អ្នកតំណាង​ពិសេស​របស់​ស.រ.អា.​នៅ​អ.ស.ប.​ព្រមានថាកូរ៉េ​ខាង​ជើងកំពុង​ទទូច​ចង់​ធ្វើ​សង្គ្រាម

លោក​ស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អំពី​ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​ចន្ទ​ ទី៤ ខែ​កញ្ញា នៅ​ស្នាក់ការ​កណ្តាល​របស់​អ.ស.ប.។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ធ្វើ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សា​វិធានការ​បន្ទាប់​សម្រាប់​សហគមន៍​អន្តរជាតិ​ឆ្លើយ​តប​នឹង​សកម្មភាព​អាវុធ​នុយក្លេអ៊ែរ​កើន​ឡើង​របស់​កូរ៉េខាង​ជើង។​

ក្នុងកិច្ច​ប្រជុំ​នេះ​លោកស្រី​ Nikki Haley ​អ្នក​តំណាង​ពិសេស​របស់​ស.រ.អា.នៅ​អ.ស.ប.​បាន​ថ្លែង​ដោយ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ លោកស្រី​បាន​ព្រមាន​លោក ​គឹម ជុងអ៊ុន ​មេដឹកនាំ​កូរ៉េខាង​ជើង ​ដោយ​និយាយ​ថា ​ការ​បាញ់​កាំជ្រួច​ដោយ​បំពាន​ និង​ការគំរាម​កំហែង​ដោយ​អាវុធនុយក្លេអ៊ែរ​មាន​ន័យ​ថា ​កូរ៉េខាងជើង​អង្វរសុំ​ធ្វើ​សង្គ្រាម។ ​ស.រ.អា.​មិន​ដែល​ចង់​បាន​សង្គ្រាម​ទេ។ ​ស.រ.អា.​មិន​ចង់​បាន​សង្គ្រាម​ទេ ​ប៉ុន្តែការ​អត់ធ្មត់​របស់​ស.រ.អា.មាន​កំណត់។ ​ស.រ.អា.នឹង​ការពារ​ខ្លួន​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​កាល​ពីថ្ងៃ​អាទិត្យថា ​ការឆ្លើយ​តប​ខាង​យោធា​ទ្រង់ទ្រាយ​ធំអាច​នឹង​កើត​មាន​ ​បើកូរ៉េ​ខាងជើង​គំរាម​ស.រ.អា.​ គំរាម​ដែនដី ​Guam​ នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ឬ​គំរាម​សម្ព័ន្ធមិត្ត។ ស.រ.អា.​ក៏ត្រៀម​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​បន្ថែម​ទៀត​ប្រឆាំង​នឹងកូរ៉េ​ខាងជើង​ផងដែរ។​

លោកស្រី​ Haley​ ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា​ ការ​ប្រឹង​ប្រែង​ការទូត​និង​ទណ្ឌកម្ម​អន្តរជាតិ​ជាង​២​ទសវត្សរ៍មិន​បានធ្វើ​ឲ្យ​របប​កុម្មុយនិស្ត​ឯកោ​នេះ​ផ្លាស់ប្តូរ​ជំហរ​នោះ​ទេ។ អ្នក​តំណាង​កូរ៉េខាងត្បូង​និង​ជប៉ុន​ ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ជាច្រើន​ទៀត​គាំទ្រ​ការ​អំពាវនាវ​របស់​ស.រ.អា.​ឲ្យ​បង្កើន​ទណ្ឌកម្ម​អន្តរជាតិ​ថែម​ទៀត។​

លោក Liu Jieyi ​អ្នកតំណាង​ប្រទេសចិន​ថ្កោល​ទោស​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​ប៉ុន្តែ​ទទូច​ថា​ វិបត្តិ​នេះ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី។ ​លោក​និយាយថា​ ចិន​នឹង​មិន​បណ្តាយ​ឲ្យ​មាន​ភាព​ច្របូក​ច្របល​និង​សង្គ្រាម​នៅក្នុង​ឧបទ្វីប​នេះ​ទេ។ អ្នក​តំណាង​រុស្ស៊ី​និយាយ​ថា ​ភាគីទាំងអស់​ត្រូវ​ធ្វើ​ចិត្ត​ឲ្យត្រជាក់ ហើយ​ចៀស​វាង​សកម្មភាព​ដែល​បង្កើន​ភាព​តាន​តឹង៕