លោក Patrick Murphy ទៅ​ថៃ​និង​ឥណ្ឌូណេស៊ី ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្រ្ត

លោក​ Patrick Murphy ​ឧបការីរង​ចម្បង​​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក។ (រូបថតដោយ U.S. Embassy of Phnom Penh)

ដំណើរ​ទស្សនកិច្ច​ការងារ​​របស់​លោក ​Murphy បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៨ ដល់​២២​ខែមីនា ហើយ​លោក​​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​ក្នុង​នាម​ជាប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​ពង្រឹង​សម្ព័ន្ធ​ភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ថៃ កាលពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃអង្គារ​កន្លង​ទៅ​នេះ។​

លោក Patrick Murphy ឧបការីរង​ចម្បងរដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក​ ​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ការងារ​រយៈពេល​៥ថ្ងៃទៅ​ប្រទេស​ថៃ ឥណ្ឌូណេស៊ី​និង​រដ្ឋហាវ៉ៃ ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​សម្ព័ន្ធភាព​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការនៅតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះ បើ​តាម​សេចក្តី​ជូន​ដំណឹង​កាលពី​ថ្ងៃ​អង្គារ​របស់​ស្ថាន​ទូត​ស​ហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​ការងាររបស់​លោក ​Murphy បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៨ ដល់​២២​ខែមីនា ហើយ​លោកបាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​ក្នុង​នាម​ជាប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​ពង្រឹង​សម្ព័ន្ធ​ភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ថៃ កាលពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃអង្គារ​កន្លង​ទៅ​នេះ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។​

នៅ​ប្រទេស​ឥណ្ឌូណេស៊ី លោក​ឧបការី​ចម្បង​រដ្ឋ​មន្ត្រី​ការបរទេស បាន​ដឹកនាំ​ប្រតិភូ​សហរដ្ឋ​អាមេរិក​ចូលរួម​កិច្ចពិភាក្សា​ជាន់ខ្ពស់​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​ជា​ការពិភាក្សាផ្តោតលើ​បញ្ហា​អាទិភាព​នៃ​ប្រទេស​ក្នុ​ងតំបន់ ហើយ​លោក​ក៏​នឹង​ជួប​ជាមួយ​នឹងមន្ត្រី​ឥណ្ឌូណេស៊ី​ដើម្បី​ពិភាក្សា​ពង្រឹង​ដៃគូ​យុទ្ធសាស្រ្ត​នៃ​ប្រទេស​ទាំងពីរ​ក្នុង​រយៈ​ពេល​៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត។

លោក Murphy ​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅទីក្រុង​ហូណូលូលូ រដ្ឋហាវ៉ៃ ​ដែល​នៅ​ទីនោះ​លោក​នឹង​ជួប​ជាមួយ​មន្ត្រី​នៃ​ទីបញ្ជាការ​ឥណ្ឌូប៉ាស៊ីហ្វិក និង​អ្នក​ជំនាញ​ដែល​ធ្វើការ​ផ្តោត​លើ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។​

រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​ឥណ្ឌូ-​ប៉ាស៊ីហ្វិក​ដើម្បី​ទប់​ទល់​នឹង​មហិច្ឆតា​របស់​ប្រទេស​ចិន​ដែល​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​នេះ​តាម​រយៈ​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម។ ប៉ុន្តែ​អ្នក​វិភាគ​មើលឃើញ​ថា ថវិការ​ដែល​សហរដ្ឋ​អាមេរិក​ចំណាយ​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​មិន​អាច​ប្រៀប​បាន នឹង​ប្រទេស​ចិន​ដែល​ចំណាយ​ប្រាក់​ជាច្រើន​ពាន់​លាន​ដុល្លារ​នោះ​ទេ។

លោក​Murphy ត្រូវ​បាន​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​តែងតាំង​ជាថ្មី​ជា​បេក្ខជន​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ព្រឹទ្ធសភា​អាណត្តិ​មុន​បាន​អស់ពេល​មិន​អាច​ផ្តល់​ការតែងតាំង​លោក​ជាផ្លូវការ​បាន។ ​ឯកសារ​របស់​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា បេក្ខភាព​របស់​លោក​ត្រូវបាន​បញ្ជូន​ដល់​គណៈកម្មាធិការ​កាលពី​ថ្ងៃទី​១៦ខែ​មករា។ ប៉ុន្តែ​មន្ត្រី​នៃ​គណៈកម្មាធិការ​នេះ មិន​អាច​បញ្ជាក់​បាន​ថា នឹង​ត្រូវ​ធ្វើ​សវនាការ​ជាថ្មី​ឬ​នៅ​ពេល​ណា​នោះ​ទេ នៅ​ពេល​ដែល VOAទាក់ទង។

លោក Patrick Murphy ​ធ្លាប់​បាន​បញ្ជាក់​នៅ​ក្នុង​សវនាការ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ថា បើ​សិន​ជា​លោក​ត្រូវ​បាន​ព្រឹទ្ធសភា​យល់​ព្រម ហើយ​ទទួល​យក​ការងារ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា គឺ​លោក​នឹង​ខិតខំ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ក៏​ដូច​ជា​ខិតខំ​ពង្រឹង​ពាណិជ្ជកម្មរបស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ផងដែរ។

លោក Murphy ក៏​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការដើរ​ថយក្រោយ​ខាងផ្នែក​អភិបាល​កិច្ច នីតិរដ្ឋ និង​ការរីករាលដាល​អំពើ​ពុករលួយនៅ​ប្រទេសកម្ពុជា​ផងដែរ ជាពិសេស​ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​និង​បន្ត​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន និង​ការហាមឃាត់​អ្នកនយោបាយ​ជាង ១០០ នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។

លោក​បាន​បន្ថែម​ថា៖

«ប្រសិនបើ​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជាផ្លូវការ​ ខ្ញុំ​នឹង​គាំទ្រ​ឱ្យ​មាន​ការផ្សះផ្សារ​គ្នា គោរព​តាម​គោល​ការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​អធិប​តេយ្យភាព​របស់​ប្រទេស[កម្ពុជា]‍»។

លោក Patrick Murphy បាន​កាន់តំណែង​ជា​ឧបការី​រង​ចម្បង​រដ្ឋមន្ត្រី​ការបរទេស តាំងពី​ខែ​មេសា ឆ្នាំ​២០១៦៕