រដ្ឋមន្រ្តី​ការពារ​ជាតិ​ថ្មី​អាមេរិក​ Ashton Carter ធ្វើ​ទស្សនកិច្ច​នៅ​ភាគ​ខាងត្បូង​អាហ្វហ្គានីស្ថាន​

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក Ashton Carter និយាយ​ទៅ​កាន់​កង​យោធា​អាមេរិក​នៅ​ទីលាន​ហោះ​ហើរ​ក្រុង​ Kandahar ប្រទេស​អាហ្វហ្គានីស្ថាន។

លោក​ Ashton Carter រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​ស.រ.អា បាន​ធ្វើដំណើរ​ទៅ​កាន់​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាននៅ​ថ្ងៃ​អាទិត្យនេះ ដើម្បី​ពិនិត្យ​មើល​ផែនការដក​ទាហាន​ស.រ.អា​ចេញពី​ប្រទេស​នេះ​ក្នុង​រយៈពេល​ពីរឆ្នាំ។

នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​ដែល​លោក​ឋិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ លោក Carter បានធ្វើដំណើរ​តាម​យន្តហោះទៅ​កាន់ក្រុង​ Kandahar ពី​រដ្ឋធានី​កាប៊ុល (Kabul) ដែលនៅ​ទីនោះ​លោក​បាន​ធ្វើការ​ចរចា​មួយ​ចំនួនកាលពី​ថ្ងៃ​សៅរ៍ជាមួយ​ក្រុម​មេ​ដឹក​នាំ​អាហ្វហ្គានីស្ថាន​ និង​ក្រុម​មេបញ្ជាការ​យោធាអាមេរិកាំង។​

លោក​ Carter ឋិត​នៅ​ក្នុង​ក្រុង​ Kandahar ដើម្បី​ស្តាប់​ការ​និយាយ​ត្រួសៗ​ពី​ក្រុម​មេ បញ្ជាការ​ស.រ.អា ​និង អាហ្វហ្គានីស្ថាន​ អំពី​ការ​ជឿនលឿន​ក្នុង​ការ​ហ្វឹកហ្វឺន​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​។

លោក Carter បានមានប្រសាសន៍​ថា​ ស.រ.អា​កំពុង​ «គិត​ជា​ថ្មីអំពី​សេចក្តីលម្អិត​» នៃ​បេសកកម្ម​ប្រឆាំង​នឹង​ភេរវកម្មរបស់ខ្លួននៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយមាន​រួម​ប​ញ្ចូល​ថា​ តើ​ត្រូវ​បន្ថយ​ល្បឿន​នៃការ​ដក​ក្រុម​ទាហាន​ស.រ.អា​ឬទេ ដែលបេសកកម្ម​របស់​ពួក​គេ​បាន​ប្តូរពី​ការ​ប្រយុទ្ធ​ទៅ​ជា​ការ​ហ្វឹកហ្វឺន​វិញ​ នៅ​ពេល​ដែល​ក្រុម​ទាហានរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​តាលីបង់។​

លោក​ Carter បា​ន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ បញ្ហា​នេះ​ឋិត​នៅ​លើ​របៀបវារៈ​នៅ​ពេលប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក​ Ashraf Ghani ទៅ​បំពេញ ទស្សនកិច្ច​ក្នុង​រដ្ឋធានី Washington នៅ​ខែ​ក្រោយ។

លោក​ Carter បានជួប​ជាមួយលោកប្រធានាធិបតី​ Ghani ហើយ​ពួកលោក​បាន​ពិភាក្សា​គ្នា​អំពី​ការ​ដកទាហាន​អាមេរិកាំង​ចេញ​ពីអាហ្វហ្គានីស្ថាន និង​កិច្ច​ប្រឹងប្រែង​របស់រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​តាលីបង់​។​ លោក​ប្រធានាធិបតី​ Ghani បាននិយាយ​ប្រាប់​ ក្រុម​អ្នក​កាសែត​ថា​នៅ​ពេល​នេះ​សេចក្តី​សង្ឃឹមថា​ មាន​សន្តិភាព​ជាមួយ​ពួក​តាលីបង់​មាន​ភាព​ល្អ​ប្រសើរ​ជាង​កាល​ពីជាង​បី​ទសវត្សរ៍​មុននេះ ទោះ​ណា​ជាលោកផ្តល់​សេចក្តី​លម្អិត​តែ​បន្តិចបន្តួច​ក៏​ដោយ។​លោក​បាននិយាយ​ថា «ទិសដៅ​មាន​ភាព​វិជ្ជមាន» ក៏​ប៉ុន្តែ​លោក​បាន​បន្ថែម​ថាលោកនឹង​មិន​ធ្វើ «សេចក្តី​ប្រកាសមុន​ពេល​កំណត់ទេ»។

លោក​ Carter ក៏​មាន​កំណត់​ជួបជាមួយ​ក្រុមទាហាន​ស.រ.អា ក្នុង​ឱកាសទស្សនកិច្ច​របស់​លោក​ផង​ដែរ។ មានក្រុម​ទាហាន​ស.រ.អា​ប្រមាណ​មួយម៉ឺន​នាក់​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន ​នា​ពេល​សព្វថ្ងៃនេះ៕