រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

រដ្ឋមន្រ្តី​ការពារ​ជាតិសហរដ្ឋ​អាមេរិក លោក Lloyd Austin ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយនៅ​មន្ទីរបច្ចកោណក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ (AP)

ដំណើរ​ទស្សនកិច្ច​នេះកើត​ឡើង​បន្ទាប់​ពី​កម្ពុជា​និង​ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយធំ​ជាមួយ​គ្នា ដែល​គ្រោង​បញ្ចប់​នា​ចុង​ខែ​ឧសភា​នេះ។

រដ្ឋមន្រ្តី​ការពារ​ជាតិសហរដ្ឋ​អាមេរិក លោក Lloyd Austinនឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ចេញ​ផ្សាយ​នៅថ្ងៃ​សៅរ៍​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង ស្រប​ពេល​ដែល​លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​នឹង​មក​ចូល​រួម​សន្និសីទ​កំពូល​ស្តី​ពី​សន្តិសុខ Shangri-La Dialogue ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​សិង្ហបុរី។ សន្និសីទ​កំពូល​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ដល់​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០២៤។

បន្ទាប់​ពី​សន្និសីទ​នេះ លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​នឹង​មក​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច។ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​នឹង​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​របស់​កម្ពុជា​មួយ​ចំនួន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក។

លោក Lloyd Austin ធ្លាប់​មក​ប្រទេស​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​កាល​នោះ លោក​មក​ចូលរួមកិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន។

បើ​តាម​ក្រសួង​ការពារ​ជាតិ​អាមេរិក ដំណើរ​ទស្សនកិច្ច​លើក​ទី១០​របស់​លោក Lloyd Austin មក​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក កើត​ឡើង​ស្រប​ពេល​ដែល​ក្រសួងការពារ​ជាតិ​អាមេរិក​បន្ត​ពង្រឹង​ទំនាក់​ទំនង​រវាង​អាមេរិក​និង​សម័ន្ធមិត្ត និង​ដៃគូ ដើម្បី​គាំទ្រ​នូវ​ទស្សនៈ​តំបន់​រួមគ្នា​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិធាន​ការ​បង្ការ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាត បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​នេះ កើត​ឡើង​បន្ទាប់​ពី​កម្ពុជា​និង​ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយធំ​ជាមួយ​គ្នា ដែល​គ្រោង​បញ្ចប់​នា​ចុង​ខែ​ឧសភា​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​កើត​ឡើង​ ស្រប​ពេល​កង​ទ័ព​ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងទឹក​រាម ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន។ ការ​ធ្វើ​ទំនើប​កម្ម​នេះ​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​សង្ស័យ​ថា​អាច​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​នា​ពេល​ណា​មួយ ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ទប់​ទល់​នឹង​អាមេរិក ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់៕