្តី​ពី​«‍របៀបវារៈ​អភិបាលកិច្ច​សម្រាប់​បង្ការ​អំពើ​ហិង្សា​ក្នុង​រដ្ឋ​ដែល​ងាយ​បែក​បាក់» ធ្វើ​ឡើង​នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២០។ (សាយ មុន្នី/VOA)

ប្រធាន​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​គន្លឹះ​របស់​លោក ​ដោយ​បាន​លើក​យក​ប្រទេស​កម្ពុជា​ជា​ឧទាហរណ៍​មួយ​​ថា​ កង្វះ​សុចរិតភាព​នៅ​ក្នុង​ការ​បោះឆ្នោត​បាន​អនុញ្ញាត​ឱ្យ​អ្នកដឹកនាំ​តាម​បែប​ផ្ដាច់​ការ នៅ​តែ​បន្ត​អំណាច​របស់​ពួកគេ​ក្នុង​សង្គម​ដែល​ងាយ​បាក់បែក។

អ្នក​ការទូត​និង​អ្នក​ជំនាញ​ខាង​លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច​និង​សន្តិភាព​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​អនុសាសន៍​បី​ចំណុច​ដល់​បណ្ដា​រដ្ឋ​ដែល​ងាយ​បែកបាក់​ខាង​នយោបាយ ដើម្បី​បង្ការ​អំពើ​ហិង្សា​ជ្រុលនិយម កុំ​ឱ្យ​កើត​ឡើង​ជា​យថាហេតុ​ណាមួយ។​

​ក្នុង​វេទិកា​ពិភាក្សា​មួយ​ដែល​រៀបចំ​ឡើង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា ​ឆ្នាំ​២០២០ អ្នក​ស្រី នែនស៊ី លីនប៊ឹគ (Nancy Lindborg) ប្រធាន​និង​នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក (U.S. Institute of Peace) បាន​មាន​ប្រសាសន៍​ថាអនុសាសន៍​ទាំង​នេះ ផ្ដោត​សំខាន់​ទៅ​លើ​អភិបាលកិច្ចល្អ​និង​ការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ការ​ទប់ស្កាត់​ស្ថានការណ៍​ផុយ​ស្រួយ​នៅ​ក្នុង​រដ្ឋ​ដែល​ងាយ​បាក់បែក​នានា​លើ​សកលលោក។

អ្នកស្រី​ថ្លែង​ទៅ​អ្នក​ចូល​រួម​ថា៖ «‍ស្ថានភាពក្នុង​រដ្ឋ​ដែល​ងាយ​បាក់បែក​គឺថា​អ្នក​មាន​រដ្ឋាភិបាល​មួយ​ ដែល​ខ្សោយ​ឬ​មិន​បាន​ឆ្លើយ​តប​ទៅ​តាម​ការ​ចង់បាន​របស់​ពលរដ្ឋ​ឬ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មិន​ពេញ​មុខ។ ​ចំណង​ដែល​បាក់បែក​រវាង​ពលរដ្ឋ​និង​រដ្ឋាភិបាល​របស់​ពួកគេ​នេះ ញ៉ាំង​ឱ្យ​មាន​ស្ថានការណ៍​មួយ​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​អំពើ​ហិង្សា​ជ្រុល​និយម ចាក់​ឫសគល់​បាន»។

អ្នកស្រី Nancy Lindborgប្រធាន​និង​នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក និយាយ​ជាមួយ​អ្នក​ចូលរួម​ម្នាក់​ក្រោយវេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើងវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០២០។ (សាយ មុន្នី/VOA)

អ្នក​ចូលរួម​ស្ដាប់​កិច្ច​ពិភាក្សា​ជា​សាធារណៈ​ស្ដីពី​«‍របៀបវារៈ​អភិបាលកិច្ច​សម្រាប់​បង្ការ​អំពើ​ហិង្សា​ក្នុង​រដ្ឋ​ដែល​ងាយ​បែក​បាក់»ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០២០។ (សាយ មុន្នី/VOA)

អនុសាសន៍​ទាំង​បី​ចំណុច​នេះ​រួម​មាន​ការ​ទទួលស្គាល់​ជា​រួម​ថា ​អំពើ​ហិង្សា​ជ្រុល​និយម​ គឺ​ជា​បញ្ហា​មនោគមវិជ្ជា​និង​នយោបាយ ការ​បង្កើត​ក្រប​ខណ្ឌ​បង្ការ​អំពើ​ហិង្សា​បែប​នេះ និង​ការ​សហការ​ជា​អន្តរជាតិ​ ដោយ​ធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា។

​កិច្ច​ពិភាក្សា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​ដោយ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក (U.S. Institute of Peace) វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (National Democratic Institute) ​និង វិទ្យាស្ថានGeorge W. Bush (George W. Bush Institute)។

អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ភូមា លោក ដេរែក មីតឆែល (Derek Mitchell) ដែល​បច្ចុប្បន្ន​ ធ្វើ​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (National Democratic Institute) មាន​ប្រសាសន៍​ក្នុង​វេទិកា​ពិភាក្សា​នេះ​ថា ​កិច្ចការ​បង្ការ​ជម្លោះ​និង​អំពើ​ហិង្សា​នេះ មិន​មែន​ជា​ការ​ងាយស្រួល​ទេ ប៉ុន្តែ​វា​ផ្ដល់​នូវ​ជម្រើស​មួយ​ដល់​បណ្ដា​ប្រទេស​ដែលជ្រើស​យក​មាគ៌ា​ប្រជាធិបតេយ្យ។

លោក ដេរែក មីតឆែល បាន​បញ្ជាក់​ថា៖ «‍គូប្រជែង​របស់​យើង ផ្សព្វផ្សាយ​ពី​គំរូ​ផ្សេង​ពី​នេះ​ដែល​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​សិទ្ធិ​ពលរដ្ឋ​ ហើយ​បង្កើត​ឡើង​នូវ​ផលប្រយោជន៍​សម្រាប់​ក្រុម​អភិជន ជាពិសេស​ក្រុម​ពុករលួយ​ហើយ​ធ្វើ​ក្រុម​នេះ​នៅ​ចាក់ឫស​ចាក់​គល់​បាន»។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ​ក្រោយ​ពី​មានការ​ផ្ដល់​អាណត្តិ​ពី​សភា​សហរដ្ឋ​អាមេរិក ក្រុម​កិច្ចការ​ពិសេស​នៃ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក ដែល​ទទួល​បន្ទុកស្រាវជ្រាវ​អំពើ​ហិង្សា​ជ្រុលនិយម​នៅ​ក្នុង​រដ្ឋ​ដែល​ងាយ​បែកបាក់ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ ដោយ​បង្ហាញ​ពី​វិធី​សាស្ត្រ​ថ្មី​ក្នុង​ការ​បង្ការ​អំពើ​ហិង្សា​ជ្រុល​និយម​ក្នុង​រដ្ឋ​ដែល​ងាយ​បែក​បាក់​នេះ ។

របាយការណ៍​នេះ ក៏​បាន​ផ្ដល់​អនុសាសន៍​ទាំង​បីចំណុច ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ច្បាប់​ស្ដីពី​ភាព​ងាយ​បែកបាក់​នៃ​រដ្ឋ​ក្នុង​សកលលោក ​(Global Fragility Act) ដើម្បី​ជួយ​ធានា​ស្ថិរភាព​ក្នុង​ពិភពលោក​ផង​ដែរ។

ក្រុម​វាគ្មិន​និង​អ្នក​សម្របសម្រួល រួម​ទាំង​លោក​ស្រី Madeleine Albright ​អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក (ជួរ​មុខ​កណ្តាល) ឈរ​ថតរូប​ជុំ​គ្នា​ក្រោយ​កិច្ច​ពិភាក្សា​ ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២០។ (សាយ មុន្នី/VOA)

លោក​ស្រី Madeleine Albright អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​កិច្ច​ការ​ពិសេស​ទទួល​បន្ទុកស្រាវជ្រាវ​អំពើ​ហិង្សា​ជ្រុលនិយម​នៅ​ក្នុង​រដ្ឋ​ដែល​ងាយ​បែកបាក់ បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​ពិភាក្សា​ថា​វិធី​សាស្ត្រ​ទប់​ស្កាត់​អំពើ​ហិង្សា​ជ្រុល​និយម​នេះ ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដោយ​បើក​ឱកាស​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​នយោបាយ​និង​ការស្ដាប់​សំឡេង​ពលរដ្ឋ។

លោកស្រី​ Albright មាន​ប្រសាសន៍​ថា៖ «‍ប្រជាធិបតេយ្យ មិន​មែន​ជា​កីឡា​សម្រាប់​មើល​កម្សាន្ត​នោះ​ទេ មិន​ថា​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឬ​នៅ​ទី​ណា​ផ្សេង​ទៀត​ទេ។ យើង​ត្រូវ​តែ​ស្វែងរក​ដៃ​គូ​នៅ​ក្នុង​ប្រទេស​ដែល​ងាយ​បាក់បែក​ទាំង​នេះ​ដែល​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ»។

ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​សង្គ្រាមនិង​ជម្លោះ​ផ្ទៃក្នុង​ជាច្រើន​ទសវត្ស​ចាប់​តាំង​ពី​ទសវត្ស​១៩៧០​មក ហើយ​ការ​ដឹកនាំ​ដ៏​យូរ​អង្វែង​នៃ​អ្នកដឹកនាំ​តែ​ម្នាក់ បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​អំណាច​ដោយ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ តែង​រង​ការ​បំផ្លិចបំផ្លាញ​និង​ការ​បែកបាក់​នយោបាយ​ផ្ទៃ​ក្នុង​ឥត​ឈប់ឈរ។

ការណ៍​នេះ ត្រូវ​បាន​អ្នក​សិក្សា​ចង្អុល​បង្ហាញ​ថា បណ្ដាល​មក​ពី​កង្វះ​ឬ​អវត្តមាន​នៃ​ការ​គ្រប់គ្រង​តាម បែប​ប្រជាធិបតេយ្យ ពោល​គឺ​ខ្វះ​តម្លាភាព​និង​ការ​ធានា​ឱ្យ​មាន​ការ​ចូលរួម​នយោបាយ​ប្រកប​ដោយ​បរិយាប័ន​ឬ​ពី​គ្រប់​ភាគី។

លោក Mark Green នាយកទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (U.S. Agency for International Development) ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើងវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០២០។ (សាយ មុន្នី/VOA)

លោក Mark Green ​ប្រធានទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​គន្លឹះ​របស់​លោក​មុន​កិច្ចពិភាក្សា​ដោយ​បាន​លើក​យក​ប្រទេស​កម្ពុជា​ជា​ឧទាហរណ៍​មួយថា​ កង្វះ​សុចរិតភាព​នៅ​ក្នុង​ការ​បោះឆ្នោត​បាន​អនុញ្ញាត​ឱ្យ​អ្នកដឹកនាំ​តាម​បែប​ផ្ដាច់​ការ នៅ​តែ​បន្ត​អំណាច​របស់​ពួកគេ​ក្នុង​សង្គម​ដែល​ងាយ​បាក់បែក។

លោក Mark Green ថ្លែង​ថា៖ «‍ឧទាហរណ៍​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា លោក ហ៊ុន សែន មិន​ត្រឹម​តែ​រំលាយ​ក្រុម​បក្ស​ប្រឆាំង​ដ៏​សំខាន់​និង​ហាមប្រាម​គណបក្ស​នេះ​មិន​ឱ្យ​ធ្វើ​នយោបាយ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ចាប់ខ្លួន​និង​ដាក់​គុក​មេដឹកនាំ​គណបក្ស​នេះ​ថែម​ទៀត​ផង ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ គាត់​ក៏​បាន​ប្រកាស​ថា​ គាត់​ចង់​បាន​ការ​បោះឆ្នោត​ដោយ​សេរី ហើយ​គាត់​ចង់​ឱ្យ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ចូលរួម​ឃ្លាំមើល ដើម្បី​ឱ្យ​ឃើញ​ថា ​តើ​ការ​បោះឆ្នោត​នោះ​ដំណើរការ​យ៉ាង​រលូន​ប៉ុណ្ណា»។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែងសុន្ទរកថា​ក្នុង​ពិធី​អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃទិវា​ជ័យជម្នះ​៧មករា​លើ​របប​ខ្មែរក្រហម​ នៅ​មជ្ឈមណ្ឌលកោះពេជ្រ​ក្នុងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២០។ (Facebook/Samdech Hun Sen Official Page)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ទិវា​ប្រារព្ធ​៧​មករា ខួប​ទី​៤១​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ​កម្ពុជា​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ ដោយ​លោក​ថ្លែង​ថា៖

«‍លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា​ កំពុង​ត្រូវ​បាន​គោរព​និង​ថែ​រក្សា​និង​លើកកម្ពស់​ឥត​ឈប់ឈរ​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន​កម្ពុជា»។

លោក​បន្ថែម​ថា ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ប្រទេស​ គួរ​គោរព​សិទ្ធិ​និង​ការ​ជ្រើសរើស​របស់​ពលរដ្ឋ​កម្ពុជា៕