សហរដ្ឋ​អាមេរិក​សម្រេច​​កាត់​ជំនួយ​​​ទៅ​កម្ពុជា​

រូប​ឯកសារ៖ កម្លាំងប៉ូលិសរក្សាសណ្តាប់ធ្នាប់​បិទផ្លូវមួយនៅក្បែរតុលាការឧទ្ធរណ៍នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ តុលាការឧទ្ធរណ៍បាន​បើក​សវនាការស្តីអំពី​សេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ដែលបាន​សម្រេចឃុំខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងពី​បទ​ក្បត់ជាតិ។ (AP Photo/Heng Sinith)

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​ VOA ទាក់ទង​ដោយ​លោក​ថា ​នឹង​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្រសួង​ការបរទេស​សិន​មុន​នឹង​ឆ្លើយ​តប​ជា​ផ្លូវការ។

សហរដ្ឋ​អាមេរិក​បាន​សម្រេច​កាត់បន្ថយ​ជំនួយ​ទៅ​ប្រទេស​កម្ពុជា​ដោយ​សារ​តែគណបក្សកាន់អំណាចបាន​ធ្វើ​សកម្មភាពប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ក្នុង​នោះ​មាន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃអាទិត្យ។

សេតវិមាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា៖

«ការ​ថយ​ចុះ​នា​ពេល​ថ្មីៗ​នេះ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ក​ឱ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ក្នុង​នោះ​គឺ​រួម​ទាំង​ការ​បោះឆ្នោតព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ដែល​មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា‍។​ ការ​ដើរ​ថយ​ក្រោយ​នេះ​បង្ខំ​ឱ្យ​សហរដ្ឋ​អាមេរិក​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ជំនួយ​របស់​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ធានា​ថា​ ប្រាក់​ដែល​បាន​មក​ពី​អ្នក​បង់​ពន្ធ​អាមេរិកាំង​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​គាំទ្រ​ឥរិយាបទ​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ​ទេ‍»។

Your browser doesn’t support HTML5

វីដេអូខ្លី VOA៖ ស.រ.អា សម្រេច​កាត់​ជំនួយ​ទៅ​កម្ពុជា​ដោយសារ​លិទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ

ជំនួយ​ដែល​ត្រូវ​ព្យួរ​និង​កាត់​បន្ថយ​គឺជា​កម្មវិធី​ជំនួយ​របស់​ក្រសួង​រតនាគារ ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ (USAID) និង​ជំនួយ​យោធា។ បើ​តាម​ទីភ្នាក់ងារ​ AFP រាយការណ៍​ឱ្យ​ដឹង​ថា​ ជំនួយ​ដែល​ត្រូវ​ប៉ះពាល់​មាន​ទឹក​ប្រាក់​ប្រហែល​៨,៣​លាន​ដុល្លារ

ជំនួយ​ទាំងនេះគាំទ្រ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ​គាំទ្រ​ដល់​សមត្ថភាព​របស់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្នាក់​មូលដ្ឋាន​និង​យោធា​របស់​កម្ពុជា។

លោក​ ជុំ ប៊ុនរ៉ុង​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​ VOA ទាក់ទង​ដោយ​លោក​ថា ​នឹង​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្រសួង​ការបរទេស​សិន​មុន​នឹង​ឆ្លើយ​តប​ជា​ផ្លូវការ។

រូប​ឯកសារ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

យ៉ាង​ណា​ក៏​ដោយ​លោក​បញ្ជាក់​ថា​ ការណ៍ដែល​យក​ការ​បោះឆ្នោត​ព្រឹទ្ធសភា​មក​ជា​ហេតុផល​គឺ​មិន​ត្រឹមត្រូវ​ទេ​ដោយសារ​តែ​ការ​បោះឆ្នោត​នោះ​អសកល​ហើយ​ស្រប​តាមច្បាប់។

លោក​បន្ថែម​ថា៖

«ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ អ្នក​ខ្លះ​ចោទ​ថា ​ជា​ការ​បោះឆ្នោត​ដោយ​បក្ស​តែ​មួយ​ដែល​ខ្លាំង​ហើយ​បក្ស​ដទៃ​ទៀត​មិន​សូវ​មាន​កម្លាំង​ ប៉ុន្តែ​វា​ជា​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​មានការ​អនុម័ត​ដោយ​ច្បាប់‍‍»។

លោក ​អាឡាំង ឡូវឹនសល ​(Alan Lowenthal) អ្នក​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ប្រាប់ VOA ​តាម​សារអេឡិកត្រូនិក​ថា​ លោក​ ហ៊ុន សែន​ គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ។

លោក ​អាឡាំង ឡូវឹនសល បាន​បន្ថែម​ថា៖

«ការ​គាំទ្រ​និង​កិច្ច​សហប្រតិបត្តិការ​ពី​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​អាស្រ័យ​លើ​លោក​ ហ៊ុន សែន ថា​តើ​គាត់​គោរព​តាម​កិច្ច​ព្រមព្រៀង​ដែល​គាត់​ខ្លួនឯង​បាន​ចុះ​ហត្ថលេខា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​សេរី​និង​ត្រឹមត្រូវ​ឬ​ទេ? នេះ​គឺ​ជា​ការ​ការពារ​និង​ថែរក្សា​សិទ្ធិ​មនុស្ស​ជា​សាកល​ដែល​មាន​ដូច​ជា​ធានា​ដល់​ក្រុម​អ្នក​ប្រឆាំង​និង​សិទ្ធិ​សេរីភាព​នៃ​សារព័ត៌មាន​សម្រាប់​ពលរដ្ឋ​កម្ពុជា‍»។​

រូប​ឯកសារ៖ លោក​ សុខ​ ខេមរា នៃ VOA ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​ Alan Lowenthal​ ​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​ តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale រដ្ឋ​វឺជីនៀ​ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេច​ហៀង/VOA)

នេះ​ជា​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​បន្ទាប់​ពី​សេតវិមាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​និង​ជន​ទាំង​ឡាយ​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​កញ្ញា​ហើយ​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​កាល​ពី​ខែ​វិច្ឆិកា​ក្រោម​បទ​ចោទ​ប្រកាន់​ថា​មាន​ឃុបឃិត​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​និង​សហរដ្ឋ​អាមេរិក​បាន​ប្រកែក​ថា​ជា​ការ​ចោទ​ប្រកាន់​ដែល​មិន​ពិត​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នក​គាំទ្រ​ជាង​បី​លាន​នាក់​ដែល​ត្រូវ​ជា​ជាង​៤០​ភាគរយ​នៃ​ចំនួន​អ្នក​ដែល​បាន​បោះឆ្នោត​ទាំងអស់។

លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​កម្ពុជា​រឹត​បន្តឹង​ស្ថានការណ៍​រហូត​ដល់​មាន​ទណ្ឌកម្ម។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​មាន​ការសោកស្តាយ​មែន​ទែន​ព្រោះ​យើង​ដឹង​ហើយ​ថា ​ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មក ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សម្រាប់​សង្គម​និង​ការងារ​ផ្សេងៗ​ជាច្រើន​រាប់ពាន់​លាន​ដុល្លារ។ ហើយ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​ហ្នឹង​គឺ​សហរដ្ឋ​អាមេរិក​ចង់​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​គឺ​អត់​មាន​អ្វី​ផ្សេង​ដូច​ប្រទេស​កុម្មុយនិស្ត​ទេ ​ប៉ុន្តែ​ឥឡូវ​នេះ​ដោយសារ​តែ​ទង្វើ​របស់​លោក ​ហ៊ុន សែន ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​កាត់​ផ្តាច់​ជំនួយ។ នេះ​គឺ​ជា​ការ​សោកស្តាយ‍»។ ​

លោក​ អេង ឆៃអ៊ាង​ យល់​ថា​ពេល​វេលា​ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា​នៅ​មិន​ទាន់​ហួសពេល​ទេ​បើ​សិន​ជា​លោក ​ហ៊ុន សែន កែប្រែ​ទាន់​ពេល។

លោក​បាន​បន្ថែម​ថា៖

«យើង​សូម​អំពាវនាវ​ឱ្យ​លោក​ ហ៊ុន សែន ​គិត​ឡើងវិញ​អំពី​រឿង​នេះ​ បើ​សិន​ជា​យើង​ចង់​ឱ្យ​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​ការ​អភិវឌ្ឍ​ទទួល​បាន​ការ​ទទួល​ស្គាល់​ដឹង​ឮ​ពី​ប្រទេស​មហា​អំណាច​សេរី​ដែល​មាន​ប្រជាធិបតេយ្យ​គួរ​តែ​លោក ​ហ៊ុន សែន ពិចារណា​នូវ​ទង្វើ​របស់​ខ្លួន​ឡើង​វិញ​មិន​ត្រូវ​ទុក​បណ្តោយ​ឱ្យ​កម្ពុជា​នៅ​ឯកា ហើយ​ឱ្យ​កម្ពុជា​សេពគប់​តែ​ប្រទេស​កុម្មុយនិស្ត​ទេ។ វា​អត់​មាន​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​កម្ពុជា​ទេ‍»។

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង​យល់​ថា ​សម្ពាធ​ពីរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែលដាក់​ទណ្ឌកម្ម​ថ្មី​ថែម​ទៀត​ដល់​កម្ពុជា​គឺ​ដើម្បី​ជួយ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រសើរ​ឡើង​វិញ។

លោក ​យ័ប គឹមទុង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បាន​បញ្ជាក់​ប្រាប់ VOA ថា៖

«ខ្ញុំ​យល់​ថា ​អំពើ​ដែល​លោក​ ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​សព្វ​ថ្ងៃ​ហ្នឹង​កំពុង​តែ​ដើរ​ផ្លូវ​ខុស​នាំ​ប្រជាជន​យើង​ឱ្យ​មាន​ការ​វេទនា​ទៅ​ថ្ងៃ​មុខ​ពីព្រោះ​អនុវត្ត​អ្វីៗ​អត់​មាន​យុត្តិធម៌​ ជា​ពិសេស​អត់​មាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ​ធ្វើ​ឱ្យ​ប្រទេស​ដទៃ​ទៀត​គេ​មើល​ទៅ​ឃើញ​ថា​ នេះ​ជា​ការ​គាប​សង្កត់​លើ​ប្រជាជន​ម្ល៉ោះហើយ​គេ​មិន​អាច​នៅ​ស្ងៀម​បាន​ត្រូវ​ជួយ​ដោយ​ធ្វើ​សម្ពាធ​លើ​ប្រទេស​ខ្មែរ​យើង‍»។

ក្នុង​រយៈពេល​២៥ឆ្នាំ​ចុង​ក្រោយ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​ជាង​១.០០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យប្រទេស​កម្ពុជា​បាន​ប្រសើរ​ឡើង​ដល់​ផ្នែក​សេដ្ឋកិច្ច​ សង្គមកិច្ចនិង​លទ្ធិ​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

យ៉ាង​ណា​ក៏​ដោយ​នៅ​មានគម្រោង​ជា​ច្រើន​ទៀត​ដែល​សហរដ្ឋ​អាមេរិក​នៅ​គាំទ្រ​ គឺ​លើ​ផ្នែក​សុខាភិបាល​ កសិកម្ម​ ការ​ដោះ​មីន លើក​កម្ពស់​សង្គម​ស៊ីវិល និង​វិស័យ​សំខាន់ៗ​ដទៃ​ទៀត៕

រាយការណ៍​បន្ថែម​ដោយ​ សុខ ខេមរា