រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​នឹង​ចូល​រួម​កិច្ចប្រជុំ​ស្តី​អំពី​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន

លោក Ashton Carter រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​របស់​អាមេរិក។

ក្រុម​មន្រ្តី​ការពារ​ប្រទេស​និង​អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​នឹង​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង Stuttgart នៃ​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សុក្រ​នេះដើម្បី​ពិភាក្សា​ថា​តើ​ទប់ទល់​សកម្មភាព​ខាង​យោ​ធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​និង​ដោះស្រាយ​កង្វល់​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្តអំពីភាព​គគ្លើន​របស់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​យ៉ាង​ដូចម្តេច ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កងទ័ព​នៃ​ប្រទេស​អ៊ុយក្រែន​និង​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នោះ។

លោក​រដ្ឋ​មន្រ្តី​ការពារ​ជាតិ Ashton Carter ​នឹង​ជួប​សម្ងាត់​ជាមួយ​ក្រុម​ឧត្តមសេនីយ៍​និង​ឯក​អគ្គ​រដ្ឋ​ទូត ​ហើយ​និង​មេដឹកនាំ​ផ្សេង​ទៀត​នៅ​ឯ​ទីស្នាក់ការធំ​របស់​ទីបញ្ជាការ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ពី​ប្រសិទ្ធិ​ភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ចរបស់​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​និង​យុទសាស្រ្ត​របស់​អង្គការ​អូតង់​នៅ​ក្នុង​ការ​កំញ៉ើញ​សកម្មភាព​បន្ថែម​ទៀត​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Brent Colburn អ្នក​នាំពាក្យ​ក្រសួ​ការពារ​ជាតិ​របស់​អាមេរិក​បាន​និយាយ​ថា «ជំនួប​នេះ​មាន​គោល​បំណង​ផ្តល់​ព័ត៌មានពី​ការ​គិត​របស់​លោក​រដ្ឋ​មន្រ្តី​នៅពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ជំនួប​ថ្នាក់​រដ្ឋ​មន្រ្តី​លើក​ដំបូង​របស់​អង្គការ​អូតង់​នៅ​ចុង​ខែ​មិថុនា​នេះ។ ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ចំណោម​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​អស់​ គឺ​ការ​តាម​ដាន​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​រយៈ​ពេល​ជាង​១៨​ខែ​មក​នេះ ​រួម​មាន​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន‍»។

នៅ​ក្នុង​ការ​បកស្រាយ​សង្ខេប​នៅ​ក្រសួង​ការពារ​ជាតិ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំ​ពាក្យ Steve Warren ​បាន​និយាយ​ថា ​ការ​ចរចា​ជា​ឱកាស​មួយ​ដើម្បី​ស្តាប់​ពី​ផល​ប៉ះ​ពាល់​នៃ​សកម្មភាព​របស់​រុស្ស៊ី​លើ​ដៃគូ​នានា​នៅ​អឺរ៉ុប‍»។

​ក្នុង​ខណៈ​នោះ​ដែរ ​លោក Josh Earnestអ្នក​នាំពាក្យសេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា ​នឹង​ពិភាក្សា​ពី​ការ​បន្ត​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​នៅពេល​ដែល​លោក​ជួប​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ៗ​ទៀត​នៅឯ​សន្និសីទ​កំពូល​របស់​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ទាំង​៧​នៅ​លើ​លោក​ ឬ​ហៅ​ថា​ G7 ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ៕