នៅថ្ងៃអង្គារនេះ លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានគូសបញ្ជាក់ថាស.រ.អា.ស្វះស្វែងឱ្យមានដំណោះស្រាយដោយសន្តិវិធីមួយអំពីកំណើនភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើង ទោះណាជារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានអះអាងថា Tweet មួយដោយប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទដូចគ្នានឹងការប្រកាសសង្គ្រាមក៏ដោយ។
នៅពេលស្ថិតក្នុងក្រុង New Delhi ដើម្បីធ្វើការចរចាជាមួយពួកមន្ត្រីឥណ្ឌាអំពីការពង្រឹងចំណងទាក់ទងរវាងស.រ.អា. និងប្រទេសឥណ្ឌា លោក Mattis បានមានប្រសាសន៍ថានៅពេលដែលវត្តមានយោធារបស់ស.រ.អា.នៅលើឧបទ្វីបកូរ៉េជាការចាំបាច់ដើម្បីធ្វើឱ្យរារាំងដល់ការគំរាមកំហែងរបស់កូរ៉េខាងជើង វត្តមាននេះក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងខាងការទូតដើម្បីដោះស្រាយជម្លោះនេះដោយសន្តិវិធីដែរ។
នៅក្រោយជំនួបជាមួយរដ្ឋមន្ត្រីការពារប្រទេសឥណ្ឌា លោក Mattis បានមានប្រសាសន៍ថា «ហើយ នេះជាគោលដៅរបស់យើងក្នុងការដោះស្រាយបញ្ហានេះដោយការទូតហើយខ្ញុំមានជំនឿថាប្រធានាធិបតី Trump បាននិយាយច្បាស់លាស់អំពីបញ្ហានេះហើយ»។
កាលពីថ្ងៃចន្ទ ប្រធានាធិបតី Trump បានធ្វើអត្ថាធិប្បាយតាម Twitter ថារបបគ្រប់គ្រងរបស់មេដឹកនាំកូរ៉េខាងជើងឈ្មោះ Kim Jong Un «នឹងមិនស្ថិតស្ថេរយូរទេ» ប្រសិនបើកូរ៉េខាងជើងធ្វើតាមការគំរាមកំហែងកាលពីពេលថ្មីៗនេះរបស់ផងខ្លួន។
ថ្លែងទៅកាន់ពួកអ្នកកាសែតនៅជិតទីស្នាក់ការធំរបស់អ.ស.ប.ក្នុងបុរី New York លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបាននិយាយថា «ដោយមានការពិតជាក់ស្តែងថា ពាក្យសម្តីនេះមានឡើងពីមនុស្សម្នាក់ដែលនៅពេលឥឡូវនេះកាន់តំណែងជាប្រធានាធិបតីស.រ.អា. ការណ៍នេះប្រាកដជាការប្រកាសសង្គ្រាម»។
លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបាននិយាយបន្ថែមថា អ.ស.ប. និងពិភពលោកទាំងមូលគួរនឹកឃើញឱ្យបានច្បាស់លាស់ថាគឺស.រ.អា.ដែលបានប្រកាសសង្គ្រាមដំបូងលើប្រទេសយើង»។
អ្នកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបានហៅការចាត់ទុករបស់លោក Ri អំពី Tweet នេះថា «ស្រពិចស្រពិល»។
អ្នកស្រីបាននិយាយបន្ថែមថា «យើងមិនបានប្រកាសសង្គ្រាមលើប្រទេសកូរ៉េខាងជើងទេ»។