ក្រុមមន្រ្តីអាមេរិកកំពុងដាក់ការសង្ស័យចំពោះការអះអាងថា កងកម្លាំងស៊ីរីកំពុងកាន់កាប់ទីប្រជុំជន Manbij ភាគឦសានដែលជាចំណុចសំខាន់រវាងកងជីវពល Kurd ដែលគាំទ្រដោយអាមេរិកនិងប្រទេសតួកគី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ កងទ័ពស៊ីរីបាននិយាយថា កងទ័ពរបស់ខ្លួនបានចូលទៅក្នុងទីក្រុងនិងកាន់កាប់កន្លែងសំខាន់ៗដោយបន្ថែមថា កងទ័ពស៊ីរី«ធានាសន្តិសុខពេញលេញសម្រាប់ពលរដ្ឋស៊ីរីទាំងអស់ និងអ្នកដទៃដែលមានវត្តមាននៅទីនោះ» ។
ប៉ុន្តែក្រុមចម្រុះដែលដឹកនាំដោយអាមេរិកដែលប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររដ្ឋឥស្លាមបានឆ្លើយតបតាម Twitter ដោយនិយាយថាវា«មិនមានការបញ្ជាក់ថា ការអះអាងទាំងនេះគឺជាការពិតនោះទេ» ។
ក្រុមចម្រុះបានបន្ថែមថា «យើងសូមអំពាវនាវដល់គ្រប់គ្នាឱ្យគោរពតាមបូរណភាពរបស់តំបន់ Manbij និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅទីនោះ» ។
មន្រ្តីក្រសួងការពារជាតិអាមេរិកម្នាក់ក៏ប្រាប់វីអូអេដែរថា កងកម្លាំងអាមេរិករាប់សិបនាក់ដែលឈរជើងនៅខាងក្រៅទីក្រុង Manbij មិនបានដកចេញទេ។ មន្ត្រីរូបនោះបាននិយាយថា «យើងនៅតែមានកងទ័ពនៅទីនោះ»ដោយលោកបានរំឭកថា ស.រ.អា.នៅផ្តោតលើការដកទ័ពអាមេរិកពីប្រទេសស៊ីរីដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕