លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា Ash Carter បានធ្វើដំណើរទៅដល់ប្រទេសអ៊ីរ៉ាក់នៅថ្ងៃសៅរ៍នេះដើម្បីជួបជាមួយមេបញ្ជាការនៃកងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីពិនិត្យមើលឡើងវិញ និងដើម្បីជួយក្នុងកិច្ចប្រតិបត្តិការរំដោះទីក្រុងម៉ូស៊ុលពីពួករដ្ឋឥស្លាម។
លោករដ្ឋមន្ត្រីការពារប្រទេសធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ចំនួន៣លើកហើយក្នុងឆ្នាំនេះ។ លោកជាអ្នកត្រួតពិនិត្យមើលកិច្ចប្រតិបត្តិការយោធារបស់កងកម្លាំងអ៊ីរ៉ាក់ដែលស.រ.អា ជួយឧបត្ថម្ភក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីរុញច្រានពួករដ្ឋឥស្លាមចេញពីតំបន់នេះ។
ទស្សនកិច្ចរបស់លោក Carter ទៅកាន់ទីក្រុង បាកដាដ ដែលមិនបានប្រកាសទុកជាមុននោះ ធ្វើឡើងបន្ទាប់ពីទាហានអាមេរិកាំងម្នាក់ បានបាត់បង់ជីវិតនៅក្នុងតំបន់នេះកាលពីប៉ុន្មានថ្ងៃមុន។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា គ្រោងនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី Haider al-Abadi នៃប្រទេសអ៊ីរ៉ាក់ផងដែរ។ អ្នកទាំងពីរប្រហែលជានឹងពិភាក្សាគ្នាអំពីការជំទាស់របស់រដ្ឋាភិបាលក្រុងបាកដាដ ក្នុងការបញ្ចូលកងកម្លាំងតួកគី នៅក្នុងកិច្ចប្រតិបត្តិការរំដោះទីក្រុងម៉ូស៊ុល។
កាលពីថ្ងៃសុក្រ លោក Carter និងលោកប្រធានាធិបតី Recep Tayyip Erdogan បានជួបគ្នានៅក្នុងទីក្រុងអង់ការ៉ា ដើម្បីពិភាក្សាគ្នាអំពីសេចក្តីត្រូវការបង្កើនកិច្ចសហប្រតិបត្តិការ រវាងស.រ.អា និងប្រទេសតួកគី នៅក្នុងយុទ្ធនាការកំចាត់ពួករដ្ឋឥស្លាមទាំងក្នុងប្រទេសអ៊ីរ៉ាក់ ទាំងក្នុងប្រទេសស៊ីរី៕