ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកប្រកាសនឹង​ព្យួរ​​ជំនួយខ្លះរបស់ខ្លួនដល់កម្ពុជា


រូប​ឯកសារ៖ លោកស្រី Sarah Huckabee អ្នក​នាំ​ពាក្យ​សេតវិមាន។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​ទន្ទឹម​ពេល​គ្នា​ ដែល​អង្គការ​ជាតិ​និង​អន្តរជាតិ​ រួម​ទាំង​ក្រុម​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ផង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន ដោយ​ចាត់​ទុក​ការ​បោះឆ្នោត​ព្រឹទ្ធសភា​របស់​កម្ពុជា ថា​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​និង​មិន​ស្រប​ច្បាប់។

សហរដ្ឋ​អាមេរិក​ប្រកាស​នឹង​ព្យួរជំនួយ​អភិវឌ្ឍ​មួយ​ចំនួនដល់​ប្រទេស​កម្ពុជា ក្រោយ​ពី​អ្វី​មួយ​ដែល​សេតវិមាន​ចាត់​ទុក​ថា ​ជា​ការ​វិវត្ត​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ការិយាល័យ​អ្នក​នាំ​ពាក្យ​សេតវិមាន​របស់​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា ការ​វិវត្ត​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថ្មីៗ​នេះ បាន​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​សហរដ្ឋ​អាមេរិក​ ដោយ​រួម​ទាំង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដែល​ «‍មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា»​ នោះ​ទេ។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃអាទិត្យ​នោះ មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ប្រកៀកប្រកិត​បំផុត​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ដោយ​សារ​គណបក្សប្រឆាំង​នេះ ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន។ ជា​លទ្ធផល គណបក្ស​កាន់​អំណាច បាន​ឈ្នះ​អាសនៈ​ទាំង​អស់​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភាសម្រាប់​អាណត្តិ​ថ្មី​នេះ។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា «‍ដំណើរ​ថយក្រោយ​ទាំង​នេះ បាន​ញ៉ាំង​ឲ្យ​សហរដ្ឋ​អាមេរិក​ពិនិត្យ​ឡើងវិញ​នូវ​ជំនួយ​របស់​ខ្លួន​ដល់​កម្ពុជា ដើម្បី​ធានា​ថា​ប្រាក់​ពន្ធ​ដែល​ពលរដ្ឋ​អាមេរិក​បាន​បង់​ទាំង​អស់ នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​អាកប្បកិរិយា​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ‍»។

តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​ដល់​ប្រទេស​កម្ពុជា​នេះ សហរដ្ឋ​អាមេរិក​នឹង​ព្យួរ​ឬ​កាត់បន្ថយ​កម្មវិធី​ផ្តល់​ជំនួយ​អភិវឌ្ឍ​ជាច្រើន ដូចជា​ខាង​យោធា​ ខាង​ហិរញ្ញវត្ថុ និង​កម្មវិធី​អភិវឌ្ឍ​របស់ ​USAID ជាដើម។ កម្មវិធី​ទាំង​នេះ មាន​គោលដៅ​ជួយ​គាំពារ​ខាង​ពន្ធដារ​ ការ​បង្កើន​សមត្ថភាព​អាជ្ញាធរ​មូលដ្ឋាន និង​យោធិន​កម្ពុជា​ ដែល​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​វិវត្ត​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​ទន្ទឹម​ពេល​គ្នា​ ដែល​អង្គការ​ជាតិ​និង​អន្តរជាតិ​ រួម​ទាំង​ក្រុម​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ផង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន ដោយ​ចាត់​ទុក​ការ​បោះឆ្នោត​ព្រឹទ្ធសភា​របស់​កម្ពុជា ថា​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​និង​មិន​ស្រប​ច្បាប់។

VOA មិន​ទាន់​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ឆ្លើយតប​ភ្លាមៗ​ បាន​នៅ​ឡើយ​ទេ គិត​មក​ត្រឹម​យប់​ថ្ងៃ​អង្គារ​នេះ។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA កន្លង​មក​ថា សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប មាន​លក្ខណៈ​«កាន់​ជើង‍» គណបក្ស​ប្រឆាំង ក្នុង​ការ​រឹតត្បិត​ឬ​ការ​គាប​សង្កត់​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

«‍យើង​ដឹង​ហើយ​ថា អាមេរិកាំង គឺ​ជា​មេខ្លោង​ធំ ហើយ EU [European Union] មួយ​ចំនួន​ហ្នឹង ក៏​វា​នៅ​អែប​មេខ្លោង​ធំ​ហ្នឹង​ដែរ​ ដើម្បី​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា​ហ្នឹង​ឯង»។

ទាំង​សហគមន៍​អឺរ៉ុប ទាំង​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ដក​ជំនួយ​ខាង​ការ​បោះឆ្នោត​ទាំង​អស់​របស់​ខ្លួន​ដល់​កម្ពុជា​រួច​ទៅ​ហើយ។​

​ប៉ុន្តែ សេចក្តី​ថ្លែងការណ៍​របស់​សេត​វិមាន​របស់​អាមេរិក បញ្ជាក់​ថា សហរដ្ឋ​អាមេរិក នឹង​បន្តគម្រោង​ជា​ច្រើន ដើម្បី​គាំពារ​ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​គម្រោង​ខាង​សុខាភិបាល កសិកម្ម​ ការ​បោសសម្អាត​មីន និង​ការ​លើកកម្ពស់​អង្គការ​ស៊ីវិល​ជាដើម។

សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែក​ជា​ទឺក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សុខុមាលភាព​សង្គម សេដ្ឋកិច្ច​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​បើ​ផ្អែក​តាម​សេចក្តី​ថ្លែងការណ៍​ដដែល៕

XS
SM
MD
LG