កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានបញ្ជាក់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាពួកអ្នកការទូតឱ្យធ្វើការជាមួយលោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនលោកដើម្បីឱ្យអាជ្ញាធរអ៊ុយក្រែនបើកធ្វើការស៊ើបអង្កេតដែលអាចជួយលោក ត្រាំ ខាងនយោបាយហើយភ្ជាប់ការស៊ើបអង្កេតទាំងនេះទៅនឹងជំនួយយោធាដល់ប្រទេសអ៊ុយក្រែនផងដែរ។
លោក Mick Mulvaney នាយខុទ្ទកាល័យស្តីទីរបស់សេតវិមានបាននិយាយប្រាប់ពួកអ្នកកាសែតថាកង្វល់របស់លោក ត្រាំ អំពីមុខនាទីរបស់អ៊ុយក្រែននៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ក្នុងស.រ.អា.ដើម្បីជួយលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យប្រឆាំងនឹងលោកTrump ជាបញ្ហាសំខាន់ដែលនាំឱ្យលោកសុំឱ្យមានការស៊ើបអង្កេតនេះនៅក្នុងប្រទេសនេះក្នុងផ្នែកខាងកើតនៃទ្វីបអឺរ៉ុប។
ការនិយាយសារភាពទាំងនេះរបស់លោក Mulvaney មានឡើងតែប៉ុន្មានម៉ោងក្រោយលោក Gordon Sondland ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំសហភាពអឺរ៉ុបបាននិយាយប្រាប់ពួកអ្នកស៊ើបអង្កេតដើម្បីចោទប្រកាន់លោកត្រាំ នៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងអំពីមុខនាទីរបស់លោកត្រាំ ក្នុងការណែនាំអ្នកការទូតឱ្យគិតគូរបញ្ហាអ៊ុយក្រែនតាមរយៈលោក Giuliani អតីតអភិបាលបូរីញូវយ៉ក និងជាមេធាវីរបស់លោក ត្រាំ៕