លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានធ្វើដំណើរតាមយន្តហោះទៅដល់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះក្នុងដំណើរទស្សនកិច្ចមួយមិនបានឱ្យដឹងជាមុន ដែលជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកចាប់តាំងពីសេតវិមានបានប្រកាសអំពីផែនការត្រូវសើរើមួយសម្រាប់សង្គ្រាមដឹកនាំដោយស.រ.អា.នៅក្នុងប្រទេសនេះ។
លោក Mattis បានធ្វើដំណើរតាមយន្តហោះទៅចុះចតក្នុងក្រុងកាប៊ុល ដែលជាទីឈប់សំចតទីពីររបស់លោកនៅក្នុងទស្សនកិច្ចក្នុងទ្វីបអាស៊ីខាងត្បូងដែលបានចាប់ផ្តើមនៅក្នុងក្រុង New Delhi។
ផែនការរបស់ប្រធានាធិបតី Donald Trump អំពីប្រទេសអាហ្វហ្គានីស្ថានដែលត្រូវប្រកាសកាលពីខែមុនមានទាក់ទិននឹងមុខនាទីធំជាងមុនសម្រាប់ពួកប្រទេសមានពាក់ព័ន្ធក្នុងតំបន់ ដោយមានរួមបញ្ចូលទាំងប្រទេសឥណ្ឌាផងដែរ ដើម្បីជួយទម្លាយភាពទាល់ច្រកជាមួយពួកបះបោរតាលីបង់។
នៅក្នុងឱកាសបំពេញទស្សនកិច្ចក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា លោក Mattis បានកោតសរសើរការផ្តល់វិភាគទាន «កាត់តម្លៃមិនបាន» របស់ប្រទេសឥណ្ឌាដល់ប្រទេសអាហ្វហ្គានីស្ថាន និងបានស្វាគមន៍ដល់ «កិច្ចខិតខំប្រឹងប្រែងថែមទៀតដើម្បីឧបត្ថម្ភផ្ចុងផ្តើមលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងសន្តិសុខនៃប្រទេសអាហ្វហ្គានីស្ថាន»។ សមភាគីឥណ្ឌារបស់លោក Mattis គឺលោករដ្ឋមន្ត្រីការពារប្រទេសឥណ្ឌា Nirmala Sitharaman បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្រុងកាប៊ុល ទោះណាជាលោកបានបដិសេធការបញ្ជូនទាហានទៅប្រទេសអាហ្វហ្គានីស្ថានក៏ដោយ៕