អ្នកស្រី Sandra Oudkirk ដែលជាប្រធានជិតចប់អាណត្តិនៃវិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់ (AIT) បានព្រមានចិនមិនឱ្យចាត់វិធានការគឃ្លើននៅក្នុងតំបន់ដែលអាចបណ្តាលឱ្យមានជម្លោះកាន់តែធំ។ វិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់ (AIT) នេះគឺជាស្ថាប័នដែលគេសន្មតថាជាស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅតៃវ៉ាន់ទោះមិនផ្លូវការក៏ដោយ។
អ្នកស្រី Oudkirk បានលើកឡើងដូច្នេះនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយនៅឯសន្និសីទកាសែតកាលពីថ្ងៃទី ១៤ ខែមិថុនា។
អ្នកស្រីបានថ្លែងថា៖ «សហរដ្ឋអាមេរិកតាំងចិត្តយ៉ាងមុតមាំចំពោះស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់និងនៅក្នុងតំបន់ ដែលនោះគឺស្ថានភាពមួយដែលមានសន្តិភាពនិងស្ថិរភាព។ ហេតុដូចនេះហើយបានជាយើងជំរុញជាប្រចាំឱ្យសាធារណរដ្ឋប្រជាមានិតចិនបញ្ចៀសសកម្មភាពបែបបង្ខិតបង្ខំឬបង្កហេតុទាំងនៅច្រកសមុទ្រតៃវ៉ាន់និងនៅតំបន់ផ្សេងទៀតដូចជាសមុទ្រចិនខាងត្បូងនិងតំបន់សមុទ្រជាប់ជប៉ុន ពីព្រោះថាសកម្មភាពបង្កហេតុគឺស្ទើរតែគ្រោះថ្នាក់ដោយវាអាចឈានដល់ការប៉ាន់ស្មានខុសឬក៏ឧប្បទ្ទវហេតុដែលអាចបង្កឱ្យមានជម្លោះកាន់តែធំ»។
ក្នុងអំឡុងអាណត្តិ ៣ ឆ្នាំរបស់អ្នកស្រី Oudkirk ចិនបានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ៣ ដង ដែលបណ្តាលឱ្យមានភាពតានតឹងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនៃវិទ្យាស្ថាន AIT។
ចិនបានចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថាជាខេត្តផ្តាច់ខ្លួនមួយដែលត្រូវតែរួបរួមឡើងវិញជាមួយខ្លួននៅថ្ងៃណាមួយទោះប្រសិនបើចាំបាច់ត្រូវប្រើកម្លាំងក៏ដោយ។
សហរដ្ឋអាមេរិក ដូចជាប្រទេសជាច្រើនផងដែរ មិនទទួលស្គាល់តៃវ៉ាន់ថាជាប្រទេសឡើយដើម្បីបន្តទំនាក់ទំនងជាមួយចិន។ ក៏ប៉ុន្តែ រដ្ឋាភិបាលអាមេរិកបានរក្សាទំនាក់ទំនងការទូតក្រៅផ្លូវការជាមួយតៃវ៉ាន់តាមរយៈវិទ្យាស្ថាន AIT នេះ ក៏ដូចជាតាមរយៈពាណិជ្ជកម្មដោយផ្ទាល់និងចំណងទាក់ទងផ្នែកការពារផងដែរ ហើយគាំទ្រតៃវ៉ាន់ជាដែនដីប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯង។
អ្នកស្រី Oudkirk បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសមត្ថភាពការពារប្រទេសរបស់តៃវ៉ាន់ប្រឆាំងនឹងភាពគឃ្លើនរបស់ចិន ដោយបាននិយាយថាការពង្រឹងសមត្ថភាពរបស់តៃវ៉ាន់ដើម្បីការពារខ្លួនគឺជា «អាទិភាពកំពូល» របស់វិទ្យាស្ថាន AIT។
អ្នកស្រីបានបន្ថែមថា៖ «យើងទន្ទឹងរង់ចាំផ្តល់សមត្ថភាពខាងយោធា» ដល់កោះតៃវ៉ាន់ពីការលក់សព្វាវុធដែលរង់ចាំជាយូរមកហើយរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានអនុម័តកាលពីដើមខែមិថុនានូវការលក់គ្រឿងបន្លាស់យន្តហោះចម្បាំងប្រភេទ F-16 និងគ្រឿងបន្លាស់ជួសជុលនានាដែលមានតម្លៃ ៨០ លានដុល្លារដល់តៃវ៉ាន់។
ក្រសួងការពារជាតិចិនបានប្រកាសអំពីការប្រឆាំងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលចិនចំពោះការលក់សព្វាវុធនេះកាលពីថ្ងៃទី ៧ ខែមិថុនា ហើយបានជំរុញរដ្ឋាភិបាលអាមេរិកឱ្យលុបចោលការលក់អាវុធនេះជាបន្ទាន់។
នៅពេលសួរថាតើគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់អាចមានការផ្លាស់ប្តូរដែរឬទេប្រសិនបើលោកប្រធានាធិបតី Joe Biden មិនជាប់ឆ្នោតម្តងទៀតនៅខែវិច្ឆិកាខាងមុខ អ្នកស្រី Oudkirk បាននិយាយថា៖ «នៅក្នុងសហរដ្ឋអាមេរិក ខុសពីបញ្ហាផ្សេងទៀតស្ទើរតែទាំងអស់ផ្នែកគោលនយោបាយការបរទេសឬគោលនយោបាយក្នុងប្រទេស គណបក្សទាំងពីរមានការមូលមតិគ្នាដ៏ទូលំទូលាយលើគោលនយោបាយចំពោះតៃវ៉ាន់។ ដូច្នេះ ខ្ញុំមិនគិតថាការបោះឆ្នោតនេះនឹងផ្លាស់ប្តូរគោលនយោបាយនេះនោះឡើយ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន