ក្រសួងការបរទេសស.រ.អា.បាននិយាយថាខ្លួនបានបណ្តេញអ្នកការទូតគុយបាពីរនាក់ចេញពីស.រ.អា.កាលពីខែឧសភា ក្រោយពីមានជនជាតិអាមេរិកាំងរងគ្រោះដោយសារអ្វីដែលក្រសួងនេះបានហៅថារោគសញ្ញាបណ្តាលមកពី «ឧប្បត្តិហេតុ» នៅឯស្ថានទូតក្នុងក្រុងឡាហាវ៉ាន។
នៅក្នុងអ្វីដែលហាក់ដូចជារឿងអាថ៌កំបាំងចារកម្មក្នុងសម័យសង្គ្រាមត្រជាក់ អ្នកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បាននិយាយកាលពីថ្ងៃពុធថា «យើងគ្មានចម្លើយច្បាស់លាស់ណាមួយអំពីប្រភព ឬបុព្វហេតុនៃអ្វីដែលយើងចាត់ទុកថាជាឧប្បត្តិហេតុទាំងនេះទេ។ យើងគិតគូរហ្មត់ចត់អំពីឧប្បត្តិហេតុទាំងនេះហើយនៅពេលនេះកំពុងមានការស៊ើបអង្កេតអំពីការណ៍នេះហើយ»។
អ្នកស្រី Nauert មិនបានផ្តល់សេចក្តីលម្អិតអំពីជំងឺខាងរាងកាយដែលនាំឱ្យជនជាតិអាមេរិកាំងចាកចេញពីប្រទេសគុយបាទេ។ អ្នកស្រីបានថ្លែងថាពួកជនទាំងនេះត្រូវការការព្យាបាល ក៏ប៉ុន្តែថារបួសទាំងនេះមិនបណ្តាលឱ្យស្លាប់ទេ។
ក៏ប៉ុន្តែមន្ត្រីស.រ.អា.ម្នាក់បាននិយាយថាពួកអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលអំពីលទ្ធភាពថាមានមនុស្សដាក់ប្រដាប់សំឡេងមិនអាចស្តាប់ឮដែលភាសាអង់គ្លេសហៅថា inaudible sonic devices នៅជុំវិញផ្ទះពួកអ្នកការទូតស.រ.អា.នៅក្នុងក្រុងឡាហាវ៉ាន ហើយថាជនជាតិអាមេរិកាំងទាំងនេះប្រហែលរងគ្រោះដោយសារការថ្លង់រហូត។
អ្នកស្រី Nauert បាននិយាយថាជាដំបូងឡើយស.រ.អា.បានដឹងអំពីឧប្បត្តិហេតុទាំងនេះកាលពីចុងឆ្នាំទៅមិញ៕