រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានថ្កោលទោសសកម្មភាពដ៏គ្រោះថ្នាក់របស់ចិនប្រឆាំងហ្វីលីពីន ហើយបានបន្តព្រមានចិនថាសហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួនបើកងកម្លាំងហ្វីលីពីន ត្រូវបានវាយប្រហារប្រដាប់អាវុធនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press។
ពេលត្រូវបានសួរថាតើការគាំទ្រយោធាដ៏ខ្លាំងរបស់អាមេរិកនឹងបន្តក្នុងអាណត្តិប្រធានាធិបតីលោក Donald Trump ទេរួមទាំងការផ្ដល់ថវិកាថ្មី៥០០លានដុល្លារលើវិស័យយោធាផងនោះ លោក Austin បានថ្លែងក្នុងពេលលោកបំពេញទស្សនកិច្ចនៅខេត្ត Palawan របស់ហ្វីលីពីនថាលោកនឹងមិននិយាយដោយស្មានអំពីសកម្មភាពរបស់រដ្ឋបាលថ្មីទេ ប៉ុន្តែលោកបានសម្ដែងជំនឿថាសម្ព័ន្ធភាពដ៏រឹងមាំរវាងអាមេរិកនិងហ្វីលីពីន«នឹងជម្នះការផ្លាស់ប្ដូររដ្ឋបាលថ្មី»។
លោក Austin ថ្លែងថា«យើងឈរជាមួយហ្វីលីពីន ហើយយើងថ្កោលទោសសកម្មភាពដ៏គ្រោះថ្នាក់របស់ចិនប្រឆាំងប្រតិបត្តិការស្របច្បាប់របស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង»។
លោកបន្ថែមទៀតថា«អាកប្បកិរិយារបស់ចិនគួរឱ្យបារម្ភ។ ចិនប្រើវិធានការគ្រោះថ្នាក់និងបង្កើនភាពតានតឹង ដើម្បីទាមទារដែនសមុទ្រចិនខាងត្បូងដ៏ទូលំទូលាយរបស់ខ្លួន»។
ចិនក៏មានជម្លោះអធិបតេយ្យក្នុងពេលថ្មីៗនេះ ជាមួយប្រទេសជាប់ឆ្នេរសមុទ្រផ្សេងទៀតរួមមានវៀតណាម ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ដោយសារតែផ្លូវសមុទ្រដ៏មានសារៈសំខាន់ខាងសន្តិសុខនិងពាណិជ្ជកម្មសកលលោក។ ប្រទេសប៊្រុយណេ និងកោះតៃវ៉ាន់ ក៏ពាក់ព័ន្ធនឹងជម្លោះដ៏យូរលង់នេះដែលមិនទាន់បានដោះស្រាយចប់នៅឡើយ។
រដ្ឋបាលលោក Biden ដែលនឹងចេញពីតំណែង បានចាត់វិធានការពង្រឹងសម្ព័ន្ធភាពយោធានៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងចិនឱ្យកាន់តែប្រសើរឡើង រួមទាំងការប្រឈមមុខដាក់គ្នាក្នុងពេលអនាគតដោយសារបញ្ហាតៃវ៉ាន់ឬនៅសមុទ្រចិនខាងត្បូង ដែលចិនបានទាមទារសិទ្ធិកាន់កាប់ស្ទើរតែទាំងស្រុង។
វិធានការនេះ ស៊ីគ្នានឹងចំណាត់ការរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក្នុងការពង្រឹងវិស័យការពារជាតិពីខាងក្រៅ ដោយធ្វើឱ្យមានការកើនឡើងនូវការប្រឈមមុខគ្នាខាងបូរណភាពទឹកដីដ៏គួរឱ្យបារម្ភរវាងកងកម្លាំងចិននិងហ្វីលីពីននៅសមុទ្រចិនខាងត្បូង។
មានមន្ទិលដ៏តានតឹងជុំវិញថាតើលោក Trump នឹងដឹកនាំពាក់ព័ន្ធនឹងយោធារបស់អាមេរិកនៅតំបន់អាស៊ីដោយរបៀបណា។
លោក Marcos បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លោកបានអបអរសាទរលោក Trump តាមទូរស័ព្ទចំពោះជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក និងអះអាងជាថ្មីចំពោះការប្ដេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការបន្តពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
លោក Marcos ថ្លែងថា«ខ្ញុំនិយាយប្រាប់លោកអំពីបំណងរបស់យើងក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដែលជាទំនាក់ទំនងដែលជ្រាលជ្រៅតាមដែលអាចធ្វើទៅបាន ពីព្រោះទំនាក់ទំនងនេះ មានជាយូរយារមកហើយ»៕