ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារៀបចំពិព័រណ៍ស្តីពីដំណើរទស្សនកិច្ចរបស់លោកស្រី Jaqueline Kennedy ដែលជាភរិយាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្ហាញពីចំណងមិត្តភាពរឹងមាំរវាងកម្ពុជា-អាមេរិក។
ក្នុងពិធីតាំងពិព័រណ៍នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា មានរូបថតមួយចំនួនដែលភ្ជាប់ដោយការពន្យល់រៀបរាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Jacqueline Kennedy ដែលជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy ត្រូវបានដាក់តាំងបង្ហាញក្នុងសណ្ឋាគារ Raffle Le Royal ក្នុងរាជធានីភ្នំពេញ ជាសណ្ឋាគារដែលលោកស្រីបានស្នាក់នៅនាពេលដំណើរទស្សនកិច្ច។ រូបថតទាំងនោះបង្ហាញពីជំនួបផ្ទាល់រវាងលោកស្រី និងព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុ និងអគ្គមហេសីនរោត្តម មុនីនាថ សីហនុ។
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងពិធីកាត់ខ្សែបូរសម្ពោធការតាំងពិព័រណ៍រូបថតរបស់លោកស្រី Jacqueline Kennedy នាយប់ថ្ងៃទីអង្គារកន្លងទៅថា អំឡុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់លោកស្រី Jacqueline ក្នុងឆ្នាំ១៩៦៧ អាមេរិក និងកម្ពុជា មិនទាន់មានចំណងការទូតជាមួយគ្នាឡើងវិញនោះទេ បន្ទាប់ពីការកាត់ផ្តាច់ក្នុងឆ្នាំ១៩៦៥។ លោកបន្ថែមថា បើទោះបីជាពេលនោះ អាមេរិក និងកម្ពុជាមិនមានទំនាក់ទំនងការទូតក្តី ប៉ុន្តែសម្តេចនរោត្តមសីហនុ និងប្រជាជនកម្ពុជាបានស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅនិងរាក់ទាក់។
លោក William Heidth បន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកស្រី Jacqueline Kennedy នៅឆ្នាំ១៩៦៧ គឺជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ថានៅមានភាពរឹងមាំ បើទោះបីជាស្ថានការណ៍នយោបាយមានភាពឡើងចុះក៏ដោយ។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា៖
«អ្នកប្រហែលជាដឹងពីព័ត៌មាន ដែលថាមានបញ្ហាមួយចំនួននៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីររបស់យើងនាពេលបច្ចុប្បន្ននេះ ដូចជានៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ Jackie មកប្រទេសកម្ពុជានៅឆ្នាំ១៩៦៧ដែរ។ វាជារឿងធម្មតាទេ ដែលប្រទេសពីរមិនយល់ស្របគ្នាលើគ្រប់បញ្ហាទាំងអស់នោះ។ ដំណើរទស្សនកិច្ចរបស់ Jackie បង្ហាញពីរបៀបដែលការគោរព និងអភិរក្សកេរដំណែលវប្បធម៌របស់កម្ពុជាអាចនាំប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ។ នេះគឺជាគោលដៅដែលមានសារៈសំខាន់សម្រាប់ពេលបច្ចុប្បន្ន ដូចដែលបានកើតឡើងកាលពីឆ្នាំ១៩៦៧»។
សម្រាប់លោកស្រី Jaqueline Kennedy បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅកម្ពុជាជាការបំពេញ «សុបិនក្នុងមួយជីវិតកាលពីនៅក្មេង» ក្នុងការបានមើលប្រាសាទអង្គរដែលជាប្រាសាទបុរាណខ្មែរ៕