អ្នកការទូត​អាមេរិក​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ស៊ីរី

រូបឯកសារ៖ មេដឹកនាំក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) របស់ប្រទេសស៊ីរី ថ្លែងទៅកាន់ហ្វូងមនុស្សនៅឯវិហារអ៊ីស្លាម Umayyad ដ៏សំខាន់របស់រដ្ឋធានីនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

អ្នកការទូត​អាមេរិក​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ស៊ីរី​កាលពី​ថ្ងៃ​សុក្រ ស្របពេល​បណ្ដា​ប្រទេស​មហា​អំណាច​ស្វះស្វែង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​ធានា​ថា​អាជ្ញាធរ​ដឹកនាំ​ដោយ​ក្រុម​អ៊ិស្លាម​និយម​របស់​ប្រទេស​ស៊ីរី​នេះ​នឹង​មាន​លក្ខណៈ​មិន​ជ្រុល​និយម​និង​មាន​បរិយាបន្ន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

មន្ត្រី​ស៊ីរី​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​គណៈប្រតិភូ​អាមេរិក​ពិតជា​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ស៊ីរី​លោក Ahmed al-Sharaa ដែល​ជា​មេដឹកនាំ​ក្រុម HTS ពិត​ប្រាកដ​មែន។

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា៖ «លទ្ធផល​នឹង​មាន​លក្ខណៈ​វិជ្ជមាន»។

សន្និសីទ​កាសែត​ដែល​មាន​ការ​គ្រោងទុក​ដោយ​គណៈប្រតិភូ​អាមេរិក «ត្រូវបាន​លុបចោល​ដោយសារ​ការ​បារម្ភ​ពី​សន្តិសុខ»។

គណៈប្រតិភូ​អាមេរិក​នេះ​រួមមាន​អ្នកស្រី Barbara Leaf មន្ត្រី​កំពូល​នៃ​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិមបូព៌ា និង​មន្ត្រី​តំណាង​សហរដ្ឋ​អាមេរិក​ខាង​កិច្ចការ​ចំណាប់ខ្មាំង ដែល​បាន​ព្យាយាម​ស្វែងរក​តម្រុយ​ទាក់ទង​នឹង​ពលរដ្ឋ​អាមេរិកាំង​ដែល​បាន​បាត់ខ្លួន​ដែល​ក្នុង​នោះ​រួមទាំង​លោក Austin Tice ផងដែរ ដែល​ជា​អ្នកកាសែត​អាមេរិកាំង​ដែល​ត្រូវបាន​ចាប់ពង្រត់​ក្នុង​ប្រទេស​ស៊ីរី​កាលពី​ខែ​សីហា ឆ្នាំ ២០១២។

ដោយឡែក​នៅ​ថ្ងៃសុក្រ​នោះ​ដែរ យោធា​អាមេរិក​ថា​កងកម្លាំង​អាមេរិក​បាន​សម្លាប់​មេដឹកនាំ​ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ិស្លាម (Islamic State) ឈ្មោះ Abu Yusif និង​សមាជិក​ម្នាក់​ទៀត​របស់​ក្រុម​នេះ​ក្នុង​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ខេត្ត Deir Ezzor នៅ​ប៉ែក​ខាង​កើត​របស់​ស៊ីរី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល (CENTCOM) នៅ​លើ​បណ្តាញ​សង្គម​អនឡាញ​ដោយ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ណាមួយ​អំពី​ជន​សកម្មប្រយុទ្ធ​អ៊ិស្លាម​និយម​ជ្រុល​ទាំងពីរ​នាក់​នេះទេ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ សហរដ្ឋ​អាមេរិក​បាន​វាយប្រហារ​និង​វាយឆ្មក់​ម្តងម្កាល​ដើម្បី​ជួយ​បង្ការ​កុំ​ឲ្យ​ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ិស្លាម​ប្រមូលផ្តុំ​ឡើងវិញ​បាន តែ​អាមេរិក​បាន​បើក​ការ​វាយប្រហារ​រាប់​សិប​ដង​តាំងពី​ការ​ដួលរលំ​របស់​របប​លោក Assad នៅ​ស៊ីរី​មក៕