សហរដ្ឋអាមេរិក​បញ្ចប់​ការ​នាំ​ចេញ​វិស័យ​បច្ចេកវិទ្យា​ការពារ​ប្រទេស​ទៅ​កាន់​ក្រុង​ហុងកុង

បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​បដា និង​រូបថត​របស់​សកម្មជន​សិទ្ធិ​ស៊ីវិល​មេធាវី និង​សកម្មជន​ច្បាប់​ចិន​ ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ នៅ​ពេល​ពួកគេ​ដើរ​ក្បួន​ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

សហរដ្ឋអាមេរិក​នឹង​បញ្ចប់​ការ​នាំ​ចេញ​ឧបករណ៍​វិស័យ​ការពារ​ប្រទេស និងបច្ចេកវិទ្យា​ដែល​មាន​ប្រភព​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទៅ​កាន់​ទីក្រុង​ហុងកុង ដូច​ដែល​ខ្លួន​ធ្វើ​សម្រាប់​ប្រទេស​ចិន​ដោយ​លើក​ហេតុផល​ពី​គោលបំណង​សន្តិសុខ​ជាតិ។

ការ​ប្រកាស​កាលពី​ថ្ងៃចន្ទ​កើត​មាន​ឡើង​នៅ​ពេល​ចិន​ធ្វើ​ឱ្យ​ជឿនលឿន​ដល់​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ក្រុង​ហុងកុង។

លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចាត់​វិធានការ​នេះ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក។ យើង​លែង​ចាត់​ទុក​ថា​ខុស​គ្នា​រវាង​ការ​នាំ​ចេញ​ឧបករណ៍​ការពារ​ប្រទេស​ទៅ​កាន់​ទីក្រុង​ហុងកុង ឬ​ទៅ​កាន់​ចិន​ដីគោក​ទៀត​ហើយ»។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកាំង​មាន​ប្រសាសន៍​ទៀត​ថា «យើង​មិន​អាច​ធ្វើ​ការ​ប្រថុយប្រថាន​ឱ្យ​សម្ភារៈ​ទាំង​នោះ​ធ្លាក់​ចូល​ក្នុង​ដៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ដែល​គោលបំណង​ដ៏​សំខាន់​គឺ​លើកស្ទួយ​ការ​ផ្តាច់ការ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​តាម​គ្រប់​មធ្យោបាយ​ទាំងអស់»។

សភា​របស់​ចិន​ត្រូវ​គេ​រំពឹង​ថា នឹង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង​នៅ​ថ្ងៃអង្គារ​នេះ​ជា​ចំណាត់ការ​មួយ​ដែល​ពួក​អ្នក​រិះគន់ និង​ពលរដ្ឋ​សាម្មញ្ញ​ក្រុង​ហុងកុង​ជាច្រើន​ភ័យខ្លាច​ថា នឹង​ផ្តល់​អំណាច​ឱ្យ​គណបក្ស​កុម្មុយនិស្ត​ចិន​ដើម្បី​រឹតបន្តឹង​ការ​ត្រួតត្រា​របស់​ខ្លួន​ហើយ​នឹង​គំរាមកំហែង​ឋានៈភាព​របស់​ទីក្រុង​សេរី​បំផុត​នៅ​លើ​ទឹក​ដី​ចិន។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង ពួក​មន្រ្តី​ចិន​និយាយ​ថា សកម្មភាព​របស់​សហរដ្ឋអាមេរិក​ នឹង​ត្រូវ​បរាជ័យ។

សហរដ្ឋអាមេរិក​បាន​និយាយ​ថា ចំណាត់ការ​របស់​ខ្លួន​កាលពី​ថ្ងៃចន្ទ​ជា​ផលវិបាក​ដោយ​ផ្ទាល់​អំពី​ការ​សម្រេច​របស់​ចិន​ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សន្យា​រក្សា​នៅ​ក្រោម​សេចក្តី​ប្រ កាស​រួម​រវាង​ចិន និង​ចក្រភព​អង់គ្លេស​ដែល​ជា​សន្ធិសញ្ញា​អន្តរជាតិ​មួយ៕