សហរដ្ឋ​អាមេរិក ​ដក​ប្រទេស​តួកគី​ចេញ​ពី​កម្មវិធី​យន្តហោះ​ចំបាំងF-35

រូបភាព​ឯកសារ៖ យន្តហោះ Lockheed Martin F-35 នៅ​បន្ទាយ​អាកាស ILA Air Show ក្នុង​ទីក្រុងបែរឡាំង​ប្រទេស​អាល្លឺម៉ង់កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០១៩។ Germany, April 25, 2018.

សហរដ្ឋ​អាមេរិក បាន​បញ្ឈប់​ការ​ចូល​រួម​របស់​ប្រទេស​តួកគី​នៅ​ក្នុង​កម្មវិធី​យន្តហោះ​ចំបាំងF-35។ ការ​សម្រេច​នេះ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ជាការ​ឆ្លើយ​តប​ដល់តួកគី​ដែល​បាន​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីលS-400 ​របស់​រុស្ស៊ី។​ សេតវិមាន បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ការ​សុខ​ចិត្ត​របស់​តួកគី​ក្នុងការទទួល​យក​ប្រព័ន្ធការ​ពារ​មីស៊ីល F-400 ធ្វើ​ឲ្យ​អន្តរាយ​ការ​សន្យា​របស់​ខ្លួន​ដល់​អង្គការ​អូតង់។ ប៉ុន្តែ ​ពួក​មន្រ្តីសហរដ្ឋ​អាមេរិក ​ក៏​បាន​និយាយ​ដែរ​ថា តួកគី ​នៅ​តែ​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ​ហើយ​ថា កិច្ចសហ​ប្រតិបត្តិការ​សន្តិសុខ​នឹង​បន្ត​ទៅ​មុខ។

ការ​ប្រកាស​របស់​សេតវិមាន កើត​មាន​ឡើង​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីការ​ដឹក​ជញ្ជូនប្រព័ន្ធ​ការពារ​មីស៊ីលS-400លើកដំបូង​បាន​ទៅ​ដល់​ប្រទេស​តួកគី។ ផ្នែក​នៃប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​រុស្ស៊ី ​បាន​ត្រូវ​ដឹក​តាម​យន្តហោះ​ចូល​ទៅក្នុង​មូលដ្ឋាន​យោ​ធា​មួយ​កន្លែងនៅ​ជិត​រដ្ឋ​ធានីអង់ការ៉ា​នៃ​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​ជា​កិច្ចព្រម​ព្រៀង​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជំទាស់​ប្រឆាំង។

ក្រុម​មន្រ្តី​ក្រសួងការ​ពារ​ប្រទេស​អាមេរិក ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធថា ​សហរដ្ឋ​អាមេរិក ​បាន​ព្រមានប្រទេស​តួកគី​សមាជិក​របស់​អង្គការ​អូតង់​ពី​ផល​វិបាក​នា​នា។លោកស្រី Ellen M. Lord អនុ​រដ្ឋមន្រ្តីការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​ថ្លែងថា៖

«ការ​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល S-400 របស់​តួកគី​ មិន​ស្រប​ទៅតាម​ការសន្យា​របស់​ខ្លួន​ចំពោះ​អង្គការ​អូតង់​ហើយ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់កិច្ច​ប្រតិ​បត្តិការ​រួម​គ្នា​របស់​តួកគី​ជាមួយ​សម្ព័ន្ធ​មិត្ត»។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ស្តីបន្ទោស​កាល​ពី​ថ្ងៃ​អង្គារលើ​រដ្ឋបាលសហរដ្ឋ​អាមេរិកមុនៗ​ថា មិន​បាន​លក់​មីស៊ីល​ឲ្យ​តួកគី​ដោយ​បង្ខំឲ្យ​តួកគី​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិកនេះ​ទៅ​ទិញ​អា​វុធ​ពី​កន្លែង​ផ្សេង​វិញ។

ប្រធានា​ធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ថ្លែង​ថា៖ «វា​ជា​ស្ថានភាព​ដ៏​លំបាក​បំផុតមួយ​សម្រាប់​តួកគី ហើយ​វា​ក៏​ជា​ស្ថានភាព​ដ៏​លំបាកបំផុត​មួយ​សម្រាប់​យើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែរ»។

តួកគី​ជា​អ្នក​រួម​វិភាគទាន​ហិរញ្ញវត្ថុ​ដល់​កម្មវិធី​អភិវឌ្ឍន៍​យន្តហោះ​ចំបាំងF-35។ គ្រឿង​បម្លាស់​ខ្លះ​សម្រាប់​យន្តហោះ​នោះ ​បាន​ត្រូវ​ផលិត​នៅ​ក្នុង​ប្រទេស​តួកគី ហើយ​អ្នក​បើក​បរ​យន្តហោះ​តួកគី ​បាន​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​រៀន​ពីការ​បើក​យន្តហោះ​នោះ។ កម្មវិធី​ទាំង​នេះ ​ឥឡូវនេះ ​ត្រូវបាន​បញ្ចប់​នៅ​ពេល​មានការ​ព្រួយ​កង្វល់​ថា​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​របស់​រុស្ស៊ី​ក្នុង​ប្រទេស​តួកគី ​នឹង​អាច​ឲ្យ​អ្នក​បច្ចេក​វិទ្យា​រុស្ស៊ី​ប្រមូល​ព័ត៌​មាន​សម្ងាត់​ស្តីពី​ប្រព័ន្ធ​បច្ចេក​វិទ្យា​យន្ត​ហោះ​ជឿនលឿន​របស់​សហរដ្ឋ​អាមេរិក។

លោក David Trachtenberg ​អនុរដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិកទទួល​បន្ទុក​គោល​នយោបាយ​បាន​ថ្លែងថា៖ «​ខណៈ​ដែល​ការ​សម្រេច​របស់​តួកគី ​ជារឿង​អកុសល ការធ្វើ​ឲ្យ​ប្រាកដថា​សន្តិ​សុខ​និង​សេចក្តី​សុចរិត​នៃ​កម្មវិធីនិង​សមត្ថភាព យន្តហោះ​ចំបាំង F-35 ​ដែល​នឹង​ផ្តល់​ឲ្យ​ដៃគូ​របស់​ខ្លួន​នៅតែ​អាទិភាព​កំពូល​របស់​យើង»។

គេក៏មានការ​ព្រួយ​កង្វល់ផង​ដែរ​ថា ​កិច្ច​ព្រម​ព្រៀង​របស់​តួកគី​ជាមួយ​រុស្ស៊ី ​អាច​ធ្វើឲ្យ​អន្ត​រាយ​កម្លាំង​និង​សាមគ្គីភាព​របស់​សម្ព័ន្ធភាព​យោធា​មហាសមុទ្រAtlantic ខាង​ជើង​ឬ​អង្គការ​អូតង់។ ក្រុម​មន្រ្តី​ក្រសួង​ការពារ​ប្រទេស​អាមេរិក ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​តួកគី​ ​នៅតែ​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេ​រិកនិង​អង្គការ​អូតង់។លោកDavid Trachtenbergអនុ​រដ្ឋមន្រ្តី​ការពារ​ប្រទេសអាមេរិកទទួល​បន្ទុក​គោល​នយោ​បាយ​បាន​ថ្លែងទៀតថា៖ «​សហរដ្ឋ​អាមេរិក​ ឲ្យ​តម្លៃ​យ៉ាង​ខ្លាំងដល់​ទំនាក់​ទំនង​យុទ្ធសាស្រ្ត​របស់​យើង​ជា​មួយ​តួកគី។ ការណ៍​នេះ​នៅ​តែ​មិន​ផ្លាស់​ប្តូរ»។

តួកគី ជា​សមាជិក​របស់​អង្គការ​អូតង់​អស់​រយៈ​ពេល​ជាង៦​ទសវត្សរ៍​មកហើយ។ ក៏ប៉ុន្តែ តួកគី បាន​ងាក​ចេញ​ពី​សម្ព័ន្ធមិត្ត​លោកខាង​លិច​របស់​ខ្លួន​ចាប់​តាំង​ពីមាន​រដ្ឋ​ប្រហារ​មិន​បាន​ជោគជ័យ​នៅ​ឆ្នាំ​២០១៦ប្រឆាំង​នឹង​ប្រធានា​ធិបតី​ផ្តាច់​ការ​លោក Recep Tayyip Erdogan នៃ​ប្រទេស​តួកគី​មក។ រដ្ឋប្រហារ​នេះ បាន​នាំ​ឲ្យ​មានការ​ចាប់​ខ្លួន​ពួក​មន្រ្តី​យោធា​តួកគី​រាប់រយ​នាក់​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូនានា​របស់​អង្គការ​អូតង់៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន