ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យស.រ.អា បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមក្នុងមហាសន្និបាតជាតិរបស់ពួកគេ ក្នុងគោលដៅអបអរសាទរលោកស្រីអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton (ហ៊ីលឡារី គ្លីនតុន) ជាឥស្សរជនដែលទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។ នេះជាលើកដំបូងហើយដែលគណបក្សនយោបាយធំមួយក្នុងស.រ.អាជ្រើសរើសស្ត្រីម្នាក់ឲ្យធ្វើជាបេក្ខជនឈរឈ្មោះរបស់ខ្លួន។
មហាសន្និបាតនេះនឹងបើកប្រជុំនៅថ្ងៃចន្ទ តាមពេលវេលាភាគខាងកើតនៃស.រ.អានៅក្នុងក្រុង Philadelphia ដែលគេស្គាល់ថា ជាក្រុងនៃសេចក្តីស្រឡាញ់រវាងបងប្អូន ក៏ប៉ុន្តែមហាសន្និបាតនេះចាប់ផ្តើមជាមួយកំណត់សម្គាល់មួយដែលបង្ហាញអំពីការមិនស្រុះស្រួលគ្នា។ បណ្តាញ WikiLeaks បានលាតត្រដាងឲ្យដឹងថាមាន សារអេឡិចត្រូនិច ឬអ៊ីម៉ែលជិត២ម៉ឺនពីក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យកាលពីមួយឆ្នាំកន្លះមុននេះ ដែលបានបង្ហាញថាតើពួកគេចំអកនិងរិះគន់បែបណាដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អាប្រចាំរដ្ឋ Vermont នៅពេលដែលលោកប្រកួតប្រជែងយ៉ាងម៉ឺងម៉ាត់ ដែលគេមិនបានគិតទុកជាមុន ក្នុងការតទល់ជាមួយលោកស្រី Clinton ជាច្រើនខែនៅក្នុងការប្រកួតប្រជែងតាមរដ្ឋនីមួយៗ ដើម្បីទទួលការតែងតាំងពីគណបក្ស។
អ៊ីម៉ែលមួយក្នុងបណ្តាអ៊ីម៉ែលទាំងនេះចែងថា លោក Sanders ប្រហែលជាមនុស្សមិនជឿសាសនា ទោះបីជាលោកប្រកាន់ខ្ជាប់មរតកជ្វីពរបស់លោកក៏ដោយ។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍អាមេរិកាំង CNN កាលពីថ្ងៃអាទិត្យ លោក Sanders បានហៅអត្ថាធិប្បាយទាំងនេះថា «ទ្រគោះយង់ឃ្នងជាខ្លាំង»។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា ការណ៍នេះ «មិនមែនជាការទង្គុកចិត្តដល់ខ្ញុំទេ»។ លោកបានមានប្រសាសន៍បន្ថែមថា «នេះជាអ្វីដែលយើងបាននិយាយប្រមាណ៦ខែមុននេះថា គណៈកម្មាធិការជាតិនៃគណបក្សប្រជាធិបតេយ្យបានគាំទ្រលោកស្រី Hillary Clintonហើយបានជំទាស់នឹងយុទ្ធនាការបោះឆ្នោតរបស់ខ្ញុំ»។
មេដឹកនាំខ្លះនៃគណបក្សប្រជាធិបតេយ្យបានសុំឲ្យមានការលាលែងចេញពីតំណែងនៃក្រុមមន្ត្រីខ្លះរបស់គណបក្ស ដោយមានរួមបញ្ចូលទាំងលោកស្រី Debbie Wasserman Schultz ប្រធានគណបក្សប្រជាធិបតេយ្យដែលបានធ្វើការអត្ថាធិប្បាយ ដែលគួរឲ្យជំទាស់អំពីលោក Sanders ដែលពួកគេយល់ឃើញថាការអត្ថាធិប្បាយនោះស្ថិតនៅក្នុងអ៊ីម៉ែលឯកជន។
ចាប់តាំងពីពេលនោះមកលោក Sanders បានគាំទ្រលោកស្រី Clinton ហើយលោកនឹងថ្លែងសុន្ទរកថានៅថ្ងៃចន្ទនៅក្នុងមហាសន្និបាតគណបក្សក្នុងនាមលោកស្រី ហើយលោកស្រី Michelle Obama ស្ត្រីទីមួយនៃស.រ.អាក៏នឹងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតនេះដែរ។ លោក Sanders បានមានប្រសាសន៍ថាលោកនឹង «ធ្វើអ្វីៗទាំងអស់ដែលលោកអាចធ្វើបាន ដើម្បីធ្វើឲ្យប្រាកដប្រជា» ថា លោក«Donald Trump» ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ មិនឈ្នះនៅក្នុងការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា ដើម្បីជ្រើសរើសអ្នកបន្តតំណែងពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៅពេលលោកចាកចេញពីតំណែងនៅខែមករាខាងមុខនេះឡើយ៕