រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ចង់បញ្ឈប់ការផ្ដល់ជំនួយដល់ប្រទេសក្វាតេម៉ាឡា ហុងឌុយរ៉ាស់ និងអែលសាល់វាឌ័រ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍ម្សិលមិញ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយយ៉ាងដូច្នេះថា៖ «យើងកំពុងអនុវត្តបទបញ្ជារបស់លោកប្រធានាធិបតី និងបញ្ឈប់កម្មវិធីផ្ដល់ជំនួយឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ដល់តំបន់ត្រីកោណខាងជើង (Northern Triangle)។ យើងនឹងឲ្យសភាចូលរួមនៅក្នុងដំណើរការនេះ»។
តំបន់ត្រីកោណខាងជើងនេះសំដៅលើប្រទេស ៣ នៅភាគខាងជើងនៃទ្វីបអាមេរិកកណ្ដាល ដែលនោះគឺប្រទេសអែលសាល់វាឌ័រ ហ្គាតេម៉ាឡា និងហុងឌុយរ៉ាស់។ ប្រទេសទាំង ៣ នេះ គ្រោងនឹងទទួលបានជំនួយប្រហែល ៥ រយលានដុល្លារអាមេរិកនៅក្នុងឆ្នាំសារពើពន្ធ ២០១៨ រួមទាំងជំនួយរាប់លានបន្ថែមទៀតដែលនៅសល់ពីឆ្នាំ ២០១៧។ នេះបើយោងតាមការផ្សាយរបស់កាសែត The Washington Post។
វិធានការនេះបានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា បណ្ដាប្រទេសទាំងនោះបាន «បង្កើត» ឲ្យមាននូវក្រុមជនចំណាកស្រុកដែលធ្វើដំណើរជាក្រុមមកកាន់សហរដ្ឋអាមេរិក។
លោក Trump បានបញ្ជាក់កាលពីថ្ងៃសុក្រថា៖ «សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់ពួកគេចំនួន ៥ រយលានដុល្លារ។ យើងបានផ្ដល់ជំនួយដល់ពួកគេជាច្រើន ប៉ុន្តែយើងនឹងមិនផ្ដល់ជំនួយដល់ពួកគេទៀតទេ ដោយសារតែពួកគេមិនបានធ្វើអ្វីឲ្យយើងវិញទេ»។
លោក Trump ថែមទាំងបានគំរាមផងដែរថា នឹងបិទព្រំដែនភាគខាងត្បូង ប្រសិនបើប្រទេសម៉ិកស៊ិកមិនប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ការធ្វើដំណើររបស់ជនចំណាកស្រុកមកកាន់សហរដ្ឋអាមេរិក៕