រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់បានបិទទ្វារជាផ្លូវការ១៨ ដងរួចមកហើយ ចាប់តាំងពីឆ្នាំ១៩៧៦មក នៅពេលដែលមានការចាប់ផ្តើមជជែកអនុម័តលើការកំណត់ថវិកាចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។
ការបិទទ្វារចុងក្រោយបានកើតឡើងកាលពីឆ្នាំ២០១៣ ដោយសារមានការមិនយល់ស្របគ្នាអំពីគោលនយោបាយរបស់ក្រសួងសុខាភិបាល។ នៅពេលនោះមានការបិទទ្វាររដ្ឋាភិបាលរហូតដល់ទៅ១៦ថ្ងៃ និងបានធ្វើឲ្យបុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់សែននាក់បាត់បង់ការងារជាបណ្តោះអាសន្ន។
មានស្ថាប័នខ្លះបានបិទទ្វារ និងខ្លះទៀតនៅបន្តធ្វើការនៅអំឡុងពេលដែលរដ្ឋាភិបាលសហសហព័ន្ធបិទទ្វារ។ ប៉ុន្តែកាលពីឆ្នាំ២០១៣ បុគ្គលិករដ្ឋាភិបាលសហព័ន្ធចំនួន៨សែន៥ម៉ឺននាក់ត្រូវបានបាត់បង់ការងារបណ្តោះអាសន្ន មានន័យថាពួកគេមិនអាចមកធ្វើការបានទេ។ តាមច្បាប់បុគ្គលិករដ្ឋាភិបាលសហសព័ន្ធទាំងនោះមិនអាចទទួលបានប្រាក់ខែទេនៅអំឡុងពេលបិទទ្វារនេះ ប៉ុន្តែការបិទទ្វាររបស់រដ្ឋាភិបាលនាពេលកន្លងមក បុគ្គលិកទាំងនោះបានទទួលប្រាក់ខែបន្ទាប់ពីរដ្ឋាភិបាលបើកទ្វារវិញ។
បុគ្គលិករដ្ឋាភិបាលសហព័ន្ធចំនួន៨សែន៥ម៉ឺននាក់ដែលត្រូវបានបាត់បង់ការងារជា បណ្តោះអាសន្ននោះ គឺជាចំនួនជិតដល់ពាក់កណ្តាលនៃបុគ្គលិកសហព័ន្ធសរុប២លាននាក់។ ទីភ្នាក់ងារសំខាន់ៗមួយចំនួននៅតែបន្តការងាររបស់ខ្លួន ដោយមានបុគ្គលិកតិចតួចបំផុត ដែលមានដូចជា ទីភ្នាក់ងារ FBI កងកម្លាំងការពារព្រំដែននិងសំឡេងសហរដ្ឋអាមេរិកVOA ជាដើម។ បុគ្គលិកផ្នែកបញ្ជាចរាចរណ៍ផ្លូវអាកាស និងសន្តិសុខនៅតាមព្រលានយន្តហោះក៏នៅធ្វើការជាធម្មតាដែរ។
ស្ថានទូតសហរដ្ឋអាមេរិកនៅតាមប្រទេសនានា នឹងបើកទ្វារធ្វើការជាធម្មតាដែរ ដោយមានបុគ្គលិកសំខាន់ៗមួយចំនួនត្រូវនៅបំពេញការងារប្រចាំថ្ងៃធម្មតារបស់ខ្លួន ក៏ប៉ុន្តែក្រសួងការបរទេសមិនទាន់បានបញ្ជាក់ថា ការងារណាដែលពួកគេអាចធ្វើបាន និងមិនអាចធ្វើបាននោះទេ នៅអំឡុងពេលបិទទ្វារនេះ៕