លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក មានសុខភាពល្អនិងមានស្មារតីល្អ បន្ទាប់ពីអ្នកវាយប្រហារម្នាក់នៅក្នុងទីក្រុងសេអ៊ូលបានឆូតមុខនិងដៃរបស់លោកដោយកាំបិទ។
លោកឯកអគ្គរដ្ឋទូត Mark Lippert បានត្រូវគេយកទៅព្យាបាលនៅមន្ទីរពេទ្យមួយ ហើយវេជ្ជបណ្ឌិតបានដេររបួសរបស់លោក៨០ថ្នេរដែលមានប្រវែងរង្វះរបួស១១សង់ទីម៉ែត្រនៅលើផ្ទៃមុខហើយការវះកាត់ដើម្បីព្យាបាលសរសៃដៃនិងសរសៃប្រសាទនៅលើដៃរបស់លោក។
ក្រោយមក លោក Lippert បានសរសេរនៅក្នុង Twitter ថា លោកនិងក្រុមគ្រួសារលោកមានការរំភើបជាខ្លាំងចំពោះការគាំទ្រដ៏សន្ធឹកសន្ធាប់ដែលបានផ្ញើទៅជូនលោក ហើយលោកនឹងវិលត្រឡប់ទៅធ្វើការវិញនៅពេលឆាប់ៗនេះដើម្បីជួយពន្លឿនទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង។
បណ្តាញផ្សាយព័ត៌មានកូរ៉េខាងជើង បានហៅការវាយប្រហារទៅលើលោកឯកអគ្គរដ្ឋទូត Lippert ដោយការប្រើកាំបិទជាការត្រឹមត្រូវហើយជាទណ្ឌកម្មដែលមនុស្សងុបងុលនឹងសង្គ្រាមសាកសមនឹងទទួល។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនិយាយថា ការវាយប្រហារនេះបង្ហាញថា ពលរដ្ឋកូរ៉េខាងត្បូងបានប្រឆាំងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលកំពុងធ្វើឡើងនៅសប្តាហ៍នេះដោយមានការជំទាស់ប្រឆាំងពីកូរ៉េខាងជើងនោះ។
ក្រុមអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកបាននិយាយថា ការវាយប្រហារបានកើតឡើងនៅពេលដែលលោក Lippert អញ្ជើញចូលរួមការទទួលទានអាហារពេលព្រឹក ហើយបុរសម្នាក់ដែលក្រោយមកប៉ូលីសបានកំណត់អត្តសញ្ញាណថា Kik Ki-jongអាយុ៥៥ឆ្នាំ បានវាយប្រហារលោកឯកអគ្គរដ្ឋទូតដោយប្រើកាំបិទដែលមានប្រវែង២៥សង់ទីម៉ែត្រ៕