ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​គ្រោង​ធ្វើ​សវនាការ​លើ​សំណើ​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា


រូបឯកសារ៖ លោក​ W. Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក(​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍) ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​អំពីទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ២០១៧​។ (ខាន់​ សុ​គុំ​មនោ/VOA)

លោក​ W. Patrick Murphy បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដង​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ​ហើយ​គ្រាន់​តែ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​យ៉ាង​ហោចណាស់​ពីរ​ដង​នៅ​កម្ពុជា។

គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ នៅ​ថ្ងៃ​អង្គារ​នេះ គ្រោង​នឹង​បើក​សវនាការ​លើ​សំណើ​របស់​សេតវិមាន​ក្នុង​ការ​តែងតាំង​លោក​ W. Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា ក្រោយ​ពី​លោក William A. Heidt បាន​បញ្ចប់​អាណត្តិ​ផ្លូវការ​របស់​លោក​កាល​ពី​សប្ដាហ៍​មុន។

លោក​ W. Patrick Murphy បច្ចុប្បន្ន​គឺ​ជា​ឧបការី​រង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

មុន​មក​កាន់​ដំណែង​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក លោក​W. Patrick Murphy ធ្លាប់​ធ្វើ​ជា​ភារធារី​និង​អនុ​ប្រធាន​បេសកកម្ម​ការ​ទូត​ប្រចាំ​ប្រទេស​ថៃ ចាប់​ពី​ឆ្នាំ​២០១៣ ដល់​២០១៦ និង​ប្រទេស​ឡេសូតូ​ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ចាប់​ពី​ឆ្នាំ២០០៦ ដល់​២០០៨។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

អ្នក​ជំនាញ​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​ឆ្នាំ​រូប​នេះ បាន​បញ្ចប់​កិច្ចការ​ទូត​របស់​លោក​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ដូច​ជា​ភូមា ចិន អ៊ីរ៉ាក់ ហ្គីណេ​និង​ម៉ាលី ចាប់​តាំង​ពី​លោក​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៩២​មក។

លោក ​W. Patrick Murphy បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដង​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ​ហើយ​គ្រាន់​តែ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​យ៉ាង​ហោចណាស់​ពីរ​ដង​នៅ​កម្ពុជា។

អ្នក​ការទូត​ចាស់​វស្សា​រូប​នេះ ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ខាង​ទំនាក់​ទំនង​អន្តរជាតិ​ពី​សាកលវិទ្យាល័យ Johns Hopkins University និង​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ខាង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ពី​មហាវិទ្យាល័យ National War College។​ នេះ​បើ​ផ្អែក​តាម​ប្រវត្តិរូប​សង្ខេប​របស់​លោក​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

លោក​ឯកអគ្គរដ្ឋទូត​ William A. Heidt ​បាន​ថ្លែង​ក្នុង​បទវិចារ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​អាមេរិក មុន​បញ្ចប់​បេសកកម្ម​ការទូត​ជា​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា ​យ៉ាង​ដូច្នេះ​ថា៖​

«លោក​ ​Patrick គឺជា​បេក្ខជន​តែង​តាំង​ដ៏​ល្អ​បំផុត។​ ​លោក​មាន​ប្រវត្តិ​លេចធ្លោ​នៅ​ក្នុង​ការ​ងារ​ ​ស្គាល់​តំបន់​អាស៊ី​អាគ្នេយ៍​ច្បាស់​ ​ហើយ​ដឹង​ពី​គោល​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​យ៉ាង​ច្បាស់»។

​បន្ទាប់​ពី​សាកសួរ​លោក W. Patrick Murphy​ រួច​ហើយ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ នឹង​បញ្ជូន​សំណើ​តែងតាំង​នេះ ទៅ​កាន់​ព្រឹទ្ធសភា​អាមេរិក​ទាំង​មូល ដើម្បី​បោះឆ្នោត​ អនុម័ត។​

ប្រសិន​បើ​សំណើ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​នេះ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​មែន​នោះ​ លោក W. Patrick Murphy នឹង​ទៅ​ជំនួស​លោក​ William A. Heidt សម្រាប់​អាណត្តិ​រយៈពេល​៣​ឆ្នាំ​បន្ទាប់​ទៀត៕

XS
SM
MD
LG