សហរដ្ឋអាមេរិកនឹងលែងផ្តល់ជំនួយសម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជាទៅឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ដោយផ្ទាល់ដូចមុនទៀតហើយនៅឆ្នាំក្រោយនេះ ប៉ុន្តែនឹងផ្តល់ទៅឱ្យក្រុមអ្នកដោះមីនក្នុងស្រុកដោយផ្អែកលើការដេញថ្លៃមានលក្ខណៈប្រកួតប្រជែងវិញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះ។
មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលសុំមិនបញ្ចេញឈ្មោះដោយសារខ្លួនមិនមានសិទ្ធិក្នុងការនិយាយជាមួយនឹងអ្នកសារព័ត៌មានបានប្រាប់វីអូអេថា៖
«សហរដ្ឋអាមេរិកមានគោលបំណងផ្តល់មូលនិធិសម្រាប់កិច្ចខិតខំ(ដោះមីន)នេះដោយផ្អែកលើការប្រកួតប្រជែង។ សំណើសុំថវិកាដែលយើងនឹងរៀបចំដោយមានការពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជានឹងត្រូវបញ្ចេញឱ្យដឹងនៅខែនេះ»។
មន្ត្រី រូបនោះបានបន្តទៀតថាសម្រាប់ឆ្នាំ២០១៨សហរដ្ឋអាមេរិកបន្តជួយដល់ប្រតិបត្តិការដោះមីននៅប្រទេសកម្ពុជាដោយផ្តោតលើការដោះមីននៅភាគខាងកើតប្រទេសដោយប្រើប្រាស់កម្មវិធីដោះមីនលំដាប់ពិភពលោកដែលផ្តោតលើគោលដៅគ្រាប់មីនណាដែលផលិតដោយសហរដ្ឋអាមេរិកប៉ុណ្ណោះដោយសារតែអ្នកជំនាញបានស្នើឡើងថាការដោះមីនដោយវិធីសាស្រ្តនេះនឹងមានប្រសិទ្ធភាព។
មន្ត្រីក្រសួងការបរទេសរូបនោះបានបន្ថែមថា៖
«សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះដៃគូរបស់យើងជាមួយនឹងប្រជាពលរដ្ឋកម្ពុជាក្នុងការគាំទ្រគោលដៅរបស់គេដែលចង់ឱ្យប្រទេសកម្ពុជាគ្មានការប៉ះពាល់ដោយគ្រាប់មីននៅឆ្នាំ២០២៥និងគោលដៅរួមរបស់យើងក្នុងការបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់សហរដ្ឋអាមេរិក»។
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌល ស៊ីម៉ាក បានបញ្ជាក់ប្រាប់ VOA កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកតាមរយៈអង្គការជាដៃគូរបានឧបត្ថម្ភថវិកាជាង ២លានដុល្លារជារៀងរាល់ឆ្នាំដល់ប្រតិបត្តិការការងាររបស់ CMAC។
មន្ត្រីរដ្ឋាភិបាលម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់វីអូអេឱ្យដឹងថាការកាត់ផ្តាច់ជំនួយនេះនឹងប៉ះពាល់ដល់មន្ត្រីអ្នកដោះមីននៃអង្គការCMACចំនួន២៤៥នាក់ដែលធ្វើការក្រោមគម្រោងឧបត្ថម្ភដោយសហរដ្ឋអាមេរិក៕