អាមេរិករំពឹងថានឹងពង្រីកបណ្ដាញសន្ដិសុខជាមួយកូរ៉េខាងត្បូងនិងជប៉ុននៅឯកិច្ចប្រជុំកំពូល

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជួបពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។

សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើត​បណ្ដាញ​ការពារ​សន្ដិសុខ​លក្ខណៈ​ត្រីភាគី​ដ៏​យូរអង្វែង​មួយ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​លើក​ដំបូង​បង្អស់​របស់​ប្រទេស​ទាំងបី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​វិភាគ។ នេះ​គឺ​ជា​ចំណាត់ការ​មួយ​ដែល​ចិន​ប្រឆាំង។ ​

កិច្ចប្រជុំកំពូល​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ Camp David ដែល​ជាកន្លែងវិស្សមកាលរបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​រដ្ឋ Maryland នឹង​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក ​ក្នុង​ការ​បញ្ចុះបញ្ចូល​សម្ពន្ធមិត្ត​នៃសន្ធិសញ្ញា​ទាំង​ពីរ​របស់​ខ្លួន​ ឱ្យ​ចូលរួម​នៅ​ក្នុង​បណ្ដាញ​សន្ដិសុខ​កាន់​តែ​តឹងរ៉ឹង​ និង​ពង្រីក​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​តំបន់។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រុម​អ្នក​វិភាគ។ ​

នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ គេ​រំពឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នឹង​ប្រកាស​អំពី​ផែនការ​រៀបចំ​កិច្ចប្រជុំ​ជា​ទៀងទាត់ ​ហើយ​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចសហប្រតិបត្តិការ​សន្ដិសុខ​បន្ថែម​ពី​លើ​ការ​ទប់ទល់នឹង​ការ​គំរាមកំហែង​ពី​កូរ៉េខាងជើង។

លោក Evans Revere ដែល​អតីត​ឧបការី​ស្ដីទី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិកក្នុង​យុគសម័យ​រដ្ឋបាល​លោក​ប្រធានាធិបតី​ George W. Bush បាន​ថ្លែង​ថា សេចក្ដីថ្លែងការណ៍​រួម​មួយ​ដែល​នឹង​ចេញដោយ​មេដឹកនាំ​ទាំង​បី​នាក់​នេះ​ ទំនង​ជា​នឹង​ឆ្លុះបញ្ចាំង​អំពី​ផែនការ​ទាំង​នេះ។

លោក Revere បាន​មាន​ប្រសាសន៍​ថា៖ «សេចក្ដីថ្លែងការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ច្បាស់​ថា កូរ៉េខាងជើង​មិន​មែន​ជា​កង្វល់​តែ​មួយ​គត់ដែល​ធ្វើ​ឱ្យ​ពួកគេ​ទាំង​បី​នាក់​ជួប​គ្នានៅ​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ ដែល​មិន​បាន​គ្រោង​ទុក​ជា​មុន​នៅ Camp David នេះ​ទេ»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​ជា​ការ​គំរាមកំហែង​បន្ទាន់​បំផុត សាធារណរដ្ឋ​ប្រជាមានិត​ចិន​ច្បាស់ណាស់​ គឺ​ជា​បញ្ហា​ប្រឈម​ខាង​យុទ្ធសាស្ត្រ​ធំ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្រុង​តូក្យូ និង​ក្រុង​សេអ៊ូលនៅ​ក្នុង​រយៈពេល​យូរ​អង្វែង​ទៅ​មុខ​ទៀត»។

លោក Revere បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «កិច្ចព្រមព្រៀង​ដែល​នឹង​សម្រេច​បាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​បី​កាន់​តែ​ជិតស្និទ្ធគ្នា ​ឆ្ពោះ​ទៅ​កាន់​ភាព​ជា​ដៃគូ​អចិន្ត្រៃយ៍​មួយ​ ដែល​ផ្ដោត​សំខាន់ទៅ​លើ​ព័ត៌មាន​សម្ងាត់ និង​ការ​ចែករំលែក​ព័ត៌មាន ការ​ការពារ​គ្រាប់​មីស៊ីល ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា សន្ដិសុខលើ​ប្រព័ន្ធ​អ៊ីនធឺណិត កិច្ចសហប្រតិបត្តិការ​ដ៏ប្រុងប្រយ័ត្ន​ទុក​ជាមុន ​និង​ការ​កម្ចាត់​នុយក្លេអ៊ែរ​ទំនើប»។

ការ​រួម​បញ្ចូល​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​កូរ៉េខាងត្បូង​និង​ជប៉ុន​ទៅ​ក្នុង​ភាព​ជា​ដៃគូ​ដែល​កំពុង​តែ​មាននេះ ​គឺ​ជា​គោលដៅ​ជា​យូរ​ណាស់​មក​ហើយ​របស់​សហរដ្ឋ​អាមេរិក។ វា​អាច​ទៅ​រួច​នៅ​ពេល​ឥឡូវ​នេះ​ ដោយសារ​តែ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ផ្សះផ្សាទំនាក់ទំនង​ដែល​បែកបាក់​កាល​ពី​ខែ​មីនា។

​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​កើតឡើង​នៅ​ក្នុង​សម័យ​អាណានិគម​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ​ចន្លោះ​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​ស្អិតរមួត​រវាង​ប្រទេស​អាស៊ី​បូព៌ា​ទាំង​ពីរ​ ជាពិសេស​លើ​បញ្ហា​យោធា៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា