អង្គការមិនមែនរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយដែលត្រូវបានចោទប្រកាន់ពីបទបំផុសបំផុលបាតុកម្ម “Occupy” គាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងនិយាយថា ខ្លួនបានចូលរួមសហការធម្មតាជាមួយនឹងក្រុមស៊ីវិលនៅក្នុងតំបន់ត្រួតត្រារបស់ចិន ហើយថា ខ្លួនគ្មានអ្វីលាក់បាំងទេ។
សារព័ត័មានជាតិរបស់ចិន និងក្រុមផ្សាយព័ត៌មានគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង នៅទីក្រុងហុងកុង បានបោះពុម្ពផ្សាយអត្ថបទជាបន្តបន្ទាប់នាពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចោទប្រកាន់ថា អង្គការទេយ្យទានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យគឺ NED បានផ្តល់ថវិកា និងណែនាំបាតុករដែលបានកាន់កាប់វិថីធំៗនៅទីក្រុងហុងកុងតាំងពីថ្ងៃទី២៨ ខែកញ្ញា។ សារព័ត៌មានទាំងនោះក៏បានបង្ហាញថា NED គឺជាភ្នាក់ងារមួយនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
លោក Leung Chun-ying នាយកប្រតិបត្តិអចិន្ត្រៃយ៍ទីក្រុងហុងកុង បានបន្ថែមមតិរបស់លោកចំពោះការចោទប្រកាន់អំពីការជ្រៀតជ្រែកពីបរទេសនៅសប្តាហ៍នេះ។ នៅក្នុងរបាយការណ៍មួយដែលបោះពុម្ពផ្សាយកាលពីថ្ងៃសប្តាហ៍មុន កាសែត South China Morning Post ដកស្រង់សម្តីលោក Leung ដែលនិយាយថា លោកនឹងបង្ហាញភ័ស្តុតាងអំពី“កងកម្លាំងបរទេសដែលបានចូលរួមក្នុងចលនាបាតុកម្ម Occupy” នៅពេល«សមរម្យ»។
ការឆ្លើយតបរបស់ NED ចំពោះការរិះគន់៖
ក្នុងបទសម្ភាសន៍ដាច់មុខមួយជាមួយនឹងវីអូអេ លោកស្រី Louisa Greve អនុប្រធានគម្រោងសម្រាប់ទ្វីបអាស៊ីមជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើងរបស់អង្គការទេយ្យទានជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ បានច្រានចោលការចោទប្រកាន់ពីការម៉ាក់ងាយដល់ប្រជាពលរដ្ឋទីក្រុងហុងកុង ដែលអ្នកស្រីអនុប្រធានបានយល់ថា ពួកគេមានមហិច្ឆតាផ្ទាល់ខ្លួនដើម្បី«មូលដ្ឋានលទ្ធិប្រជាធិបតេយ្យសម្រាប់រដ្ឋាភិបាលរបស់គេ»។
NED ទទួលបានមូលនិធិឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរួមទាំងការបរិច្ចាគឯកជនសម្រាប់គោលបំណងនៃបេសកកម្មពិភពលោករបស់ខ្លួនក្នុងការគាំទ្រអង្គការក្រៅរដ្ឋាភិបាលនានាដែលធ្វើការ«ពង្រឹងតម្លៃ ដំណើរការ និងស្ថាប័នប្រជាធិបតេយ្យ»។ NED ក៏មានក្រុមប្រឹក្សាភិបាលឯករាជ្យមួយដែលចាត់ចែងមូលនិធិទាំងនោះ។
លោកស្រី Greve បាននិយាយថា «NED មានថវិកាដែលទទួលបានពីអ្នកបង់ពន្ធអាមេរិកាំង ប៉ុន្តែនេះមិនមែនមានន័យថា សេចក្តីសម្រេចចិត្តរបស់ NED គឺជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិកឡើយ។
អង្គការនេះដែលមានទីតាំងនៅរដ្ឋធានីវ៉ាស៊ីនតោននេះ និយាយថា ខ្លួនបានផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវចំនួនជាង១ពាន់ទៅដល់ក្រុមដៃគូនៅជុំវិញពិភពលោក ដោយផ្តល់ជាទឹកប្រាក់មធ្យមចំនួន៥ម៉ឺនដុល្លារដល់ដៃគូនីមួយៗ។ ដៃគូរបស់ NED នៅទីក្រុងហុងកុង រួមមាន មជ្ឈមណ្ឌលសាមគ្គីភាពរបស់សហរដ្ឋអាមេរិក និងអង្គការអ្នកឃ្លាំមើលសិទ្ធិមនុស្សហុងកុង ដែលទទួលបានថវិកាសម្រាប់ការស្រាវជ្រាវប្រមាណ១៥ម៉ឺនដុល្លារ និងវិទ្យាស្ថានប្រជាធិបតេយ្យជាតិរបស់សហរដ្ឋអាមេរិក ដែលទទួលបានថវិកាសម្រាប់ការស្រាវជ្រាវចំនួន៤០ម៉ឺនដុល្លារសម្រាប់កិច្ចការរបស់ខ្លួននៅទីក្រុងហុងកុង និងនៅប្រទេសចិនដីគោក។
លោកស្រី Greve និយាយថា NED មិនបានពាក់ព័ន្ធផ្ទាល់នឹងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងទេ។
លោកស្រីបានលើកឡើងថា «យើងពិតជាមិនមានការិយាល័យនៅជុំវិញពិភពលោកទេ។ យើងមានតែបុគ្គលិកដែលពិនិត្យមើលសំណើសុំថវិកា(ពីក្រុមដៃគូ) ស្វែងយល់ពីនយោបាយរបស់ប្រទេសទាំងនោះ (ដែលក្រុមដៃគូបំពេញការងារ) ហើយបន្ទាប់មកផ្តល់ថវិកាឧបត្ថម្ភគម្រោងដោយផ្អែកលើសំណើសុំថវិកាផ្ទាល់ពីក្រុមដៃគូរបស់យើង។ លោកស្រីបន្ថែមថា៖ «ផ្អែកលើការប្រកួតប្រជែង ហើយដោយសារតែថវិការបស់យើងមានកម្រិត យើងបានព្យាយាមផ្តល់ថវិកាឧបត្ថម្ភឲ្យគម្រោងដែលល្អបំផុត។ យើងមិនគ្រប់គ្រងកិច្ចការរបស់គម្រោងទាំងនោះទេ»។
ប៉ុន្តែ NED បានត្រួតពិនិត្យកិច្ចការរបស់ដៃគូខ្លួន ដើម្បីសម្រេចថា តើខ្លួនគួរតែផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវម្តងទៀតឲ្យដៃគូនោះឬយ៉ាងណា។
ក្នុងកម្មវិធីផ្សាយដោយទូរទស្សន៍អាស៊ីរបស់ហុងកុង កាលពីថ្ងៃទី១៤ ខែតុលា លោក Law Yuk-kai នាយកអង្គការអ្នកឃ្លាំមើលសិទ្ធិមនុស្សហុងកុង បាននិយាយថា អង្គការរបស់លោកត្រូវតែផ្ញើរបាយការណ៍ចុងឆ្នាំស្តីអំពីសកម្មភាពការងាររបស់អង្គការលោកទៅឲ្យ NED។ លោក Law ថា៖ «យើងគ្រាន់តែរៀបរាប់ពីកិច្ចការដែលយើងបានបំពេញ។ យើងមិនបានរាយការណ៍ទៅឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ»។
លោកស្រី Greve បាននិយាយថា កិច្ចការចែករំលែកព័ត៌មានរបស់ដៃគូដែលទទួលបានថវិកាពី NED គឺជាសកម្មភាពមួយដែលត្រូវបានការពារដោយកិច្ចព្រមព្រៀងអន្តរជាតិស្តីអំពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។
លោកស្រីថា៖ «ក្នុងវិស័យជំនួញ ពាណិជ្ជកម្ម ឬកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការរវាងអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ជារឿងធម្មតាទេ។ ហើយកិច្ចសហប្រតិបត្តិការរវាងក្រុមសង្គមស៊ីវិលដើម្បីគោលបំណងរួមក៏ជារឿងធម្មតាដែរ»។
ប្រវត្តិនៃការគាំទ្ររបស់សហរដ្ឋអាមេរិក៖
NED ផ្តល់ថវិកាឧបត្ថម្ភដល់គម្រោងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងអស់រយៈពេលប្រមាណ២ទសវត្សមកហើយ ដែលមានជាទឹកប្រាក់សរុបរាប់លានដុល្លារ។ លោកស្រី Greve បាននិយាយថា កម្រិតនៃការឧបត្ថម្ភនេះបានឋិតឋេរក្នុងអំឡុងពេលនោះ។
លោកស្រីថា៖«គម្រោងរបស់ NED នៅទីក្រុងហុងកុងគឺមិនធំដូចទីកន្លែងផ្សេងទៀតនៅលើពិភពលោកទេ។ នេះគឺជាទីកុ្រងមួយដែលអាចពឹងផ្អែកលើធនធានរបស់ខ្លួនឯងបាន»។
វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (NDI) ដែលជាអង្គការមួយក្នុងចំណោមអង្គការ៤សំខាន់ៗដែលទទួលថវិការបស់ NED បានធ្វើការនៅទីក្រុងហុងកុងតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ NDI និយាយថា គម្រោងរបស់គេបានជួយសម្រួលដល់គម្រោងស្រាវជ្រាវ និងការសន្ទនាទាក់ទងនឹងអភិបាលកិច្ចតាមសំណូមពររបស់អង្គការក្នុងតំបន់។
ការចោទប្រកាន់មកលើក្រុមអង្គការដៃគូរបស់ NED ពីបទពាក់ព័ន្ធនឹងបញ្ហានយោបាយទីក្រុងហុងកុង ត្រូវបានផ្សព្វផ្សាយជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកស្រី Greve បាននិយាយថា៖ «NDI ទទួលបានសេចក្តីរាយការណ៍អវិជ្ជមានជាច្រើនពីសារព័ត៌មាននៅទីក្រុងហុងកុង ជាពិសេសសារព័ត៌មានជាតិរបស់ចិន និងបណ្តាញផ្សាយព័ត៌មានគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង។ លោកស្រីថា៖ «វាមិនមែនជារឿងចម្លែកទេ ដែលរដ្ឋាភិបាលផ្តាច់ការ និងខ្វះភាពស្របច្បាប់តាមរយៈការបោះឆ្នោត បែរជាមកបន្ទោសបរទេសសម្រាប់ការមិនពេញចិត្តរបស់ប្រជាជនខ្លួនឯង»។
ជាយូរមកហើយដែល អ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងត្រូវបានអ្នកប្រឆាំងនឹងពួកគេដាក់នាមថា ជាភ្នាក់ងាររបស់ពួកបរទេស។
លោកស្រី Greve បាននិយាយថា សកម្មជនទាំងនោះបានដឹងពីគ្រោះថ្នាក់ក្នុងការបំពេញការងារជាមួយនឹងដៃគូរបស់ NED ហើយថា៖ «ប៉ុន្តែសកម្មជនទាំងនោះនៅតែនិយាយថា កិច្ចសហប្រតិបត្តិការអន្តរជាតិមានភាពស្របច្បាប់ដដែល មានន័យថា គ្មាននរណាម្នាក់សោកស្តាយនឹងជម្រើសរបស់ខ្លួនឡើយ ព្រោះខ្ញុំមិនធ្លាប់បានឮរឿងបែបនេះទេ»។
លោក Lee Cheuk-yan គឺជាសកម្មជនម្នាក់ដែរ។ លោកបានដឹកនាំសម្ព័ន្ធសហជីពពាណិជ្ជកម្មហុងកុងគឺ HKCTU ហើយបានធ្វើជាអ្នកតែងច្បាប់ឲ្យក្រុមប្រឹក្សាច្បាប់សម្រាប់គណបក្សពលករ។
សហជីពពលករទាក់ទាញការចាប់់អារម្មណ៍៖
សម្ព័ន្ធសហជីពពាណិជ្ជកម្មហុងកុងបានចេញសេចក្តីប្រកាសមួយកាលពីសប្តាហ៍មុននេះ ដោយនិយាយថា ខ្លួនទទួលបានថវិកាឧបត្ថម្ភចំនួន៥៤ម៉ឺនដុល្លារពីមជ្ឈមណ្ឌលសាមគ្គីភាព ដែលជាអ្នកទទួលថវិកាឧបត្ថម្ភដ៏សំខាន់របស់ NED ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ។
ក្រុមសម្ព័ន្ធនេះ ដែលមានទីតាំងនៅរដ្ឋធានីវ៉ាស៊ីនតោន មានទំនាក់ទំនងជាមួយនឹងសហព័ន្ធពលកររបស់សហរដ្ឋអាមេរិកហៅ AFL-CIO ហើយនិយាយថា ខ្លួនព្យាយាម«ជួយកម្មករជុំវិញពិភពលោក ដែលបានតស៊ូដើម្បីសម្រេចឲ្យបាននូវទីកន្លែងការងារដែលមានសុវត្ថិភាព និងផាសុខភាព ប្រាក់បៀវត្សរ៍ផ្គត់ផ្គង់គ្រួសារ ការការពារសង្គម និងមតិរបស់គេអំពីកន្លែងធ្វើការ»។
លោក Lee ប្រធានសម្ព័ន្ធសហជីពនេះគឺជាអ្នកគាំទ្រចលនាបាតុកម្ម Occupy ដ៏ផុសផុលម្នាក់។ សារព័ត៌មានហុងកុងដែលគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង បានបរិយាយថា លោកជាមេដឹកនាំបាតុកម្ម និងជាអាយ៉ងសហរដ្ឋអាមេរិកដោយទទួលយកលុយពីសហរដ្ឋអាមេរិក។
លោកស្រី Greve បាននិយាយថា មជ្ឈមណ្ឌលសាមគ្គីភាពបានផ្តល់ថវិកាមួយចំនួនរបស់ខ្លួនទៅឲ្យសម្ព័ន្ធសហជីពពាណិជ្ជកម្មហុងកុង ដើម្បីជួយដល់គម្រោងដឹកនាំពលករ ដែលនេះគឺជាការមួយដែលលោកស្រីបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចការសង្គមស៊ីវិល។
លោកស្រីថា៖ «ការឧបត្ថម្ភរបស់ NED ដល់មជ្ឈមណ្ឌលសាមគ្គីភាព និងការឧបត្ថម្ភរបស់មជ្ឈមណ្ឌលសាមគ្គីភាពដល់សម្ព័ន្ធសហជីពពាណិជ្ជកម្មហុងកុងគឺខុសទាំងស្រុងពីកិច្ចការនយោបាយរបស់លោក Lee Cheuk-yan ក្នុងនាមលោកជាអ្នកតែងច្បាប់ ដែលលោកមានតួនាទីដាច់ដោយឡែកមួយដែលលោកត្រូវបំពេញ ហើយបញ្ហាថវិកាក៏មិនពាក់ព័ន្ធគ្នាដែរ»។
ក្នុងសេចក្តីប្រកាសរបស់ខ្លួន សម្ព័ន្ធសហជីពពាណិជ្ជកម្មហុងកុងបានបដិសេធថា មិនមានការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់មជ្ឈមណ្ឌលសាមគ្គីភាព ដើម្បីគោលដៅនយោបាយ ហើយបានគំរាមថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមសារព័ត៌មានដែលសម្ព័ន្ធសហជីពពាណិជ្ជកម្មហុងកុងនេះបានចោទប្រកាន់ថា និយាយបង្ខូចកេរ្តិ៍ឈ្មោះលោក Lee នោះ។
ការការពារខ្លួនរបស់ដៃគូ NED៖
ក្នុងសេចក្តីប្រកាសមួយផ្ញើតាមអ៊ីម៉ែលមកកាន់វីអូអេ NDI ក៏បានបដិសេធថា ខ្លួនមិនបានគាំទ្រក្រុមនយោបាយណាមួយ ដែលជាប់ពាក់ព័ន្ធនឹងចលនាបាតុកម្ម Occupy នៅទីក្រុងហុងកុងទេ។
NDI បាននិយាយថា៖ «របាយការណ៍ព័ត៌មានទាំងនោះមិនត្រឹមតែខុសទេ ហើយថែមទាំងបង្អាក់ស្មារតីនៃបញ្ហាពិត ដែលថា ប្រជាពលរដ្ឋទីក្រុងហុងកុងកំពុងតែបង្ហាញពីគោលបំណងរបស់គេដើម្បីសិទ្ធិបោះឆ្នោតក្នុងសម័យបោះឆ្នោតមួយ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតអាចផ្តល់ជាជម្រើសដ៏មានខ្លឹមសារមួយដល់គេ។
NDI ក៏បាននិយាយថា ខ្លួនបានអនុវត្តអនុសាសន៍មិនប្រកាន់បក្ខពួកសម្រាប់គម្រោងនៅទីក្រុងហុងកុង ដែលក្នុងនោះរួមមាន ការរៀបចំជាវេទិកាសាធារណៈស្តីអំពីកំណែទម្រង់នយោបាយនាពេលថ្មីៗនេះ។ NDI ថា៖ «អ្នកតំណាងគណបក្សនយោបាយធំៗនៅទីក្រុងហុងកុង រួមទាំងក្រុមដែលគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានចូលរួមក្នុងវេទិកាសាធារណៈនេះដែរ»។
លោក Law នាយកអង្គការអ្នកឃ្លាំមើលសិទ្ធិមនុស្សហុងកុង បាននិយាយថា អ្នកស្ម័គ្រចិត្តដែលទទួលបានថវិកាឧបត្ថម្ភពី NED បានផ្តោតលើបញ្ហាក្នុងតំបន់ ខណៈដែលអ្នកទាំងនេះបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ការការពារសិទ្ធិមនុស្សឲ្យប្រសើរជាងមុនសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងហុងកុង។
លោក Law បានប្រាប់ទូរទស្សន៍អាស៊ីថា៖ «ប្រសិនបើយើងផ្តល់វិភាគទានដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ហើយនេះក៏ជាចំណាប់អារម្មណ៍របស់រដ្ឋាភិបាលអាមេរិកដែរនោះ នោះខ្ញុំអាចអបអរសាទរដល់សាធារណជនហុងកុងដែលទទួលបានការគាំទ្រពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក»។
លោកស្រី Greve បានលើកឡើងថា គម្រោងនៅទីក្រុងហុងកុងដែលឧបត្ថម្ភដោយ NED គឺមានគោលបំណងជំរុញឲ្យមានការតស៊ូមតិសាធារណៈមួយ ដែលរួមមាន «សម្លេងរបស់មនុស្សគ្រប់គ្នា»អំពីនយោបាយក្នុងតំបន់។ លោកស្រីបានបដិសេធមិនផ្តល់ព័ត៌មានជាក់លាក់ទេ នៅពេលដែលលោកស្រីត្រូវបានសុំឲ្យផ្តល់ឧទាហរណ៍អំពីសមិទ្ធផលសមេ្រចបានដោយដៃគូ NED។
លោកស្រីបាននិយាយថា៖ «យើងសប្បាយរីករាយដែលឃើញក្រុមដៃគូរបស់ NED បានបន្តគាំទ្រដ៏សកម្មក្នុងការការពារសេរីភាពរបស់ប្រជាពលរដ្ឋ ហើយនិយាយឲ្យត្រង់ទៅគឺការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអ្វីដែលរចនាសម្ព័ន្ធនយោបាយរបស់ទីក្រុងហុងកុងគួរតែមាន»៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត