ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានត្អូញត្អែរកាលពីថ្ងៃព្រហស្បតិ៍អំពីការមិនឲ្យតម្លៃទៅលើជ័យជម្នះរបស់លោកលើលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ តាមរយៈការបន្តបញ្ចេញព័ត៌មានដែលថា រុស្ស៊ីបានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កើនឱកាសទទួលបានជ័យជម្នះរបស់លោក។
លោក Trump បានសួរនៅក្នុងប្រអប់បញ្ចេញមតិយោបល់លើបណ្តាញសង្គម Twitter ថា «ប្រសិនបើរុស្ស៊ី ឬអង្គភាពផ្សេងទៀតបានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ហេតុអ្វីបានជាសេតវិមានរង់ចាំយូរម្ល៉េះទម្រាំចាត់វិធានការ? ហេតុអ្វីបានជាពួកគេទើបតែចាត់វិធានការក្រោយពេលដែលលោកស្រី Hillary ចាញ់?»
ជំនួយការជាន់ខ្ពស់ម្នាក់របស់លោក Trump គឺលោកស្រី Kellyanne Conway នៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍ បានស្តីបន្ទោសដល់អ្នកនាំពាក្យសេតវិមាន លោក Josh Earnest ចំពោះការផ្តល់យោបល់កាលពីថ្ងៃពុធថា លោក Trump ប្រហែលជាបានដឹងក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការបោះឆ្នោត អំពីអន្តរាគមន៍របស់រុស្ស៊ីនៅក្នុងការប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ហើយថា ការអន្តរាគមន៍របស់ពួកគេមានឥទ្ធិពលអវិជ្ជមានដល់យុទ្ធនាការរបស់លោកស្រី Clinton។
នៅក្នុងសន្និសីទកាសែតផ្លូវការចុងក្រោយបង្អស់កាលពីខែកក្កដា លោក Trump បានអញ្ជើញក្រុមអ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រជនជាតិរុស្ស៊ីឲ្យរកអ៊ីមែលដែលត្រូវបានលុបចេញពីប្រព័ន្ធផ្ទុកទិន្នន័យ (server) ឯកជនរបស់លោកស្រី Clinton ហើយមួយថ្ងៃក្រោយមក លោកបាននិយាយថា វាគ្រាន់តែជារឿងកំប្លែងចំអន់មួយប៉ុណ្ណោះ៕