តួ​លេខ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​​បង្ហាញ​ថា សេដ្ឋកិច្ច​អាមេរិក​កើន​៧,៤%​ ​ក្នុង​ត្រីមាស​ទី​៣

រូបឯកសារ៖ ពលរដ្ឋឈរតម្រង់ជួរចាំចូលហាងលក់ទំនិញនៅទីក្រុង Schaumburg រដ្ឋ Illinois សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ក្រសួង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​រាយការណ៍​ថា​សេដ្ឋកិច្ច​អាមេរិក​បាន​កើន​ឡើង​៧,៤%ពីខែ​កក្កដាដល់​ខែ​កញ្ញា ស្រប​ពេល​ដែល​អាជីវកម្ម​នានា​បាន​ចាប់​ផ្ដើម​បើក​ទ្វារ​ឡើង​វិញ​ហើយ​ពលរដ្ឋ​ដែល​ទទួល​ជំនួយ​ពី​កញ្ចប់​ថវិកាដោះស្រាយគ្រា​វិបត្តិ​កូវីដ​ពី​រដ្ឋ​ បាន​ចាប់​ផ្ដើម​ចាយ​វាយ​ឡើង​វិញទោះ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​កំពុង​បន្ដ។

កំណើន​ត្រីមាស​ទីបី​នេះមួយ​ផ្នែក​ជា​ការ​ស្រង់​ដើម​ពី​ការ​ធ្លាក់​ចុះគំហុក​៩% នៅត្រីមាស​ទី​២​ពី​ខែ​មេសា ដល់​ខែ​កក្កដា នៅពេល​ភាគ​ច្រើន​នៃ​ចរន្ត​សេដ្ឋកិច្ច​ប្រទេស​នេះ​ត្រូវ​បាន​បិទ ខណៈ​ជំងឺ​កូវីដ​១៩​ឆ្លង​ចូល​ក្នុង​សហរដ្ឋមេរិក​ពី​ប្រទេស​ចិន និង​អឺរ៉ុប។

តួលេខកើនឡើង​នៅ​ក្នុង​ត្រីមាស​ទី​បីនេះគឺ​ជា​របាយការណ៍​សេដ្ឋកិច្ច​ចម្បង​ចុង​ក្រោយ​ដែល​បាន​ចេញ​ផ្សាយ មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ​ទី៣ ខែវិច្ឆិកា​ខាង​មុខ​ហើយ​វាអាច​ជួយលោក​ប្រធាធានាធីបតី​Trump​អះអាង​តទល់​នឹង​គូប្រជែងរបស់​លោក គឺ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ថា សេដ្ឋកិច្ច​អាមេរិក​កំពុង​ស្ថិត​រើប​ឡើង​វិញ​យ៉ាង​រហ័ស​នោះ។

លោក Trump បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​Twitter ដោយហៅ​តួ​លេខ​ថ្មី​នេះ​ថា ​ជាតួលេខ​ «ធំ​បំផុត​និង ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក»។

លោក​សរសេរ​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «ហើយ​ឆ្នាំ​ក្រោយ​នឹង​រឹត​តែ​អស្ចារ្យ!!! ប៉ុន្តែ​ លោក ​Joe Biden ដែល​អសកម្ម (Sleepy Joe Biden)​ និង​ផែនការ​ដំឡើង​ពន្ធរបស់​លោក​នឹង​បំផ្លាញ ​[កំណើន​សេដ្ឋកិច្ច] នេះ។​ ខ្ញុំរីករាយ​ណាស់​ដែល​តួលេខ​នៃ​ (ផលិតផល​ក្នុង​ស្រុក​សរុប GDP) នេះ ចេញ​ផ្សាយ​ មុន​ថ្ងៃ​ទី ៣​ ខែ​វិច្ឆិកា។»

យ៉ាង​ណា​ក៏​ដោយ​លោក​Biden បាន​និយាយ​តបក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ត្រូវ​ហើយ GDP កើនឡើង​នៅ​ត្រី​មាស​មុន​ប៉ុន្តែ​ការ​សុំ​ជំនួយ​ស្បៀង​អាហារ​មិន​ថយ​ចុះឡើយ ហើយ​ភាពក្រីក្រ​ក៏​កើន​ឡើង។ ពលរដ្​ឋអាមេរិក​ដើម​កំណើតអាហ្វ្រិក និងឡាទីន នៅ​តែ​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ការ​អត់​ការងារ​ធ្វើជាង​១០%។ ការងារ​បន្ថែមថែទាំ​សមាជិក​គ្រួសារដែល​បង្ក​ឡើង​ដោយ​ការ​បរាជ័យ​របស់​លោក​Trump ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នេះ ធ្វើ​ឲ្យ​ស្ត្រី​ជាច្រើន​ត្រូវ​ឈប់​ពី​ការងារ​តែ​ម្តង។

សេដ្ឋវិទូ​រំពឹង​ថា​សេដ្ឋកិច្ច​អាមេរិក​ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​ពិភពលោក​នឹង​មាន​កំណើន​ថែម​ទៀត​នៅ​ក្នុង​ត្រីមាស​ទី​៤​ចុង​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​អត្រា​កំណើនសរុប​សម្រាប់​ឆ្នាំ​២០២០​នេះ​ត្រូវ​រំពឹង​ថា​តិច​ជាង​ឆ្នាំ​២០១៩៕