លោកឧត្តមនាវីត្រី Kevin Sweeney នាយកបុគ្គលិករបស់លោករដ្ឋមន្ត្រីការពារជាតិបានលាឈប់ពីការងារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។
លោក Sweeney បានកាន់តំណែងនេះចាប់តាំងពីឆ្នាំ២០១៧មក។
លោកSweeney បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«ក្រោយពីធ្វើការរយៈពេល២ឆ្នាំនៅក្នុងក្រសួងការពារជាតិ ខ្ញុំបានសម្រេចចិត្តថាដល់ពេលដែលខ្ញុំត្រឡប់ទៅវិស័យឯកជនវិញ។ វាជាកិត្តិយសដែលបានចូលមកបម្រើការងារជាមួយនឹងយុទ្ធជននិងយុទ្ធនារីនៅក្រសួងការពារជាតិ»។
លោកស្ថិតនៅក្នុងចំណោមមន្ត្រីក្រសួងការពារជាតិជាច្រើននាក់ដែលបានលាលែងចេញពីតំណែងនាពេលថ្មីៗនេះ។
លោកJames Mattis រដ្ឋមន្ត្រីការពារជាតិដែលលោកSweeney បានធ្វើការជាមួយបានប្រកាសពីការលាលែងកាលពីចុងខែធ្នូហើយបានចាកចេញពីតំណែងកាលពីដើមខែមករានេះ។
លោក Mattis បានប្រកាសពីការលាលែងនេះ ក្រោយពីលោកប្រធានាធិបតីដូណាល់ ត្រាំបាននិយាយថាសហរដ្ឋអាមេរិកនឹងដកកងទ័ពចំនួន២០០០នាក់ចេញពីប្រទេសស៊ីរី។ នៅក្នុងលិខិតលាលែង លោកមិនបានដាក់ចំឈ្មោះលោកប្រធានាធិបតីត្រាំទេប៉ុន្តែបានគូសបញ្ជាក់ពីការខ្វែងគំនិតគ្នាជាមួយនឹងលោកប្រធានាធិបតី លើសារៈសំខាន់នៃសម្ព័ន្ធមិត្តនិងការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិក៕