លោក Donald Trump ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ផ្លូវ​ការ​ទី ៤៥ របស់​សហរដ្ឋ​អាមេរិក

អ្នកបោះ​ឆ្នោត​នៅ​ Electoral Collegeលោក William Rauwerdink បង្ហាញ​សន្លឹក​ឆ្នោត​របស់​ខ្លួនសម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី ១៩ ធ្នូ ២០១៦ ទីក្រុង Lansing រដ្ឋ Michigan។

គណៈកម្មការ​ជ្រើសរើស​ប្រធានាធិបតី ដែល​គេ​ស្គាល់​ថា Electoral College កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បោះ​ឆ្នោត​ជ្រើសរើស​លោក Donald Trump ជា​ប្រធានាធិបតី​ផ្លូវការ​ទី ៤៥ របស់​សហរដ្ឋ​អាមេរិក។

ប្រជាពលរដ្ឋ​អាមេរិកាំង​បាន​ដឹង​តាំង​ពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ថា លោក Trump នឹង​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ខាង​មុខ​នេះ។

ប៉ុន្តែ ការ​បោះ​ឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មិន​កំណត់​យក​តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​ដែល​បេក្ខជន​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​នីមួយៗ​ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​កំណត់​ដោយ​ការ​បោះ​ឆ្នោត​ទូទៅ​នេះ​នៅ​តាម​រដ្ឋ​ទាំង ៥០ រួម​ទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ និង​ជា​ចុងក្រោយ​គឺ​សម្រេច​ជា​ផ្លូវការ​ដោយ​ការ​បោះ​ឆ្នោត​របស់​សមាជិក​នៃ​គណៈកម្មការ​ជ្រើសរើស​ប្រធានាធិបតី។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ គណៈ​ប្រតិភូ ឬ​សមាជិក​នៃ​គណៈកម្មការ​ជ្រើសរើស​ប្រធានាធិបតី បាន​បោះ​ឆ្នោត​នៅ​តាម​រដ្ឋ​នីមួយៗ រួម​ទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ ហើយ​លោក Trump ដែល​ដូច​ដែល​គេ​បាន​គិត​ទុក​មុន​រួច​ជា​ស្រេច​នោះ ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២៧០ សំឡេង ដែល​ជា​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​ផ្លូវ​ការ​របស់​សហរដ្ឋ​អាមេរិក​បាន។

ការ​បោះ​ឆ្នោត​ដោយ​សមាជិក​គណៈកម្មការ​ជ្រើសរើស​ប្រធានាធិបតី​នេះ មាន​បង្ហាញ​នៅ​ក្នុង​មាត្រា​ទី​ពីរ​នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បោះឆ្នោត​មិន​ផ្ទាល់​របស់​សហរដ្ឋ​អាមេរិក។ ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី ត្រូវតែ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​សមាជិក​នៃ​គណៈកម្មការ​ជ្រើសរើសប្រធានាធិបតី​ចំនួន ២៧០ សំឡេង ដើម្បី​អាច​ត្រូវ​គេ​ជ្រើសរើស​ជា​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​បាន ទោះបីជា​ពួកគេ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា កន្លង​មក​នេះ​ក៏​ដោយ៕