ស.រ.អា​ដាក់​ពង្រាយ​យន្តហោះ F-16 ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​តួកគី​សម្រាប់​កិច្ចប្រឹងប្រែង​ប្រឆាំង​ក្រុម​រដ្ឋឥស្លាម

យន្តហោះធុន F-16 ចំនួន​ប្រាំមួយ​គ្រឿង​ពី​មូលដ្ឋាន​ទ័ព​អាកាស Aviano ប្រទេស​អ៊ីតាលី​បាន​មកដល់​មូលដ្ឋាន​ទ័ព​អាកាស​ Incirlik ប្រទេស​តួកគី​ ដើម្បី​ចូលរួម​នៅ​ក្នុង​បេសកកម្ម​ប្រឆាំង​ក្រុម​រដ្ឋឥស្លាម។

បេសកកម្ម​ស.រ.អា​ប្រចាំ​អង្គការ​អូតង់​បាន​និយាយ​ថា​ ពួកគេ​បាន​បញ្ជូន​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​ធុន​ F-16​ទៅ​កាន់​វាល​យន្តហោះ​មួយ​ក្នុង​ប្រទេស​តួកគី នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​កំពុង​មាន​ធ្វើ​តទៅ​ទៀតប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និងស៊ីរី។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​បើក​មូលដ្ឋាន​កង​ទ័ព​អាកាស​ Incirlik សម្រាប់​កិច្ចខិតខំប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​កាល​ពី​ខែមុន ​នៅ​ពេល​ជាមួយ​គ្នា​ដែល​ខ្លួន​ចាប់ផ្តើម​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ខ្លួន​ឯង​ផ្ទាល់​ប្រឆាំងនឹង​ពួក​រដ្ឋ​ឥស្លាម ​និងក្រុម​ទាមទារ​បំបែក​រដ្ឋ​ Kurde PKK។​

យន្តហោះ​ធុន F-16 ​ចំនួន​៦​គ្រឿងបាន​ត្រូវបញ្ជូន​ពី​មូលដ្ឋាន​កង​ទ័ព​អាកាស​Aviano ក្នុង​ប្រទេសអ៊ីតាលី​ជាមួយ​ក្រុម​បុគ្គលិក​៣០០​នាក់ ​នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​មួយពី Incirlik។​

ការ​វាយ​លុក​តាម​អាកាស​ប្រចាំ​ថ្ងៃ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​បាន​ធ្វើ​បន្ត​កាល​ពី​យប់​មិញ​ ដោយ​កង​កម្លាំង​ដឹកនាំ​ដោយ​ស.រ.អា​បានធ្វើការ​វាយ​ប្រហារ​តាម​អាកាស​១៦​លើកនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​៧​លើក​នៅ​ក្នុង​ប្រទេស​ស៊ីរី។

កាល​ពី​សប្តាហ៍​មុន​ ក្រសួង​ការពារ​ជាតិ​ស.រ.អា​បាននិយាយ​ថា កង​កម្លាំង​ស.រ.អា​នៅ​ក្នុង​ប្រទេស​តួកគី​បាន​ធ្វើការ​វាយប្រហារ​លើក​ទី​មួយ​ប្រឆាំង​នឹង​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក្រុម​មន្ត្រី​យោធា​ស.រ.អា​បាននិយាយ​ថា​ការ​វាយ​ប្រហារ​លើកទី​មួយ​ឆ្លង​កាត់ព្រំដែន​ពី​ប្រទេស​តួកគី​បាន​ត្រូវ​ធ្វើឡើង​ដោយយ​ន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​កាល​ពី​ថ្ងៃពុធ៕