រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Alejandro Mayorkas កាលពីថ្ងៃអង្គារម្សិលមិញ បានការពារវិធានការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការកើនឡើងនៃចំនួនកុមារចំណាកស្រុកដែលគ្មានអាណាព្យាបាលនៅជាមួយនៅតាមបណ្តោយព្រំដែនភាគនិរតីប្រទេស។
លោក Mayorkas បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងបង្កើតមជ្ឈមណ្ឌលដំណើរការរួមមួយ ដើម្បីបញ្ជូនក្រុមកុមារទាំងនោះដែលមានអាយុទាបបំផុត ៦ ឆ្នាំ ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល និងកំពុងព្យាយាមរកទីជម្រកបន្ថែមទៀតសម្រាប់ពួកគេ។
លោក Mayorkas បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ស្ថានភាពដែលយើងកំពុងជួបប្រទះនៅឯព្រំដែនភាគនិរតីគឺជាស្ថានភាពដ៏លំបាកមួយ។ យើងកំពុងដោះស្រាយបញ្ហានេះ»។
កុមារចំណាកស្រុកដែលពុំមានអាណាព្យាបាលនៅជាមួយជិត ៤.៣០០ នាក់ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីយាមល្បាតព្រំដែន គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការលើកឡើងរបស់មន្ត្រីទីភ្នាក់ងារគយនិងការពារព្រំដែនមួយរូបដែលសុំមិនបញ្ចេញឈ្មោះ។
បើតាមច្បាប់ កុមារទាំងនោះគួរត្រូវបញ្ជូនចេញពីអាគារទទួលជនចំណាកស្រុករបស់ទីភ្នាក់ងារគយនិងការពារព្រំដែនទៅកាន់មណ្ឌលស្នាក់នៅដែលគ្រប់គ្រងដោយក្រសួងសុខាភិបាលក្នុងអំឡុងពេល ៧២ ម៉ោង។
លោក Mayorkas បានទទួលស្គាល់ថា៖ «អាគាររបស់ទីភ្នាក់ងារគយនិងការពារព្រំដែនទាំងនោះមានលក្ខណៈពេញចង្អៀតដោយសារតែចំនួនកុមារទាំងនោះ ហើយការបញ្ជូនពួកគេទៅកាន់មណ្ឌលគ្រប់គ្រងរបស់ក្រសួងសុខាភិបាលក្នុងអំឡុងពេល ៧២ ម៉ោង មិនតែងតែត្រូវបានធ្វើឡើងស្របតាមពេលវេលាដែលតម្រូវនេះទេ»។
លោកក៏បានបន្ថែមផងដែរថា ក្រសួងសុខាភិបាលក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលយកកុមារក្នុងចំនួនដ៏ច្រើនដូចនេះដែរ៕