នៅក្រោយបរិយាកាសនៃការអបអរសាទរនៅពេលបង្ហូតទង់ជាតិស.រ.អានៅឯស្ថានទូតស.រ.អាក្នុងក្រុងឡាហាវ៉ាន ប្រទេសគុយបាមក ក៏មានការនិយាយស៊កសៀតឆ្លើយឆ្លងគ្នារវាងលោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry និងសមភាគីពីប្រទេសគុយបាអំពីសិទ្ធិមនុស្ស។
ការឆ្លើយឆ្លងគ្នានេះបង្ហាញឲ្យឃើញច្បាស់ថា នៅពេលដែលមានការបើកបណ្តាញថ្មីៗនៃការទាក់ទងគ្នារវាងប្រទេសទាំងពីរដើម្បីពិភាក្សាគ្នាអំពីការខ្វែងគំនិតគ្នាក៏ដោយ ក៏ការដោះស្រាយការខ្វែងគំនិតគ្នាទាំងនេះមិនមែនជាការងាយស្រួលទេ។
ដោយបានទទួលគំនាបសង្កត់ពីក្រុមអ្នកគាំទ្រសិទ្ធិមនុស្ស និងក្រុមអ្នកប្រឆាំងខាងនយោបាយនៅក្នុងប្រទេស លោក Kerry បានគូសបញ្ជាក់អំពីបញ្ហានេះនៅក្នុងសន្និសីទកាសែតរួមមួយជាមួយលោករដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodriguez ដែលបានធ្វើឡើងបន្ទាប់ពីពីធីបង្ហូតទង់ជាតិនោះ។
លោក Kerry បានមានប្រសាសន៍ថា ប្រទេសគុយបា «អាចបានផលប្រយោជន៍ប្រសើរបំផុតតាមរយៈលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទីដែលប្រជារាស្ត្រមានសេរីភាពក្នុងការជ្រើសរើសមេដឹកនាំពួកគេក្នុងការនិយាយស្តីបញ្ចេញមតិ និងក្នុងការគោរពសាសនាពួកគេ ទីដែលការប្តេជ្ញាដល់យុត្តិធម៌ខាងសេដ្ឋកិច្ច និងខាងសង្គមអាចសម្រេចបានដោយពេញលេញ ទីដែលស្ថាប័ននានាទទួលខុសត្រូវដល់ពួកជនដែលពួកគេបម្រើ និងទីដែលសង្គមស៊ីវិលមានឯករាជ្យភាព និងបានត្រូវអនុញ្ញាតឲ្យរីកចម្រើន»។