ការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើកឬ Drone នៅក្នុងប្រទេសប៉ាគីស្ថាន នាំឲ្យមានការទាមទារជាថ្មីឲ្យមានតម្លាភាព។ ការវាយប្រហារដោយ Drone នោះ មិនមានការជូនដំណឹងឲ្យដឹងជាមុនទេ។
វាជាលើកដំបូងហើយ ដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានវាយប្រហារតំបន់ព្រំដែនដែលនៅខាងក្រៅដែលគ្មានច្បាប់ទម្លាប់របស់ប្រទេសនោះ ជាប់នឹងព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ដោយសម្លាប់មេដឹកនាំក្រុមតាលីបានរបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងខេត្ត Baluchistan ភាគនិរតី នៃប្រទេសប៉ាគីស្ថាន។
មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន លោក Umair Khan បានថ្លែងប្រាប់ VOA ថា «វាល្អជាងប្រសិនបើប្រទេសប៉ាគីស្ថាន ជាអ្នកតម្រង់គោលដៅទៅលើជននោះ នៅក្នុងដែនដីផ្ទាល់របស់ខ្លួន ពីព្រោះវាខុសច្បាប់ ដែលសហរដ្ឋអាមេរិកធ្វើដូច្នេះនៅក្នុងប្រទេសរបស់យើង»។
សហរដ្ឋអាមេរិកមិនស្ទាក់ស្ទើរក្នុងការវាយប្រហារទៅលើគោលដៅភេរវជននានានៅក្នុងប្រទេសប៉ាគីស្ថាន សូម៉ាលី និងយេមែន នោះទេ នៅពេលណានិងកន្លែងណាដែលខ្លួនយល់ថា សមនឹងធ្វើដូច្នេះនោះ។
នៅក្នុងប្រទេសប៉ាគីស្ថានតែមួយ សហរដ្ឋអាមេរិក បានវាយប្រហារតាមផ្លូវអាកាសចំនួន៣៩១ដងហើយតាំងពីឆ្នាំ២០០៨មក។ នេះបើយោងតាមទិនានុប្បវត្តិឬកំណត់ត្រារបស់ The Long War Journal។
នៅក្នុងប្រទេសយេមែន ការវាយប្រហាររបស់អាមេរិក សំដៅលើមេបញ្ជាការក្រុមតាលីបាននិងក្រុមអាល់កៃដា សរុបមានចំនួន១៤៥ដង ចាប់តាំងពីឆ្នាំ២០០២មក។ នេះបើយោងតាមតួលេខដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាននានា៕
ក្រុមអង្គការសិទ្ធិមនុស្ស បានអំពាវនាវជាយូរយារណាស់មកហើយ ឲ្យសហរដ្ឋអាមេរិក បង្ហាញតួលេខជាក់លាក់ ទាក់ទងនឹងការវាយប្រហាររបស់ខ្លួនប្រឆាំងភេរវកម្ម ប៉ុន្តែរហូតមកដល់ពេលនេះ សូម្បីតែបញ្ជាក់តួលេខដែលមានស្រាប់ ក៏សហរដ្ឋអាមេរិក មិនបានបញ្ជាក់ផង៕