ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​នឹង​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ ដូណាល់​ ត្រាំ


​លោកស្រី ​ចក់ ​សុភាព ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ចូលរួម​ក្នុង​កម្ម​វិធីតាមដាន​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
​លោកស្រី ​ចក់ ​សុភាព ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ចូលរួម​ក្នុង​កម្ម​វិធីតាមដាន​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ ត្រាំ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បេក្ខជន​ដែល​មាន​លក្ខណ:​ខុស​ប្លែក​ពី​បេក្ខជន​ប្រធានាធិបតី​ដទៃៗ​ទៀត​ដោយ​សារ​ការ​និយាយ​កុហក​ ការ​និយាយ​ស្ដី​មិន​សមរម្យ​ ការ​រើស​អើង​ពូជ​សាសន៍​និង​ស្ត្រី​ ការ​សង់​ជញ្ជាំង​ព្រំ​ប្រទល់​ជាប់​ប្រទេស​ម៉ិចស៊ិក​ និង​បញ្ហា​ជា​ច្រើន​ទៀត។

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា​សម្ដែង​ការ​ខកចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែល​ផ្ដល់​ជ័យជម្នះ​ដល់​លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ។​

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា​នេះ បាន​បង្ហាញ​ថា​លោក​ ដូណាល់ ​ត្រាំ​ មហាសេដ្ឋី​អចលនទ្រព្យ ​និង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​គូ​ប្រជែង​របស់​លោក​គឺ​លោក​ស្រី ហ៊ីលឡារី​ គ្លីនតុន ​(Hillary Clinton) ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

លោក​ ត្រាំ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បេក្ខជន​ដែល​មាន​លក្ខណ:​ខុស​ប្លែក​ពី​បេក្ខជន​ប្រធានាធិបតី​ដទៃៗ​ទៀត​ដោយ​សារ​ការ​និយាយ​កុហក​ ការ​និយាយ​ស្ដី​មិន​សមរម្យ​ ការ​រើស​អើង​ពូជ​សាសន៍​និង​ស្ត្រី​ ការ​សង់​ជញ្ជាំង​ព្រំ​ប្រទល់​ជាប់​ប្រទេស​ម៉ិចស៊ិក​ និង​បញ្ហា​ជា​ច្រើន​ទៀត។

គូ​ប្រជែង​របស់​លោក​ ដូណាល់ ​ត្រាំ​ គឺ​លោក​ស្រី ​ហ៊ីលឡារី​ គ្លីនតុន ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​ជា​អតីត​ស្ត្រី​ទី​១​ នៅ​ពេល​ស្វាមី​លោក​ស្រី​គឺ​លោក​ Bill ​Clinton ​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នោះ ​ត្រូវ​បាន​គេ​ទាយ​ថា​ នឹង​មាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​អាណត្តិ​នេះ។

ប៉ុន្តែ ​លោក​ ត្រាំ​ បែរ​ជា​ទទួល​បាន​ប្រតិភូ​២៨៨ ​ខណៈ:​ដែល​លោក​ ស្រី​ ហ៊ីលឡារី​ គ្លីនតុន ​ដែលជំពាក់ជំពិន​នឹង​អំពើ​ពុក​រលួយ​និង​ការ​លុប​ចោល​សារ​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន ​ទទួល​បាន​ប្រតិភូ​តែ​២១៥។

នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នេះ បេក្ខជន​ដែល​ទទួល​បាន​ចំនួន​ប្រតិភូ​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រតិភូ​សរុប៥៣៨ ពោល​គឺ​ចំនួន​២៧០​ឡើង​ទៅ គឺ​ជា​អ្នក​ឈ្នះ។

កាល​ពីថ្ងៃ​ពុធ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​អញ្ជើញ​សមាជិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សិស្ស​និស្សិត​ និង​អ្នក​សារព័ត៌មាន​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ពិធី​ជួបជុំ​មួយ​ដើម្បី​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។

បដា​ឃោសនា​ការតាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០១៦ ដែល​ផ្សាយ​តាម​ទូរទស្សន៍​នៅ​ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
បដា​ឃោសនា​ការតាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០១៦ ដែល​ផ្សាយ​តាម​ទូរទស្សន៍​នៅ​ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅ​ក្នុង​កម្មវិធី​ជួបជុំ​នោះ ​អ្នក​តាម​ដាន​ការ​បោះឆ្នោត​នេះ​តាម​កញ្ចក់​ទូរទស្សន៍​ និង​ផ្ទាំង​សំពត់​ស​នៅ​ស្ថានទូត​អាមេរិក​បាន​បង្ហាញ​ពី​ការ​សប្បាយ​ចិត្ត ​និង​ហ៊ោ​កញ្ជ្រៀវ​ នៅ​ពេល​ដែល​សំឡេង​ឆ្នោត​របស់​លោក​ស្រី​ ហ៊ីល​ឡារី ​គ្លីនតុន ​មាន​ការ​កើន​ឡើង។

ប៉ុន្តែ ​ពួក​គេ​សម្ដែង​ការ​ខក​ចិត្ត​ នៅ​ពេល​ដែល​សំឡេង​ឆ្នោត​របស់​លោក​ស្រី​ មាន​ការ​ធ្លាក់​ចុះ។​

លោក ​អ៊ូ ​វីរ: ​ប្រធាន​វេទិកា​អនាគត ​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្ម​វិធី​នៅ​ស្ថានទូត​អាមេរិក​នោះ​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​ខក​ចិត្ត​ និង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ ដូណាល់​ ត្រាំ។

«វា​ជា​ការ​ខក​ចិត្ត​មួយ។​ ជា​ទូទៅ​ខ្ញុំ​មិន​ប្រកាន់​គណបក្ស​មួយ​ណា​ទេ​។ វា​មិន​ខុស​គ្នា​ណាស់​ណា​ទេ​គណបក្ស​ទាំង​ពីរ​នេះ។ ប៉ុន្តែ​លោក ​ដូណាល់ ​ត្រាំ​ គាត់​មាន​ភាព​ឆេវឆាវ។ គាត់​មាន​ការ​មើល​ងាយ​ស្ត្រី ​ហើយ​អ្វី​ដែល​គាត់​និយាយ​មក​គឺ​កុហក​កណ្តាលៗ​វាល»។

លោក​បន្ថែម​ថា៖​«ប្រសិន​បើ​ពិភពលោក ​គាត់​បាត់បង់​ការ​ទុកចិត្ត​ទៅ​លើ​សហរដ្ឋ​អាមេរិក​ វា​អាច​ធ្វើ​ឲ្យ​ប្រទេស​និមួយៗ​ហ្នឹង ​ទិញ​នូវ​សព្វាវុធ​ បញ្ចេញ​នូវ​សាច់​ដុំ​ទិញ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​រៀងៗ​ខ្លួន»។

លោក​ មឿន​ តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា​ លោក​ចង់​ឲ្យ​លោក​ស្រី​ ហ៊ីល​ឡារី ​គ្លីនតុន ​ឈ្នះ​ជា​ប្រធានាធិបតី ​ដោយសារ​លោក​ស្រី​យល់​ពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហើយ​លោក​ថា ​លោក​ស្រី​អាច​នឹង​បន្ត​ការងារ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា។

លោក​បន្ត​ថា​ លោក​ ត្រាំ ​អាច​នឹង​ព្រងើយ​កន្តើយ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ជា​បញ្ហា​ចម្បង​នៅ​កម្ពុជា។

​«ខ្លាច​ត្រាំ ​គាត់​អត់​បាន​យក​ចិត្ត​ទុកដាក់​ពេញលេញ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​ក្រីក្រ។ គាត់​អាច​នឹង​កាត់​ជំនួយ​មួយ​ជំនួយ ​ព្រោះ​ថាគាត់​ត្រូវ​ស្តា​ប្រទេស​អាមេរិក»។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោកស្រី ​ចក់ ​សុភាព ​ដែល​បាន​ចូលរួម​ក្នុង​កម្ម​វិធី​នៅ​ស្ថានទូត​ដែរ បាន​និយាយ​ថា​ លោក​ស្រី​ចង់​ឲ្យ​លោក​ស្រី​ ហ៊ីលឡារី​ គ្លីនតុន​ ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ដោយ​សារ​លោក​ស្រី គ្លីន​តុន ​ជា​ស្ត្រី។

លោក​ស្រី​ ក៏​បាន​បន្ត​ផង​ដែរ​ថា​ ប្រសិន​បើ​ឈ្នះ​ឆ្នោត​នោះ​លោក​ស្រី ​គ្លីន​តុន ​នឹង​បន្ត​ធ្វើ​ការងារ​បន្ត​ពី​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា ​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។​

បន្ទាប់​ពី​ការ​ចេញ​លទ្ធផល​បោះឆ្នោត ​លោក​ស្រី​បាន​សរសេរ​នៅ​លើ​គេហទំព័រ​សង្គម​របស់​លោក​ស្រី​ថា៖

«លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ថ្ងៃ​នេះ ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ខក​ចិត្ត​ផង​ដែរ​ ជា​ពិសេស​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​ចង់​ឃើញ​ស្ត្រី​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក»។​

លោក​ស្រី​បាន​បន្ថែម​ថា​ ថ្វី​បើ​ឋិត​ក្នុង​ស្ថាន​ការណ៍​ ដែល​ពោរពេញ​ដោយ​ការ​ភ្ញាក់​ផ្អើល ​ភាព​តាន​តឹង​ និង​ខក​ចិត្ត​យ៉ាង​ណា​ក៏ដោយ ​ប្រទេស​កម្ពុជា​អាច​រៀន ​និង​ដក​ពិសោធន៍​ពី​ប្រព័ន្ធ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ដែល​បេក្ខជន​គ្រប់​រូប​អាច​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា​ដោយ​សេរី​ និង​យុត្តិធម៌។

លោក​ស្រី​ចក់​សុភាព​បន្ថែម​ថា ​លោក​ស្រី​ចង់​ឃើញ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​គោរព​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទ្ធ​មនុស្ស​ ហើយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ដើរ​តួ​ជា​អ្នក​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភពលោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG